ទីបំផុតប៉ូលិសទំនើង ឈាន ពិសិដ្ឋ ត្រូវបានក្រសួងមហាផ្ទៃ អនុវត្តតាមច្បាប់ហើយ

ចេញផ្សាយដោយ ៖ អង្គភាព CSN

បន្ទាយមានជ័យ ៖ ​ទីបំផុតប៉ូលិសទំនើង ឈាន ពិសិដ្ឋ ក្រោយ​ការ​ប្រព្រឹត្ត នូវទង្វើដ៍​ធ្ងន់ធ្ងរ បាន​ប្រើប្រាស់​អាវុធ​ខ្លីរបស់ខ្លួន បាញ់បោះ​ខុសច្បាប់ ប៉ុនប៉ងមនុស្សឃាត ទៅលើ លោក​វរសេនីយ៍ត្រី សេម មករា ជា​នាយផ្នែក​រដ្ឋបាល ​នៃ​ប៉ុស្តិ៍នគរបាល​ ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៧​ រួចមក លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ដែលមានអត្តលេខ​៥៤៥៤៥ នាយរង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នាយកដ្ឋាន​ច្រកទ្វារ​ទី​១ ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ត្រូវបាន​ក្រសួងមហាផ្ទៃ ​អនុវត្ត​វិន័យ​ហើយ ដោយ​​ដកហូត​មុខតំណែង ឋានន្តរស័ក្តិ និង​បណ្តេញចេញ​ ពី​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ នៃ​ក្រសួងមហាផ្ទៃ និង​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់ ។​

យោងតាម​ប្រកា​សលេខ​៩៧៦​ប្រក ចុះ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៧​ របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការបណ្តេញចេញ​ពី​ក្របខ័ណ្ឌ​ នគរបាលជាតិ​ ចំពោះ​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បានបញ្ជាក់​ឲ្យ​ដឹងថា ប្រាក់បៀវត្សរ៍ និង​របប​ឧបត្ថម្ភ​ផ្សេងៗ​ ត្រូវបាន​កាត់ផ្តាច់ និង​លុប​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ចាប់ពី​ខែមេសា ឆ្នាំ​២០១៧ នេះ​តទៅ ។​

​ពាក់ព័ន្ធ​នឹង​អំពើ​បាញ់ប្រហារ ​របស់លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ទៅ​លោក​វរសេនីយ៍ត្រី សេម មករា កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៧ ​កន្លងមកនេះ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ ភាគច្រើន សម្តែង​នូវ​ការសោកស្តាយ ​ដោយ​ជា​បទល្មើស​ជាក់ស្តែង ប៉ុន្តែ​បែរជា​ ប៉ុស្តិ៍នគរបាល​ ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ បណ្ដោយ​ឲ្យ​ជនដៃដល់​ ដើរចេញយ៉ាងសុខស្រួល ដូចគ្មានរឿងអ្វីកើតឡើង ទៅដេកសម្ងំ​នៅផ្ទះ ​យ៉ាង​រំភើយ មិន​អនុវត្តនីតិវិធី​ ចាប់​ឃាត់ខ្លួន​ភ្លាមៗ​អនុវត្តតាម​វិធានការ​ច្បាប់ ដូច​ទុក​ឱកាស​ ឲ្យ​ជនដៃដល់​បាន​រត់គេចខ្លួនផងដែរ ហើយ​ទើប​ម្នីម្នា​ ស្វែងរក​តាម​ចាប់ខ្លួន ​យកមក​ផ្តន្ទាទោស​ទៅវិញ ។

​ទោះយ៉ាងណា​ក៏ដោយ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ភាគច្រើន ​បាន​សម្តែង​នូវ​ការគាំទ្រ ​ចំពោះ​ចំណាត់ការ ដ៍​ក្តៅគគុក​ ទៅលើ​ប៉ូលិស​ទំនើង ឈាន ពិសិដ្ឋ ក្រោមរូបភាព​ដកហូត​មុខតំណែង ឋានន្តរស័ក្តិ និង​លុបឈ្មោះ ចេញពី​ក្របខ័ណ្ឌ​ មន្ត្រី​នគរបាលជាតិ ព្រមទាំង​បញ្ជូន ជនដៃដល់​ទៅកាន់​តុលាការ ​ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់ផងដែរ៕​ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: