បែកធ្លាយទៀតហើយ មន្ត្រីគយតូចតាចទម្លាយរឿងលោក ឆែ សុធា ខំរកលុយតាមរបៀបពុករលួយ ដើម្បីជូនលោកមេគយធំ សម្រាប់ទប់កៅអី នឹងតំណែងខ្លាញ់របស់ខ្លួន?

ចេញផ្សាយថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

បន្ទាយមានជ័យ ​៖ ឈ្មួញរកស៊ីដឹកទំនិញ តាមរថយន្តតូចធំ ពីក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ ជាប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ គេសង្កេត
ឃើញថា៖ ការដក​លោក ថោង សុខាំ​ភូ ដាក់​លោក ឆែ សុធា គឺឌា​តែ​ខ្នូ​ច​… ដូច​តែ​គ្នា​… ។

ប្រភពពីមន្ត្រីសាខាគយ ខេត្តបន្ទាយមានជ័យ ​ដែលមិនពេញចិត្ត នូវការដឹងនាំរបស់លោក ឆែ សុធា ពួកគេ​បាន​និយាយឲ្យដឹងថា៖ បន្ទាប់ពី​លោក ឆែ សុធា បាន​ចូលមកកាន់តំណែង ​កន្លែងខ្លាញ់ ជា​ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ រយៈពេល​ប្រមាណ​ជាង ១ ឆ្នាំ​មកនេះ លោក​ប្រធាន​សាខា ឆែ សុធា បានប្រើប្រាស់​តួនាទី និង​ជំនាញ​របស់​ខ្លួន ដើម្បី​រក​ផលប្រយោជន៍ តាមរបៀបពុករលួយ ពី​ពួក​ឈ្មួញ​ទាំង​ខុសច្បាប់ នឹងត្រូវ​ច្បាប់​ ដើម្បីកើបប្រមូលលុយ ដាក់ចូលហោប៉ៅស្រងដើម នឹងមួយចំណែក ជូនទៅលោក មេគយធំ គុណ ញឹម ជាការតបស្នងសងគុណ នឹងដើម្បីរក្សាតំណែងខ្លាញ់នេះផង?។ ប្រភពបានបន្តថា ទង្វើបែបនេះ ជាការឃុបឃិតគ្នា ធ្វើឲ្យបាត់បង់ថវិកាចំណូរដ្ឋ រាប់ម៉ឺនដុល្លារ ​ក្នុង១ខែៗ?។

ប្រភពដដែល បានបន្តឲ្យដឹងទៀតថា មិនតែប៉ុណ្ណោះលោក ឆែ សុធា មិនខ្លាចក្នុងការរកលុយ តាមរបៀបពុករលួយទេ ព្រោះអីលោក ឆែ សុធា អាងខ្នងបង្អែកដ៍រឹងមាំ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា? ហេតុនេះហើយ បានជាលោក មេសាខាគយរូបនេះ ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ហ៊ានឲ្យមន្ត្រីក្រោមឱវាទ ដាក់កុងត្រូជជុះ ដើម្បីគាប​យក​លុយ ​ពីរថយន្ត​ដឹកទំនិញ​ចេញ​-​ចូល និង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូលទំនិញគេចពន្ធ​ ​នឹងទំនិញ​ខុសច្បាប់ជាច្រើន យ៉ាង​អនាធិបតេយ្យ គ្មានញញើត នឹងមិនខ្វល់ពីការរិះគន់ឡើយ?។

បើតាមប្រភពពី​ឈ្មួញ​ខ្លះ ​បានឲ្យដឹងថា ចាប់ពីច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែត រហូតមកដល់ ខេត្ត​បន្ទាយមានជ័យ ​សព្វថ្ងៃមាន​កុងត្រូលជជុះ របស់​គយ​ ក្រោមការចាត់ចែង របស់លោក ឆែ សុធា មានចំនួន ៤កន្លែង បូកទាំងការិយាល័យគយ នៅប៉ោយប៉ែត នឹងសាខាគយខេត្ត ទាំងអស់មាន ៦កន្លែង ដែលត្រូវពួកគាត់ចូលបង់លុយ?។ និងមាន​ក្រុម​គយ​ចល័ត ១​ក្រុមទៀត មាន​រថយន្ត​ប្រដេញ យ៉ាង​ប្រសេចប្រសាច ដូចជាការប្លន់អញ្ចឹង វាផ្ទុយ​ពី​បទ​បញ្ជា របស់​រាជរដ្ឋាភិបាលទាំងស្រុង។

ប្រភពបានបន្តឲ្យដឹងថា ​កុងត្រូលជជុះ​ ក្រោមការចាត់ចែងរបស់លោក ឆែ សុធា មេសាខាគយខេត្ត ទី​១ នៅគល់ស្ពាន កម្ពុជា-ថៃ ក្នុងច្រកអន្តរជាតិ ក្រុងប៉ោយប៉ែត ទី២ នៅ​ចំណុចផ្លូវ​៥០ ស្ថិតក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​ ទី​៣ នៅ​ចំណុច សាលា​ក្រហម ឃុំ​សុ​ភី ស្រុក​អូរជ្រៅ និង​​ទី​៤ នៅ​ចំណុច​ក្បែរ​ កន្លែង​លក់​ក្រ​ឡាន ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុងឃុំ​គោក​ទន្លាប់ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ។

ប្រភពពីក្រុមមន្ត្រី​គយ​តូចតាច ដែលមិនបានទទួលប្រយោជន៍ បាន​ខ្សិប​ប្រាប់​ថា ការដែល​លោក ឆែ សុធា ហ៊ាន​ធ្វើ​អ្វីៗ​ តាម​អំពើ​ចិត្ត ដោយសារ​អាង​មាន ​ឧកញ៉ា ដ៏​មាន​ឥទ្ធិពលម្នាក់​ ដែលជា​មិត្តភក្តិ? និង​មាន​លោក គុណ ញឹម អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា ធ្វើ​ជា​ខ្នងបង្អែក មិនខ្វល់ពី​បទបញ្ជា របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ឡើយ​…​?។

​គួរ​រំលឹក​ដែរ​ថា កន្លងមក សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ព្រមាន ដល់​ពួក​មន្ត្រីៗ អាងខ្នង​ទាំងឡាយ រួចមកហើយ​ថា …​សូម​កុំ​អាងខ្នង​ឲ្យសោះ​… កុំថាឡើយ ខ្នង​អ្នកឯង ពាក់​ត្រឹម​ផ្កាយ ប៉ុន្មាន​នោះ​… ទោះ​ពាក់​ដល់​លោក​ខែ ក៍ដក​បាន​ភ្លាម​ដែរ ហើយ​អ្នក​ដែល​មាន​ខ្នង ឲ្យគេ​អាង​អីនោះ ក៍​ត្រូវ​តែ​បញ្ឈប់​ដែរ​… ប្រយ័ត្ន​អស់​ខ្នង ខាន​ឲ្យគេ​អាង​… ។ ពាក្យសម្ដី​នេះ ប្រជាជន​ម្ចាស់ឆ្នោត គោរព​គាំទ្រ ១០០% ចំពោះ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សន្យា​ថា នឹង​បោះឆ្នោត​ជូន គណបក្ស ប្រជាជន​កម្ពុជា ឲ្យបាន​ឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី ដើម្បី​បាន សម្តេច​តេជោ ហ៊ុន សែន បន្ត​ធ្វើ​នាយករដ្ឋមន្ត្រី ចាប់ពី​ឆ្នាំ​២០១៨ តទៅទៀត ក្នុងគោលបំណង ចង់​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែនជួយ​ចាត់ការ​ពួក​មន្ត្រីៗ ចូលចិត្ត​អាងខ្នង ក្នុង​ការប្រព្រិត្ត អំពើ​មិន​គប្បី​ទាំងឡាយ​ឲ្យអស់ តួ​យ៉ាង​ដូច​ករណី​លោក ឆែ សុធា អាងខ្នង​មេ​គយ​ធំ​… ជាដើម​៕

ជុំវិញការបែកធ្លាយខាងលើ នឹងការលើកឡើងទាំងអស់នេះ អង្គភាព គេហទំព័រ CSN មិនអាចសុំការបំភ្លឺពីលោក គុញ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា នឹងលោក ឆែ សុធា ប្រធានសាខាគយ នឹងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បាននោះទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង រងចាំរាល់ការបំភ្លឺពីលោក គុណ ញឹម នឹងលោក ឆែ សុធា នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង: