ភ្នំពេញ: កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោកកឹមសុខា ដែលសព្វថ្ងៃ កញ្ញាមានតួនាទីជាអនុប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្ស សង្គ្រោះជាតិ បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួន អំពីដំណឹងនៃការបង្កើតគណបក្សថ្មីមួយ។ គណបក្សថ្មីនោះ ជាការបំបែកសំឡេងពីគណបក្សសង្គ្រោះជាតិ។
ដោយ Share វិដេអូខ្លិបរបស់យុវតារា សោភ័ណ្ឌ ឡារី អំពាវនាវកុំឲ្យកម្លាំងយុវជនគណបក្សសង្គ្រោះជាតិ បែកបាក់ កញ្ញា កឹម មនោវិទ្យា បានសរសេរថា “គណបក្សថ្មី នឹងកើតមាន ប៉ុន្តែពេលនេះ គេធ្វើជាទ្រង់ទ្រាយ “សហគមន៍តាមដានការកែទម្រង់” និងសមាគមយុវជនផ្សេងៗបណ្ដោះអាសន្ន ដើម្បីកុំអោយទទួលរងការវាយប្រហារពីមហាជនថា បំបែកសំឡេង”។
កញ្ញា បន្តថា “ពេលបោះឆ្នោតឃុំជិតមកដល់ ក្រុមនោះនឹងបង្កើតជាបក្ស ដោយយកលេសថា មកពីសង្គ្រោះជាតិ មិនបានកែទម្រង់បានសំរេច។ នេះជាសិទ្ធិក្នុងការធ្វើនយោបាយរបស់គេ គ្រាន់តែថា ធ្វើមិនបានផលនិងខូចរូបភាពសាមគ្គីរបស់អ្នកប្រជាធិបតេយ្យ ម្យ៉ាងទៀតគឺព្យាយាមទាញយកសមិទ្ធិផលរបស់សង្គ្រោះជាតិកន្លងមក ថាជារបស់ក្រុមយុវជនណាមួយ ដោយមិនបានបង្កើតសមិទ្ធិផលខ្លូនឯង។ ជាក់ស្តែង នឹងឃើញថា គ្មានក្រុមណា អាចប្រមូលពលរដ្ឋបានច្រើនបើគ្មានផ្លាកសង្គ្រោះជាតិ”។
លើបណ្តាញហ្វេសប៊ុកក្នុងរយៈពេលពីរបីថ្ងៃនេះ មានដំណឹងផ្សព្វផ្សាយថា គណបក្សថ្មី ដែលគេនិយាយថា នឹងកើតឡើងនោះ គឺលោក កែម ឡី អ្នកសិក្សាសង្គម ជាអ្នកបង្កើតឡើង។ ក៏ប៉ុន្តែមកដល់ពេលនេះ លោកកែមឡី មិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយទេ៕
ប្រភព៖ CEN.com.kh