រាជធានីភ្នំពេញ ៖ រថយន្តឡិច ស៊ីសRX-300 មួយគ្រឿងរបស់តារាសម្តែងពេជ្រ អាវីហ្សា ត្រូវជនសង្ស័យ លួច យកទៅបាត់ខណៈចាក់សោ ចតចោលនៅតាមចិញ្ចើមផ្លូវហើយចូលទៅញាំស៊ុប ។ ហេតុការណ៍នេះ បង្កឱ្យ មានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៨យប់ ថ្ងៃទី១៣ តុលា ២០១៤ នៅចំណុចមុខ ហាងស៊ុប << យីហោ ស៊ុបគោ៤០>> ផ្លូវ៦៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីម្ចាស់រថយន្តឈ្មោះពេជ្រ អាវីហ្សាបានឱ្យដឹងថា នៅមុនពេលកើតហេតុប្អូនរបស់នាង បានយក រថយន្តរបស់នាងម៉ាកឡិច ស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Y-2892 ដឹកក្រុម គ្រួសារ ទៅញាំស៊ុប នៅកន្លែងកើតហេតុខាងលើ ដោយនាងមិនបាន ទៅជាមួយទេ។ ខណៈធ្វើដំណើរមក ដល់មុខហាងស៊ុប ខាងលើប្អូនរបស់នាង បានចតរថយន្តចាក់សោ ចោលនៅ ចិញ្ចើមផ្លូវទល់ មុខហាង ស៊ុប ខាងលើរួចក៏នាំគ្នាដើរ ចូលហាងស៊ុបនោះ។ ពេលដែលក្រុម គ្រូសាររបស់នាង ចេញមកពី ហូបស៊ុបវិញ នោះ ក៏មិនឃើញរថយន្ត នៅកន្លែងចត ក៏មានការភ្ញាក់ផ្អើលឆោឡោឡើងតែម្តង ។ បន្ទាប់មកប្អូន របស់នាង បានទូរស័ព្ទថាបាត់ រថយន្តមិនឃើញ រូបនាងក៏ប្រញាប់ មកកន្លែងកើតហេតុ ក្នុងនោះ សមត្ថកិច្ច មូលដ្ឋាន ក៏បានចុះមកពិនិត្យ កន្លែងកើតហេតុដែរ ។
ក្រោយពេលកើតហេតុនារីម្ចាស់រថយន្តបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទី១ ដើម្បីឱ្យ សមត្ថកិច្ចជួយ ស្រាវរករថយន្តខាងលើមកវិញ។
ទាក់ទិននឹងករណីនេះសមត្ថកិច្ចមិនទាន់សន្និដ្ឋានថាជាករណីអ្វីនៅឡើយទេ ពីព្រោះថារឿងនេះវាអាច ជាប់ពាក់ព័ន្ធ និងរឿងរ៉ាវផ្សេងៗទៀត តែទោះជាយ៉ាងណា សមត្ថកិច្ចនិងស្រាវជ្រាវស្វែងរក រថយន្តខាង លើនេះ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព