ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនរក់ទំនងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តស្ទឹងត្រែង ៖ យោងតាម បណ្ដាញព័ត៌មាន ក្នុងស្រុកមួយចំនួន បានចេញផ្សាយជាបន្តបន្ទាប់ ជំវិញការបែបធ្លាយ អាថ៌កំបាំង ភាពមិនប្រក្រតី នៃអំពើពុករលួយ របស់សមត្ថកិច្ច អាជ្ញាធរ និងជំនាញ នៅក្នុងខេត្តស្ទឹងត្រែង រហូតជិត៣០ស្ថាប័ន ដែលបានពាក់ព័ន្ធ ទៅនឹងការទទួលយក នូវសំណូកសូកប៉ាន់ ពីឈ្មួញដឹកជញ្ជូនឈើ ឆ្លងកាត់ខេត្ត និងមានតួលេខច្បាស់លាស់ ក្នុងស្ថាប័ននិមួយៗ ទៀតផង។
ខាងក្រោមនេះ គឺជាចំនួនតួលេខ ដែលគេទម្លាយ ពីឈ្មួញបង់ប្រាក់ ឲ្យក្នុងនោះ សម្រាប់រថយន្ត ប្រភេទសាំយ៉ុងមួយគ្រឿង ដឹកឈើចេញពី ស្រុកសៀមប៉ាង ឆ្លងកាត់ ទីរួមខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ចំណុចចាំទទួលទិញ នៅស្រែពក រវាងព្រំប្រទល់ ខេត្តស្ទឹងត្រែង-រតនគិរី គឺ ឈ្មួញត្រូវចំណាយលុយ យ៉ាងលំអិត ដូចខាងក្រោម។
១-ត្រូវបង់លុយឲ្យអភិបាល នៃគណៈ អភិបាលស្រុកសៀមប៉ាង ក្នុង១រថយន្ត ពីមុនតម្លៃ ត្រឹម ១០០ដុល្លារ បច្ចុប្បន្ន លោក អភិបាលស្រុក តម្រូវឲ្យបង់ ១រថយន្តសាំយ៉ុង « ១៥០ ទៅ ២០០ដុល្លារ» ២-សមត្ថកិច្ចស្រុក ១០០ដុល្លារ ៣-លោក ជា សំណាង (សមត្ថកិច្ច) «១០០ដុល្លារ » ៤-ផ្នែកសឹករង «១៥ ម៉ឺនរៀល » ៥-បរិស្ថានស្រុក «៦ ម៉ឺនរៀល » ៦-បរិស្ថានខេត្ត «១៥ ម៉ឺនរៀល » ៧-នគរបាល សេដ្ឋកិច្ចខេត្ត «១៥ ម៉ឺនរៀល » ៨-អធិការ នគរបាលស្រុកសៀមប៉ាង «១០០ដុល្លារ » ទី៩-ខាងមន្ទីរអធិការកិច្ច «១៥ ម៉ឺនរៀល » ១០-តាមប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលឆ្លងកាត់ ចាប់ពីស្រុកសៀមប៉ាង ដល់ស្រែពក បង់មួយប៉ុស្តិ៍ «១០ ម៉ឺនរៀល » ទី១១-នាយផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាង «៣០ ម៉ឺនរៀល » ទី១២-នាយសង្កាត់និមួយៗ «១៥ ម៉ឺនរៀល » ១៣-នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ចាប់ពី «១០០ដុល្លារ» ឡើង (ហាងឆេងមិនទៀង ទាត់) ១៤-ទាហានព្រំដែន បូកជាមួយ យោធាខេត្តប្រចាំការនៅព្រំដែន «១២ ម៉ឺនរៀល » ១៥-នគរបាលព្រំដែន «៥០ ម៉ឺន » ១៦-តាមស្នាក់ការ មួយស្នាក់ការ «១០ ម៉ឺនរៀល » ១៧-នគរបាលសេដ្ឋកិច្ចក្រសួងបង់ ឲ្យមេប្រចាំទិស «១០ ម៉ឺនរៀល » កូនចៅឈរ រាប់ក្បាលរថយន្ត «១០ម៉ឺនរៀល » ហើយ ឈ្មោះ ហែម សុមុនី ( ហៅ ម៉ៅ ) មេនគរបាលសេដ្ឋកិច្ច ក្រសួងឈរជើងនៅទីនោះ កំណត់ ១រថយន្តយក «៣០ ម៉ឺនរៀល » ១៨-ខាងមន្ទីរកសិកម្មខេត្ត «៥០ ម៉ឺនរៀល » ១៩-សមត្ថកិច្ច ឈ្មោះ M-7 យកមួយរថយន្ត «៣០០ដុល្លារ » ក្នុងនោះឮថា ចំណាយរត់ការទៅឲ្យខាង ព្រះរាជអាជ្ញា មួយរថយន្ត« ២០ម៉ឺនរៀល » លើសពីសម័យលោក ជា ពេជ្រ មួយរថយន្តត្រឹម «១០ ម៉ឺនរៀល » ២០-សមត្ថកិច្ចក្រុង ស្ទឹងត្រែង ១រថយន្ត «៣០ ម៉ឺនរៀល » ២១- ទាហានផ្នែកចារកិច្ច មួយរថយន្ត «៥០ ម៉ឺនរៀល » ២២-ចៅហ្វាយខេត្ត មួយរថយន្ត « ២៥០ដុល្លារ » ក្នុងនោះមានមន្រ្តីខេត្ត ជាអ្នកចេញមុខ ទទួលសំណូកនេះ ហើយហាម ដាច់ខាតមិនឲ្យឈ្មួញនិយាយថា បង់លុយ ឈើឲ្យ ចៅហ្វាយខេត្តឡើយ ។
ចំពោះករណីបែបនេះ កន្លងទៅ ក៏ប្រទាញប្រទង់គ្នាជាមួយអភិបាលរងខេត្ត ព្រោះថា ខាងចៅហ្វាយខេត្តបើកភ្លើងខៀវឲ្យឈើចេញ ខាងអភិបាលរងដែលមិនបានលាភសក្ការ ក៏នាំទាហាន ទៅបង្អើលក្រុមឈ្មួញឈើ បង្កើតឲ្យមានបញ្ហាស្មុគស្មាញ ដល់ឈ្មួញឈើ ចំណាយក្រៅខ្ទង់បន្ថែម ។
ជាទូទៅក្នុងមួយយប់ៗ មានរថយន្តសាំយ៉ុងដឹកឈើពី៦ ទៅ៧គ្រឿង ឬ១០គ្រឿង ចេញពីសៀមប៉ាង ទៅស្រែពក ។ ហើយដោយ ឡែកនៅក្នុងខេត្តវិញ ក្នុងមួយថ្ងៃមានន័យថា ដឹកទាំងយប់ទាំងថ្ងៃ មានប្រមាណពី១០ទៅ១២សាំយ៉ុង ដោយគេគ្រាន់តែប្រើរូបភាព បង្កប់ឈើត្រឹមកញ្ចក់ បន្លំជាប្រភេទ រថយន្តដឹកអ្នកដំណើរ ទេសចរណ៍ ឬរថយន្តឈ្នួល ក្នុងនោះ គេបង់ឲ្យសមត្ថកិច្ច ដែល ពាក់ព័ន្ធនៅក្នុងខេត្ត ក្នុងមួយស្ថាប័ន ពី៣០ ទៅ៥០ដុល្លារ សម្រាប់១រថយន្ត (ចេញពី ខេត្តទៅកាន់ស្រែពក) ។ ហើយចំពោះសមត្ថកិច្ច មួយផ្សេងទៀត ដែលហោះ ពីគ្រហែងមេឃ ទៅប្រចាំខេត្តស្ទឹងត្រែង មានអំណាច ជាងសមត្ថកិច្ចដទៃ ប៉ុន្តែទទួលសំណូកតិចជាង សមត្ថកិច្វនៅទីនោះ ដោយក្នុងមួយរថយន្ត ចេញពីសៀមប៉ាង ទៅស្រែពក យកតម្លៃ ត្រឹមតែ «១៥០ដុល្លារ»។ ពេលខ្លះ ចេញ១០គ្រឿង គេរាយការណ៍ ដោយភូតកុហក់ ត្រឹមតែ៤ ទៅ៥គ្រឿង ប៉ុណ្ណោះ ។
ករណីរថយន្តសាំយ៉ុងដឹកឈើ ចេញពីក្រុងស្ទឹងត្រែងទាំងយប់ទាំងថ្ងៃ បង្កប់ឈើត្រឹមស្មើកញ្ចក់ សមត្ថកិច្ចដទៃ មួយរថយន្តបាន «៥០ដុល្លារ » តែសមត្ថកិច្ចពីគ្រហែងមេឃនេះ បានត្រឹមតែមួយរថយន្ត «១០ ម៉ឺនរៀល » ឬ « ៣០ដុល្លារ » ក្នុងនោះចេញ ១២រថយន្ត គេប្រាប់ត្រឹមតែ ៤ទៅ ៥រថយន្តប៉ុណ្ណោះ ខណៈពួកគាត់ខ្វះ ព័ត៌មាន នឹងកម្លាំងមានចំនួនតិច និងរអារផង ដែរក្នុងការទទួលសំណូក ។
មុខសញ្ញាឈ្មួញដឹកជញ្ជូនឈើ នៅខេត្តស្ទឹងត្រែងរួមមាន ៖ ទី១-ឈ្មោះ កាំង ទី២-ឈ្មោះទូ ទី៣-ឈ្មោះ ដុង ទី៤-ឈ្មោះ បូរី ទី៥-ឈ្មោះ ខៀន ទី៦-ឈ្មោះ គ្នី (អតីតមេការយាយព្រឿង) ។ ក្នុងចំណោមឈ្មួញទាំងនេះ ពួកគេក៏មានភារ កិច្ចបន្ថែម គឺជាអ្នករត់ការយកលុយមកបង់ ឲ្យសមត្ថកិច្ច អាជ្ញាធរ ជំនាញ ដូចការបញ្ជាក់ ខាងលើ ។ ហើយមិនតែប៉ុណ្ណោះ ឈ្មោះហែម សុមុនី នគរបាលសេដ្ឋកិច្ចក្រសួង ក៏ជាអ្នក ឃុបឃិតគ្នាជាមួយឈ្មួញខ្មែរ និងឈ្មួញ វៀតណាម លើការងាររត់ការយកលុយបង់ ឲ្យសមត្ថកិច្ច ជាលក្ខណៈចំហរ ។
អំពីពុករលួយទាំងនេះ ត្រូវបានបែកធ្លាយ ដូចបែកពាងប្រហុក ប្រហែលជាជិត ២ខែមកហើយ ខណៈហែកប្រយោជន៍ ចែកគ្នាស៊ីមិនស្មើភាព លាក់លៀម ស៊ីដាច់ គ្នាទៅវិញទៅមក ។
គេកំពុងឆ្ងល់ថា ហេតុអ្វីក៏អស់លោក ទាំងនោះយកតួនាទីភារកិច្ច បម្រើការងារ អង្គភាពជូនរដ្ឋ ទៅប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងបទល្មើស ដឹកជញ្ជូនឈើក្នុង ខេត្តស្ទឹងត្រែងនេះទៅវិញ? ដូច្នេះបើអំពើ ពុករលួយនេះ ពិតជាមានមែននោះ ឃើញថា ការយកលុយពីឈ្មួញកើតឡើងជាលក្ខណៈប្រព័ន្ធ ដែលសមត្ថកិច្ចមិនមានសមត្ថភាពបង្ក្រាប បទល្មើសព្រៃឈើ (ដេកមិនលក់…ធ្វើដេកលក់…) ។ បើទោះជាករណីខាង លើមិនទាន់ជាការពិត ដូចតួលេខ នៃអំពីពុករលួយនេះយ៉ាងណាក៏ដោយ គួរណាស់តែអភិបាលនៃគណៈអភិបាលខេត្ត ក៏ដូចជាថ្នាក់លើស្ថាប័នពាក់ព័ន្ធ ត្រូវមានវិធានការ ស្រាវជ្រាវរកឲ្យឃើញ រាល់អំពើល្មើសច្បាប់ នេះ ដើម្បីទប់ស្កាត់ រាល់សកម្មភាព កាប់បំផ្លាញប្រមូលទិញ ដឹកជញ្ជូន និងនាំឈើចេញក្រៅប្រទេស ដូចសព្វថ្ងៃនេះ? ។
ពាក់ព័ន្ធនឹងករណី គេលួចទម្លាយតួលេខ ឈ្មួញបង់លុយឲ្យអាជ្ញាធរ សមត្ថកិច្ច និងជំនាញខាងលើ CSN មិនអាចស្វែងរក ការបកស្រាយពន្យល់បំភ្ភឺ បានទេ ពីលោកអភិបាល នៃគណៈអភិបាល ខេត្តស្ទឹងត្រែង មកទល់ ថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០១៧ ដោយគ្មានលេខទូរស័ព្ទ ។
បញ្ជាក់ថា រាល់សកម្មភាព ដឹកជញ្ជូន ឈើចេញពីស្រុកសៀមប៉ាង ឆ្លងកាត់ខេត្ត ស្ទឹងត្រែង យកមកស្តុកទុកនៅចំណុចស្រែពក គឺមានឈ្មួញមួយរូប ឈ្មោះ ណាក់ (ហៅ ណាក់ក្បាលធំ) ជាសមត្ថកិច្ចដ៏មាន ឥទ្ធិពលក្នុងមុខជំនួញឈើ គាត់ជាអ្នកទទួលទិញផ្តាច់មុខ មកពីខេត្តស្ទឹងត្រែង និងមកពី បណ្តាស្រុកមួយចំនួន នៃខេត្តរតនគិរី ហើយមួយចំនួនទៀត ប្រភេទឈើគ្រញូងមកពី ខេត្តព្រះវិហារ ,ឧត្តរមានជ័យ ឆ្លងកាត់ខេត្ត ស្ទឹងត្រែង យកមកកាន់ចំណុចស្រែពកនេះ ដូចគ្នា។
សមត្ថកិច្ចខ្លះ លើកឡើងថា ងាយស្រួលបំផុត ចំពោះយន្តការលុបបំបាត់ ការដឹកជញ្ជូនឈើល្មើសច្បាប់ នៅខេត្តស្ទឹងត្រែងនេះ គឺចាប់ខ្លួនមេក្លោង ប្រមូលទិញ និងនាំចេញទៅវៀតណាម ឈ្មោះណាក់ ( ហៅ ណាក់ក្បាលធំ ) ដែលជាសមត្ថកិច្ច នៅ ខេត្តរតនគិរី ពីព្រោះថា ទាំងការប្រមូលទិញ ទាំងការកេណ្ឌប្រជាពលរដ្ឋ ចូលអារឈើ នៅក្នុងព្រៃ ឬតំបន់ឧទ្យានជាដើម ឈ្មោះ ណាក់ ( ហៅ ណាក់ក្បាលធំនេះ ) ជាមេក្លោង ចាត់ចែងលុយ ក៏ដូចជា ការដឹកជញ្ជូនទៅ ប្រទេសវៀតណាម សុទ្ធតែប្រើប្រាស់រថយន្ត ចាប់ពី៥តោនឡើងទៅ ធ្វើជាមធ្យោ បាយយ៉ាងគគ្រឹកគ្រង ករណីនេះ CSN មិនអាចទាក់ទង បានទេ ពីមេឈ្មួញឈ្មោះ ណាក់ ( ហៅ ណាក់ ក្បាលធំ ) និងជាសមត្ថកិច្ចផងនោះ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ដោយ គ្មានលេខទូរស័ព្ទ ។
គួរបញ្ជាក់ថា ចំពោះតួលេខដែលឈ្មួញ បង់លុយសមត្ថកិច្ច អាជ្ញាធរ និងជំនាញជិត ៣០ស្ថាប័ន ដូចការបញ្ជាក់ពីតម្លៃខាងលើនេះ គ្រាន់តែជាសកម្មភាពសម្រាប់ឈ្មួញ ឈើប្រើរថយន្តសាំយ៉ុង ធ្វើជាមធ្យោបាយ ដឹកជញ្ជូនឈើធ្នង់ ពីស្រុងសៀមប៉ាងឆ្លង កាត់ខេត្តស្ទឹងត្រែងប៉ុណ្ណោះ ។
ដោយមិន ទាន់គិតពីប្រភពសេដ្ឋកិច្ច បទល្មើសដឹកជញ្ជូនឈើគ្រញូង ចេញពីខេត្ត ឧត្តរមានជ័យ ខេត្តព្រះវិហារ ឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅចំណុចស្រែពកនោះផង អំពើពុករលួយបែបនេះ គួរតែអង្គភាព ប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតស្រាវជ្រាវ រកឲ្យឃើញ អ្នកមានពិរុទ្ធភាព ចំពោះការទទួលយកសំណូកការដឹកជញ្ជូនឈើ ខុសច្បាប់នេះ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់