ចេញផ្សាយថ្ងៃសុកហរ ទី២៨ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តស្វាយរៀង ៖ ថ្មីៗនេះ មានករណីភ្ញាក់ផ្អើលមួយ ដោយនិកស្មានមិនដល់ បានកើតឡើង ទៅលើក្រុមគ្រួសារស្ត្រីមេម៉ាយ នៅភូមិស្វាយក្អែរ ឃុំតាលួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ គឺបណ្ដាលឲ្យស្រីក្រមុំម្នាក់ អាយុ១៩ឆ្នាំ បម្រើការងារនៅរោងចក្រ ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ចោលម្តាយមេម៉ាយ ចំណាស់អាយុ៦៥ឆ្នាំ ក្រោយពីគ្រូពេទ្យភូមិស្ទីភ្លើង ថែមទាំងគ្មានសញ្ញាប័ត្រ បានចាក់ថ្នាំអស់ចំនួន៣ម្ជុល។
បើតាមការរៀបរាប់ ពីស្ត្រីឈ្មោះ ទិត្យ ស៊ី អាយុ៤៣ឆ្នាំ ត្រូវជាម្តាយមីង របស់ស្រីក្រមុំរងគ្រោះ បានឲ្យដឹងថា នាងក្រមុំរងគ្រោះ មានឈ្មោះ ថោង វល័ក្ខ អាយុ១៩ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង និងមានម្តាយជាស្ត្រីមេម៉ាយឈ្មោះ ទិត្យ ស៊ាន អាយុ៦៥ឆ្នាំ ។
ប្រភពពីសាច់ញាតិជនរងគ្រោះ ដែលឋិតនៅក្នុងហេតុការណ៍ បានឲ្យដឹងដែរថា នៅមុនពេលកើតហេតុ នាងក្រមុំរងគ្រោះ បានទូរស័ព្ទពីរោងចក្រ ដែលកន្លែងនាងធ្វើការ ប្រាប់មកកាន់ម្តាយថា នាងមានអារម្មណ៍ឈឺក្បាល និងថប់ដង្ហើម ។ ម្តាយឮកូននិយាយដូច្នេះ ក៏ប្រាប់តបទៅកូនវិញ ឲ្យសុំច្បាប់សម្រាក ពីការងារមួយថ្ងៃ ដើម្បីត្រឡប់មកផ្ទះផងដែរ ។ នៅវេលាម៉ោងប្រមាណជាង៤ល្ងាច ម្តាយរបស់នាងក្រមុំរងគ្រោះ ក៏បានហៅគ្រូពេទ្យក្នុងភូមិម្នាក់ ឲ្យមកមើលជំងឺកូន ហើយគ្រូពេទ្យ ក៏បានចាក់ថ្នាំតាមសរសៃ អស់ប្រមាណពាក់កណ្តាលសឺរ៉ាំង ស្រាប់តែនារីរងគ្រោះ ប្រាបើថា « រមាស់ខ្លាំងណាស់ » ។ គ្រូពេទ្យឃើញសភាព អ្នកជំងឺមិនសូវស្រួល គ្រូពេទ្យភូមិនោះ ក៏បានចាក់ថ្នាំថែមចំនួន២ម្ជុលទៀត នៅត្រង់សាច់ដុំភ្លៅសងខាង ដោយបញ្ជាក់ថា ជាថ្នាំបន្សាប ។ មួយសន្ទុះក្រោយមក ស្រាប់តែនារីរងគ្រោះ ក៏ស្ងាត់បាត់មាត់បាត់ និកស្មានថានាងរងគ្រោះ សម្ងំដេក តែការពិត នាងបានស្លាប់បាត់បង់ជីវិត តាំងពីពេលគ្រូពេទ្យភូមិស្ទើភ្លើង ចាក់ថ្នាំ២ម្ជុលបន្ថែមមកម្លេះ។
ប្រភពដដែរបានឲ្យដឹងថា បន្ទាប់ពីចាក់ថ្នាំបន្ថែម ចំនួន២ម្ជុលរួចហើយ គ្រូពេទ្យភូមិរូបនោះ ក៏បានជិះម៉ូតូគេចខ្លួន បាត់ស្រមោល ដោយបន្សល់ទុកឲ្យនារីរងគ្រោះ ស្លាប់បាត់បង់ជីវិត យ៉ាងខ្លោចផ្សាក្រៃលែង ។ ក្រោយមក តាមការរាយការណ៍ របស់ប្រជាពលរដ្ឋ គេឃើញគ្រូពេទ្យជំនាញ ក៏បានមកពិនិត្យសាកសព នារីរងគ្រោះ និងរកឃើញវត្ថុតាង ជាសម្បកថ្នាំ ដែលគ្រូពេទ្យភូមិនោះបានចាក់ នៅកន្លែងកើតហេតុផងដែរ ។
ប្រភពព័ត៌ាមាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា លោកគ្រូពេទ្យភូមិខ្វះជំនាញ ចាក់ថ្នាំបណ្ដាលឲ្យស្រីក្រមុំរោងចក្រម្នាក់ រហូតដល់ស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ ហាស់ ប៊ុនធឿន អាយុ៥៨ឆ្នាំ គ្មានសញ្ញាប័ត្រសិក្សា ពីវិជ្ជាពេទ្យអ្វីទេ គឺជាពេទ្យចេះតៗគ្នា សល់ពីសម័យប៉ុលពត ។ ហើយកន្លងមក មន្ទីរសុខាភិបាលខេត្តស្វាយរៀង ក៍ធ្លាប់ឲ្យគ្រូពេទ្យភូមិរូបនេះ ធ្វើកិច្ចសន្យា ចំនួន២ ទៅ៣ដង រួចហើយ មិនឲ្យបន្តដើរចាក់ថ្នាំអ្នកជំងឺ តាមភូមិតទៅទៀតទេ ប៉ុន្តែជនសង្ស័យរូបនេះ នៅតែចចេសរឹងរូស បន្តចាក់ថ្នាំទៀត រហូតធ្វើឲ្យមានអ្នកជំងឺស្លាប់ ដោយមិនទទួលខុសត្រូវ និងរត់យករួចខ្លួនថែមទៀត។
ហេតុការណ៍ខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាមានការប្រុងប្រយ័ត្នផង មុននឹងអញ្ជើញគ្រូពេទ្យ មកឲ្យចាក់ថ្នាំព្យាបាល ដល់កូនចៅ ដែលមានជំងឺ ខ្លាចក្រែងប៉ះ ចំគ្រូពេទ្យគ្មានជំនាញពិតប្រាកដ គឺនឹងអាចបង្ក ឲ្យមានហានិភ័យ រហូតដល់បាត់បង់ជីវិតកូនចៅ ដូចករណីខាងលើនេះ ៕