នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទៅទទួលសពទាហាន មួកខៀវកម្ពុជាចំនួន៤ រូប ដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសអាហ្រ្វិកកណ្តាល នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្រោយពីពិធីសាសនា និងពិធីទទួលសពជាផ្លូវការដោយប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជាហើយ សពវីរៈទាហានមួកខៀវកម្ពុជាទាំង៤រូប ត្រូវបានរៀបចំដឹកទៅកាន់លំនៅឋានរបស់សពរៀងៗខ្លួន ដែលស្ថិតនៅរាជធានីភ្នំពេញ (១) ខេត្តពោធិ៍សាត់(១) ខេត្តសៀមរាប (១) និងខេត្តស្វាយរៀង (១)។ ពិធីដង្ហែរសព នេះគឺអមដោយកម្លាំងអាវុធហត្ថជាច្រើននាក់ និងកម្លាំងនគរបាលឈរយាមតាមផ្លូវបណ្ដាក់គ្នាផងដែរ។
នៅក្នុងពិធីទទួលសពនោះ គឺមានការរៀបចំជាក្បូនត្រែទ័ព ដោយក្រសួងការពារជាតិ ដើម្បីផ្តល់កិត្តិយសទទួលឱ្យសក្តិសមទៅនឹងការលះបង់ដ៏អង់អាចក្លាហានរបស់កងទ័ពយើងក្នុងបុព្វហេតុជាតិមាតុភូមិ និងបុព្វហេតុថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិនៅក្នុងប្រទេសដែលកំពុងមាន សង្រ្គាម។ មុននឹងអញ្ជើញទទួល និងគោរពវិញ្ញាណក្ខន្ធដល់សពវីរទាហានទាំង៤រូប ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជួបសំណេះសំណាលជាមួយគ្រួសារសព និងបានសម្តែងនូវក្តីសោកស្តាយយ៉ាងខ្លាំងចំពោះការ បាត់បង់វីរៈទាហានដ៏ឆ្នើមរបស់កម្ពុជា។
សូមបញ្ជាក់ថា ទាហានមួកខៀវកម្ពុជា៤រូបគឺបានពលីជីវិតនៅប្រទេសអាហ្រិ្វកកណ្តាល ក្នុងពេលបំពេញបេសកជាមួយអង្គការសហប្រជាជាតិ (UN) កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ក្នុងនោះរួមមាន:៖១-ពលបាល ឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរ ប៊ុលដូស៊ែរ, ២-អនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, ៣- ពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអេស្ការវ៉ាទ័រ និង ៤- អនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។
កម្ពុជាសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងសូមវិញ្ញាណក្ខន្ធនៃសពបានចាប់បដិសន្ឋិនៅស្ថានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕