មេឈ្មួញឈើធំៗមានដូចជា លោក ឧកញ៉ា លឹម ប៊ុនណា , ឧកញ៉ា វន់ ប៊ុនថៃ នឹង ង្វៀង ធីម៉ាយ ហៅ«យាយម៉ាយ» គេមិនសង្ឃឹមថាមានការបង្ក្រាបនោះទេ ព្រោះឈ្មួញទាំងនេះមានបង្អែកដ៍រឹងមាំ នឹងមានការស្និទ្ធស្នាលថែមទៀត..

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ឍទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ភ្នំពេញ ៖ ​កាល​លោក​ឧកញ៉ា ទ្រី ភាព ដើរតួ​ជា​ឈ្មួញ​ឈើ​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​ដ៏​ល្បីល្បាញ​នោះ គឺ​ត្រូវបាន​គេ​ដឹងថា លោក​ឧកញ៉ា ទ្រី ភាព មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ ជាមួយ​ក្រុមគ្រួសារ​ អ្នកមានអំណាចដ៍ធំម្នាក់នៅកម្ពុជា ។ ហើយ​ក្រៅពី​ លោក​ឧកញ៉ា ទ្រី ភាព ក៏​នៅមាន​ ឈ្មួញ​ឈើ​ខ្មែរ​ជាច្រើន​ទៀត ​ដែល​តែងតែ មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ ជាមួយ​មេទាហាន​ពាក់​ផ្កាយ​៤ និង​ផ្កាយ​៣​ នៅ​កម្ពុជា រួមមាន ៖ លោក​ឧកញ៉ា លឹម ប៊ុន​ណា ហៅ «​ឧកញ៉ា​ខ្នា​» ជា​ឈ្មួញ​នាំចេញ​ឈើ​ទៅ​ប្រទេស​វៀតណាម ​ប្រចាំ​ភូមិភាគ​ឦសាន​យ៉ាងសកម្ម ។

ហើយលោក​ឧកញ៉ា លឹម ប៊ុន​ណា ជា​ឈ្មួញ​ស្និទ្ធ​នឹង​ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ​ មណ្ឌល​ខេត្តកំពង់ចាម ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា (​អតីត​ចៅហ្វាយខេត្ត​ ដ៏​មាន​ឥទ្ធិពល​) ។ លើសពីនេះ លោក​ឧកញ៉ា លឹម ប៊ុន​ណា ធ្លាប់បាន​ថតរូប​ជុំគ្នា​ យ៉ាង​ស្និទ្ធស្នាល ​ជាមួយ​ឯកឧត្តម​ នាយ​ឧ​ត្ត​ម​សេនីយ៍​ ផ្កាយ​មាស​៤ សៅ សុខា  អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​នៅក្នុង​ពិធី​មួយ ។ ហើយលោក លឹម ប៊ុន​ណា ទទួលបាន​ការតែងតាំង​ ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ ​លេខ ​នស ​/​ រកត​ / ០១១១ / ០៤៨ ចុះ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១១ ។​

រីឯ​លោក​ឧកញ៉ា វន់ ប៊ុន​ថៃ ហៅ «​ឧកញ៉ា ថៃ​» ជា​ឈ្មួញ​ឈើ​ម្នាក់​ ដ៏​ល្បីឈ្មោះ ​ប្រចាំ​ភូមិភាគ​ឦសាន និង​ជា​ឈ្មួញ​ស្និទ្ធ​ នឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឧកញ៉ា ជឿន សុវណ្ណ​ថា មេបញ្ជាការរង​ កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​ យោធភូមិភាគ​២ ។ លោក​ឧកញ៉ា វន់ ប៊ុន​ថៃ ធ្លាប់មាន​ការពាក់ព័ន្ធ​ យ៉ាង​ស្និទ្ធ​ នឹង​ករណី​លួច​កប់​លាក់​ឈើ​ក្នុង​ដី​ ជាច្រើន​ដើម និង​ច្រើន​ដុំ ឋិត​នៅក្រោយ​ឃ្លាំង​ស្តុក​ឈើ និង​រោងចក្រ​កែច្នៃ​ឈើ​របស់ខ្លួន ​ក្នុងស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ (​អតីត​ខេត្តកំពង់ចាម​) ។

ឈ្មួញ​ឈើ វន់ ប៊ុន​ថៃ ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា​ ដំណាលគ្នា​ ជាមួយ​លោកស្រី នឹម គឹម​វ៉ា ជឿន សុវណ្ណ​ថា ភរិយា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឧកញ៉ា ជឿន សុវណ្ណ​ថា ដោយ​ព្រះរាជក្រឹត្យ ​លេខ​ នស ​/​ រកត​ /០៥១២/៤៩៨ ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១២ ។​

​ទោះបី​ឧកញ៉ា​ឈ្មួញ​ឈើ ​ដ៏​ល្បីឈ្មោះ​ទាំង​២​នាក់​ ប្រចាំ​នៅ​ភូមិភាគ​ឦសាន គឺ​លោក​ឧកញ៉ា វន់ ប៊ុន​ថៃ និង​លោក​ឧកញ៉ា លឹម ប៊ុន​ណា ធ្លាប់​ត្រូវបាន​ស្ថាប័ន​អយ្យការ​ អម​សាលាដំបូង​ ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ កោះហៅ​ ឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ​ ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​ព្រៃឈើ​ខុសច្បាប់​ក៏ដោយ ក៏​រហូតមក​ទល់នឹង​ពេលនេះ គ្មាន​ឧកញ៉ា​ ឈ្មួញ​ឈើ​គ្រាក់ៗ ​ណា​ម្នាក់​ត្រូវបាន​ទទួល រង​ការផ្តន្ទាទោស ​តាមច្បាប់​អ្វី​សោះឡើយ ពោល «​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​» ។​

​ដោយឡែក បើ​និយាយ​អំពី​ឈ្មួញ​ឈើ ​ជនជាតិ​វៀតណាម​ នៅលើ​ទឹកដី​ខ្មែរ​វិញ គឺ​ស្ត្រី​ឈ្មោះ ង្វៀង ធី​ម៉ា​យ ហៅ «​យាយ​ម៉ា​យ​» ក៏​ល្បីល្បាញ​ មិនតិច​តួច​ពេក​ដែរ​ ប្រចាំ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​រូបនេះ អាចមាន​ឱកាស «​ជល់​កែវ​» យ៉ាង​ស្និទ្ធស្នាល និង​យ៉ាង​ហ៊ឺហា ​ជាមួយ​មេទាហាន​ខ្មែរ​មួយចំនួន​ជាអាទិ៍ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉ែត ចាន់ថុល (​រហស្សនាម​៥១) ប្រចាំការ​នៅ​ស្រុក​អន្លង់វែង ,​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា សុភ័ក្ត្រ នាយទាហាន​បម្រើការ​ងា​រ ​នៅ​យោធភូមិភាគ​៤ ទទួល​ទិស​ទី​២​សមរភូមិ​មុខ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាន់ សុខុន ហៅ (​ការេ​២) ។​

​ទោះបី​ស្ត្រី​ឈ្មួញ​ឈើ​ ជនជាតិ​វៀតណាម​ឈ្មោះ «​យាយ​ម៉ា​យ​» ធ្លាប់​បញ្ជា​ឲ្យ​បក្ខពួក​ខ្លួន​ ប្រើ​អំពើហិង្សា​ ទៅលើ​សមត្ថកិច្ច និង​ទៅលើ​អ្នកសារព័ត៌មាន ព្រមទាំង​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ស្តុក និង​ច្រៀក​ឈើ​គ្រញូង ​របស់​ឈ្មួញ​ឈើ​រូបនេះ​ ឋិត​នៅជាប់​ព្រំប្រទល់​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​បទល្មើស​ជាក់ស្តែង ​កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧ ​កន្លងទៅ​ថ្មីៗ​ក៏ដោយ ក៏​រហូតមក​ទល់នឹង​ពេលនេះ ​អាជ្ញាធរ​ខ្មែរ ​ហាក់​ស្ទាក់ស្ទើរ​ ក្នុងការ​ចាប់ខ្លួន​ឈ្មួញ​ឈើ​ ជនជាតិ​វៀតណាម​ ឈ្មោះ «​យាយ​ម៉ា​យ​» យកមក​ផ្តន្ទាទោស​នៅឡើយ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​បញ្ចេញ​ទស្សនៈ​ថា ក្នុងករណី​ ក្រុម​ឈ្មួញ​ឈើ​ទាំង​តូច ទាំង​ធំ ទាំង​យួន ទាំង​ខ្មែរ សុទ្ធតែ​មានឱកាស​ ស្និទ្ធស្នាល «​ជល់​កែវ​» និង​ចូលរួម​ក្នុង​ពិធី​នានា ព្រមទាំង​អាច​សមគំនិត ​ចែក​ផលប្រយោជន៍​គ្នា​ ជា​ប្រព័ន្ធ​ ជាមួយ​អ្នកមានអំណាច​ ព្រោងព្រាត​នោះ គឺ​ប្រសិទ្ធភាព​នៃ​ការបង្ក្រាប់​ ទៅលើ​ក្រុម​ឈ្មួញ​ទុច្ចរិត​ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ខុសច្បាប់ នឹងមិន​អាចមាន​បាន​ឡើយ ពោល​លទ្ធផល «​សូន្យ​» ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author