ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ស្ទឹងត្រែង ៖ មន្ត្រីប៉ូលីស និងប្រជាពលរដ្ឋមួយចំនួន បាននាំគ្នានិយាយរិះគន់ ជាច្រើនឆ្នាំមកហើយ ទៅលើថ្នាក់ដឹកនាំ នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ដែលតែងតែ បានចាត់តាំង ប្រគល់អំណាច ឲ្យមន្ត្រីៗប៉ូលិសសេដ្ឋកិច្ច មួយក្ដាប់តូចរបស់ខ្លួន មានសិទ្ធិទៅគ្រប់គ្រង ត្រួតត្រា លើការបង្ក្រាបទប់ស្កាត់ បទល្មើសសេដ្ឋកិច្ច រហូតដល់ទៅកាង នឹងរត់ការបើកផ្លូវ ឲ្យឈ្មួញដឹកជញ្ញូនឈើ ដូចជាករណីលោក ហែម សុមុនី « ហៅ ម៉ៅ » ធ្វើដូចជានាយកដ្ឋាន ប៉ូលិសសេដ្ឋកិច្ចនេះ ខ្វះខាតធនធានមនុស្ស ខ្លាំងណាស់អញ្ចឹង…។
មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែង បានអំពាវនាវ ឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជា តិពិនិត្យមើល ទង្វើមិនប្រក្រតី របស់លោក ហែម សុមុនី « ហៅ ម៉ៅ » មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលកំពុងឈរជើងនៅ ក្នុងទឹកដីខេត្តស្ទឹងត្រែង ជាបន្ទាន់ផង។ ដោយ
ហេតុថា មន្ត្រីនគរបាលម្នាក់នេះ កំពុងប្រើអំណាច កាងឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ រត់ការបើកផ្លូវ ឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន និងប្រមូលលុយតាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។
ថ្មីៗនេះ មានរបាយការណ៍មួយ បានបង្ហាញយ៉ាងច្បាស់ពីភាពមិនប្រក្រតី នៃបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ខេត្តស្ទឹងត្រែង ចេញទៅស្រុកយួន ព្រោះមានមន្ត្រី និងសមត្ថកិច្ច ពុករលួយជាច្រើនស្ថាប័ន ចាំជំរិតយកលុយពីក្រុមឈ្មួញដឹកឈើ ហើយបណ្តោយឲ្យបទល្មើស បន្តកើតឡើងយ៉ាងរាលដាល។
ក្នុងចំណោមសមត្ថកិច្ចពុករលួយ ដែលចាំជំរិតយកលុយ ពីឈ្មួញដឹកឈើ មានប្រភពខ្លះ បានឲ្យដឹងថា លោក ហែម សុមុនី « ហៅ ម៉ៅ » មន្ត្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឈរជើងក្នុងខេត្តស្ទឹងត្រែងគឺជាអ្នកបោះមេ ឬជាអ្នកកាង ក្រុមឈ្មួញ ដឹកឈើយ៉ាងគឃ្លើនតែម្តង។ បញ្ហានេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគបាលជាតិ មិនគួរមើលរំលង តទៅទៀតទេ ហើយគួរតែ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឲ្យមន្ត្រីនគរបាលឈ្មោះ ហែម សុមុនី និងបក្ខពួក ធ្វើអ្វីៗតាមអំពើចត្តរបស់ខ្លួន។
បើតាមការឲ្យដឹង ពីសមត្ថកិច្ចតូចតាច និងមន្ត្រីរាជការក្នុងខេត្តស្ទឹងត្រែង បានបង្ហើបឲ្យដឹងថា ក្នុងរថយន្តសាំយ៉ុង ដឹកឈើប្រណីត១គ្រឿង បើចង់ឆ្លងផុតទឹកដីខេត្តស្ទឹងត្រែង ចូលទៅខេត្តរតនគិរី ដើម្បីចេញទៅស្រុកយួនតាមច្រកអូរយ៉ាដាវនោះ គឺត្រូវបង់លុយឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយ មិនតិចជាង៣០កន្លែងនោះទេ។ ហើយក្នុងនោះ បើឈ្មួញណាហ៊ានរំលង លោក ហែម សុមុនី « ហៅ ម៉ៅ » គឺចៀសមិនផុតពីការបង្ក្រាបឡើយ ហេតុនេះ ក្រុមឈ្មួញទាំងតូចទាំងធំ ត្រូវពឹងឲ្យលោក ហែម សុមុនី បោះមេបើកផ្លូវ ដើម្បីឲ្យរថយន្តដឹកឈើរបស់ពួកគេ បានទៅដល់គោលដៅប្រកបដោយសុវត្ថិភាព គ្មានការរំខាន នៅតាមដងផ្លូវ។
ក្រុមមន្ត្រីពុករលួយ ដែលទទួលលុយពីក្រុមឈ្មួញដឹកឈើ ត្រូវបានគេបើកកកាយមុខមាត់ ជាសាធារណៈអស់ហើយ ដូច្នេះក្រសួង និងស្ថាប័នពាក់ព័ន្ធ គួរចាត់ វិធានការ ទៅលើក្រុមមន្ត្រីពុករលួយទាំងនោះ តាមច្បាប់ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ប្រកបដោយប្រសិទ្ធភាព។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ត្រូវមជ្ឈដ្ឋាននានារិះគន់ថា មិនចាត់វិធានការទប់ស្កាត់ បទល្មើសកាប់ឈើ ក៏ដូចជា បទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ដែលកំពុងកើតឡើង យ៉ាងរាលដាលនោះទេ គឺគិតតែពីរឿងនាំគ្នាប្រមូលលុយ ដាក់ហោប៉ៅយ៉ាងសុខស្រួល។ ក្នុងនោះលោក ហែម សុមុនី « ហៅ ម៉ៅ » មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំទិសខេត្តស្ទឹងត្រែង មិនបានបំពេញតួនាទីរបស់ខ្លួន ក្នុងការបង្ក្រាប បទល្មើសសេដ្ឋកិច្ចនោះទេ ហើយបែរជាចេញមុខកាង ក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងក្រអឺតក្រទមទៅវិញ។ ដោយសារមានអំពើពុករលួយ ជាប្រព័ន្ធបែបនេះ ទើបកន្លងមកបទល្មើស ដឹកជញ្ជូនឈើខុសច្បាប់ ឆ្លងកាត់ខេត្តស្ទឹងត្រែង ចូលទៅខេត្តរតនគិរី ចេញទៅស្រុកយួន កើតឡើងយ៉ាងពេញបន្ទុក ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចពុករលួយ គិតតែពីរឿងប្រមូលលុយ ចែកគ្នាធ្វើមានធ្វើបាន យ៉ាងងងើល។
ការចោទប្រកាន់ នឹងរិះគន់ ពីពលរដ្ឋ មន្ត្រីរាជការ នឹងពីមជ្ឈដ្ឋាននានា ខាងលើនេះ អង្គភាព CSN ពុំអាចស្វែងរកការបកស្រាយបំភ្លឺ ពីលោក ហែម សុមុនី បានទេ រហូតមកទល់ថ្ងៃនេះ អង្គភាពយើង នៅមានជាច្រើនវគ្គទៀត ដែលនឹងលើកមកចុះផ្សាយ ជូនប្រិយមិត្តអ្នកអាន ជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់