ចេញផ្សាយថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ស្ទឹងត្រែង ៖ បើតាមការឲ្យដឹង ពីមន្ត្រីជាន់ខ្ពស់១រូប នៅក្រសួងរ៉ែ នឹងថាមពល បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ វារីអគ្គិសនីសេសានក្រោម២ ដ៏ធំជាគេ នៅក្នុងប្រទេសកម្ពុជា ហើយក៍ជាប្រវត្តិសាស្ត្រ នៅប្រទេសកម្ពុជា ដែលប្រើប្រាស់ ទុនវិនិយោគ រហូតដល់ចំនួន ៨០០លានដុល្លារ អាមេរិកនោះ និងត្រូវធ្វើពិធីបិទទំនប់ទឹកសាកល្បង មុនឈានទៅប្រារព្វ ពីធីបិទទំនប់ទឹកជាផ្លូវការ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ គឹនៅមិនដល់ រយៈពេល០៤ខែទៀតទេ វារីអគ្គិសនីដ៏ធំ ជាងគេនៅកម្ពុជានេះ នឹងចាប់ផ្តើម ដំណើរការតួប៊ីនទី១របស់ខ្លួន ។
តាមបញ្ជាក់ ពីប្រភពខាងលើ បានបន្តឲ្យដឹងថា វារីអគ្គិសនីសេសានក្រោម២ ដែលឋិត នៅខេត្តស្ទឹងត្រែង ត្រូវបានសាងសង់ នៅលើផ្ទៃដីទំហំ៣៦ ០០០ហិកតា និងមានកម្ពស់ ៨០ម៉ែត្រ ក្នុងនោះ កម្ពស់សម្រាប់ទប់ទឹក ៧៥ម៉ែត្រ និងកម្ពស់សម្រាប់ការពារ ហានិភ័យ ៥ម៉ែត្រ « នៅពេលមានកម្រិត កម្ពស់ទឹក ខ្ពស់ខ្លាំងជ្រុល » ។ ក្នុងនោះដោយប្រើប្រាស់ ទុនវិនិយោគ សរុបចំនួន៨០០លានដុល្លារ អាមេរិក រវាងក្រុមហ៊ុន វិនិយោគ មកពីប្រទេសចិន ឈ្មោះ Hydrolancang International Energy មានភាគហ៊ុន៥១% ,ក្រុមហ៊ុនខ្មែរឈ្មោះ Royal Group របស់លោកឧកញ៉ា គិត ម៉េង មានភាគហ៊ុន ៣៩% និងក្រុមហ៊ុន មកពីប្រទេសវៀត
ណាម ឈ្មោះ EVN មានភាគហ៊ុន១០% ។
បច្ចុប្បន្ន វារិអគ្គិសនីសេសានក្រោម២នេះ សាងសង់សម្រេចបាន ជាង៩០%ហើយ ដោយប្រើប្រាស់កម្លាំងពលកម្ម សរុបជាង២ ០០០នាក់ ។ ហើនៅខែតុលា ឆ្នាំ២០១៧ខាងមុខ តួប៊ីនទី១ របស់វារីអគ្គិសនី នឹងចាប់ផ្តើម ដំណើរការ អាចផលិតថាមពលអគ្គិសនី បានប្រមាណ ៥០MW និងនៅចុងឆ្នាំ២០១៨ គឺតួប៊ីនទាំង៨របស់វារីអគ្គិសនី នឹងដំណើរការ ពេញលេញ ដោយអាចផលិតថាមពលអគ្គិសនី សរុបបាន ៤០០MW ខណៈតាមការប៉ាន់ស្មាន បានឲ្យដឹងថា នៅពេលវារីអគ្គិសនីនេះ ដំណើរការពេញលេញ នឹងអាចផ្តល់ប្រាក់ចំណូលពន្ធ ចូលរដ្ឋប្រមាណ ៣០លានដុល្លារ អាមេរិកក្នុង ១ឆ្នាំ ។
អនុលោម តាមកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន វិនិយោគ វារីអគ្គិសនី សេសានក្រោម២ គឺបន្ទាប់ពី ដំណើរការអាជីវកម្ម អស់រយៈពេល៤០ឆ្នាំ នឹងត្រូវផ្ទេរ មកឲ្យរាជរដ្ឋាភិបាល កម្ពុជាគ្រប់គ្រងវិញ ។
ដំណើរការរបស់វារីអគ្គិសនី សេសានក្រោម២ ត្រូវបានក្រុមមន្ត្រីរាជរដ្ឋាភិបាល រំពឹងទុកថា នឹងអាចចូលរួមចំណែក កាត់បន្ថយតម្លៃអគ្គិសនី នៅកម្ពុជា បានយ៉ាងច្រើន ហើយក៏អាចជួយ កាត់បន្ថយ ការជាវចរន្តអគ្គិសនី ពីប្រទេសជិតខាងផងដែរ ជាហេតុធ្វើឲ្យកម្ពុជា មានឯករាជ្យភាព ខាងថាមពលអគ្គិសនី ៕