ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តបន្ទាយមានជ័យ ៖ មានសេចក្ដីរាយការ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើលទាំងព្រលឹម ក្រោមកទើបដឹងថា សមត្ថកិច្ចចុះបង្ក្រាប ជនជាតិចិនប្រុសស្រី ជាង២០០នាក់ សង្ស័យគ្មានច្បាប់ មកលួចស្នាក់នៅ ផ្ទះជួលជាប់មាត់អូរ ព្រំដែនកម្ពុជា-ថៃ ជាប់នឹងរបងកាស៊ីណូ ផ្កាយ៥ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបខាងលើ ដឹកនាំកម្លាំង ដោយឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ធាន អន្តោប្រវេសន៍ ដោយមានការសហការ ពីលោក មាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញា អមសាលាដំបួង ខេត្តន្ទាយមានជ័យ និងលោកព្រះរាជអាជ្ញារង សុខ កែវបណ្ឌិត ព្រមទាំងលោក ឱ លន ស្នងការរង ខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ច ក្រុងប៉ោយប៉ែត បានចុះធ្វើការឃាត់ខ្លួនជនជាតិចិន ដែលមករស់នៅ ក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ បានចំនួន២១៥នាក់ ស្រី៣២នាក់ ។
ក្នុងការប្រតិបត្តិការណ៍ ចុះបង្រ្កាបជនជាតិចិននេះ គឺមានការសហការ បានយ៉ាងរលួន ជាមួយមន្ត្រីនគរបាលមូលដ្ធាន បានឃាត់ខ្លួនជនជាតិចិន២១៥នាក់ ហើយស្រី៣២នាក់ ព្រមទាំងដកហូតបានឧបករណ៍ ប្រើប្រាស ក្នុងការលេងល្បែងសុីសង តាមប្រព័ន្ធអុីនធើណេត មួយចំនួនផងដែរ។
ក្រោយពីធ្វើការឃាត់ខ្លួន ជនជាតិចិនប្រុសស្រី ទាំង២១៥នាក់ ភ្លាមៗនោះ មន្ត្រីជំនាញ បានធ្វើការដឹកជញ្ជួន តាមរថយន្តក្រុង ប្រភេទ៤៥កៅអី ចំនួន៤រថយន្ត ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីធ្វើការសួរនាំបន្ថែមទៀត៕