ដឹកសាំងចំណេញតិចពេក ប្ដូរមកដឹកគ្រញូងវិញ មិនចំណេញទៅជាដាច់ចំណង ជាប់ខ្នោះរបស់«PM»ថៅកែរួចខ្លួន

ដោយ គង់ ករណា ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណៃិជ្ជកម្ម 097 777 6000

ខេត្តប៉ៃលិន ៖ រថយន្តដឹកសាំង១គ្រឿង ខុសប្រក្រតី ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តប៉ៃលិន សហការជាមួយ កម្លាំងកងរាជអាវុធហត្ថ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដេញតាមប្រមាញ់ ពីភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រហូតដល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ទើបឃាត់រថយន្តបាន ធ្វើការត្រួតពិនិត្យ ឃើញសុទ្ធតែឈើគ្រញូង នៅក្នុងស៊ីទែនសាំងតែម្ដង។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នេះ ស្ថិតនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ប្រភពព័ត៌មាន ពីមន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ថាមានក្រុមឈ្មួញលួចបង្កប់ឈើគ្រញូងជាច្រើនដុំ នៅក្នុងធុងសាំង (ស៊ីតែន) រថយន្តដឹកប្រេងសាំង១គ្រឿង ទើបកម្លាំអាវុធហត្ថ សុំយោបល់ ពីព្រះរាជអាជ្ញា អមមសាលាដំបូង ខេត្តប៉ៃលិន ធ្វើការដេញតាមឆ្មក់ ឆែកឆេររថយន្តនោះ ចាប់
តាំងពីភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពបន្តទៀតថា ខណៈពេលនោះ គេមិនឃើញមានឈើប្រណីត អ្វីតាមសេចក្តីរាយការណ៍នោះទេ ព្រោះក្នុងធុងសាំង (ស៊ីតែន) ដែលគេបង្កប់នោះ បិទយ៉ាងជិតឈឹង បំបាំងភ្នែកសមត្ថកិច្ច ធ្វើឲ្យរកមិនឃើញ លុះរថយន្តជនល្មើស បើកបរចេញដំណើរ ពីខេត្តប៉ៃលិន ឆ្ពោះទៅខេត្តបាត់ដំបង ទើបទទួលដំណឹង ពីភ្នាក់ងារថារថយន្តហ្នឹងហើយ ដែលដឹកឈើគ្រញូង ចេញពីខេត្តប៉ៃលិន ទើបកម្លាំងកងរាជអាវុធហត្ថ ស្រុករតនមណ្ឌល ធ្វើការចាប់ឃាត់ ដើម្បីឆែកឆេរ ស្រាប់តែឃើញឈើក្រញូងទាំងនោះតែម្តង ។

ប្រភពដដែលបានបន្តទៀតថា រថយន្តដឹកជញ្ជូនឈើគ្រញូងនោះ ប្រភេទរថយន្តកូរ៉េ មានស៊ីតែនសាំងពីក្រោយ ដោយពាក់ស្លាកលេខ ភ្នំពេញ 3B 2606 ពណ៌ខៀវ លាយស (រថយន្ដដឹងសាំង) និងឃាត់ខ្លួនមនុស្ស២នាក់ រួមមាន ទី១.ឈ្មោះ យឹម ភាព ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នកបើកបររថយន្ត រស់នៅភូមិ សង្កែជ្រុំ ឃុំខ្ទុមក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី២.ឈ្មោះ ហុក ប៊ុន ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកបើកបររថយន្តដែរ រស់នៅភូមិ ត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថ បានធ្វើការប្រគល់វត្ថុតាង ឈើគ្រញូង ចំនួន៩២ដុំ ស្មើនឹង១៧២២ គីឡូក្រាម រថយន្តស៊ីទែនសាំង១គ្រឿង នឹងសង្ស័យ២នាក់ បញ្ជូនទៅជំនាញរដ្ឋបាលព្រៃឈើខេត្តប៉ៃលិន ក្រោយពីជំនាញរដ្ឋបាលព្រៃឈើសាកសួរបន្ត រួចក៏បញ្ជូនឈើគ្រញូង និងរថយន្តនោះ ទៅដាក់ក្នុងឃ្លាំង តុលាការ ខេត្តប៉ៃលិន ហើយកំពុងសាកសួរ រកមេឈ្មួញ ដែលមានទីលំនៅ ខេត្តបាត់ដំបង ព្រមទាំងកសាងសុំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទាំង២នាក់ ទៅតុលាការឱ្យចាត់ការបន្ដតាមនីតិវិធីច្បាប់។

ពាក់ព័ន្ធករណីខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើងថា ការរកស៊ីឈើគ្រញូង បង្កប់ក្នុងរថយន្តនេះ មានរយៈពេល ជាយូរខែ ឆ្នាំមកហើយ ដោយគេជួលកម្មករឆ្លងដែនខុសច្បាប់ ពីខេត្តប៉ៃលិន និងខេត្តនានា ជាច្រើនទៀត ឲ្យឆ្លងដែន ទៅលួចកាប់ឈើនៅក្នុងប្រទេសថៃ ហើយកាលពីពេលថ្មីៗ កន្លងមកនេះ កម្មករឈើគ្រញូង ចំនួន២នាក់ ត្រូវថៃចាប់ឃាត់ខ្លួន បញ្ជូនទៅដាក់គុក នៅប្រទេសគេ ។ ចំណែកអ្នកខ្លះទៀត ត្រូវបានថៃដេញបាញ់ របួស នឹងស្លាប់ និងបាត់ខ្លួនរហូតមកដល់សព្វថ្ងៃនេះ មិនទាន់ឃើញត្រឡប់ មកជួបជុំឪពុកម្តាយ បងប្អូន ប្រពន្ធកូន នៅឡើយទេ៕ ដោយអ្នលប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: