ចេញផ្សាយ ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តមណ្ឌលគិរី ៖ តាមសេចក្ដីរាយការណ៍ ពីប្រជាសហគមន៍ការពារព្រៃឈើ បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះជំនួញឈើនៅខាងប៉ែកភូមិភាគឦសាន្ត បានកក្រើកឡើងវិញ ល្បីទូទាំងប្រទេស ក្នុងការធ្វើជំនួញ របស់មេឈ្មួញ សឹង សំអុល និង វ័ន្ធ ប៊ុនថៃ បាននឹងកំពុងធ្វើសកម្មភាពយ៉ាងមមាញឺក ក្នុងការកាប់ នឹងដឹកជញ្ជបទល្មើសព្រៃឈើ យ៉ាងពេញបន្ទុក ចេញពីព្រៃតំបន់ហាមឃាត់យ៉ាងអនាធិបតេយ្យ ហើយជ្រកក្រោមលេសឈើមានច្បាប់។
ប្រភពរាយការណ៍ បានបន្តឲ្យដឹងថា ការធ្វើជំនួញឈើបានយ៉ាងរលូន ក៍ដោយសាតែសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ បានទទួលប្រយោជន៍ ពីមេឈ្មួញឈើ ងារជាឧកញ៉ា ខាងលើនេះរួចអស់ហើយ ទើបសមត្ថកិច្ចជំនាញ ឬអាជ្ញាធរទាំងនោះ ធ្វើមិនដឹងមិនឮ នឹងមើលមិនឃើញបែបនេះ! ហើយបើទោះជាបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខំស្រេចបញ្ជាយ៉ាងណា ក៍បទបញ្ជានោះ ហាក់ដូចជាគ្មាប្រសិទ្ធភាពនោះទេ ចំពោះបទល្មើសព្រៃឈើ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែរងការកាប់បំផ្លិចបំផ្លាញ និងដឹកជញ្ជូនយ៉ាងអនាធិតេយ្យ ពីសំណាក់ជនខិលខូច មានអំណាចគ្រាក់ៗនោះឡើយ។
បើតាមប្រភព ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចតូចតាចនៅក្នុងស្រុកកោះញែក និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មកដល់ពេលនេះ មេឈ្មួញ សឹង សំអុល « ហៅឧកញ៉ា សឹង សំអុល » កំពុងតែបន្តសកម្មភាព ដឹកជញ្ជូនឈើ តាមអំពើចិត្ត គ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានចាត់វិធានការទប់ស្កាត់តាមបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន នោះឡើយ?។
ប្រភពដ៍ដែល បានឲ្យដឹងទៀតថា មេឈ្មួញ សឹង សំអុល បានធ្វើសកម្មភាព ដឹកជញ្ជូនឈើ ដែលក្រុមហ៊ុនឌីធីស៊ី ដេញថ្លៃបាន ដោយប្រើប្រាស់រថយន្តយីឌុបធំៗ ចូលទៅចម្ការម្រេច របស់ក្រុមហ៊ុន រូលបាយអូ នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ប្រភពខ្លះបានឲ្យដឹងថា ក្នុងបរិមាណឈើ ដែលមេឈ្មួញ សឹង សំអុល ដឹកជញ្ជូន គឺមានឈើខុសច្បាប់ យ៉ាងច្រើនផងដែរ ប៉ុន្តែមន្ត្រីជំនាញ សមត្ថកិច្ចពាក់ព័ន្ធ ទាំងនោះងងឹតភ្នែកអស់ទៅហើយ មើលមិនឃើញទេ?។
បើតាមប្រភព ពីក្រុមឈ្មួញឈើមួយចំនួន បានឲ្យដឹងថា ការដែលមេឈ្មួញ សឹង សំអុល បន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងពេញបន្ទុក ក្នុងខេត្តមណ្ឌលគិរី គឺដោយសារ អាងមានខ្នងបង្អែក យ៉ាងរឹងមាំ ក្នុងជួលមន្ត្រីជាន់ខ្ពស់ ដែលចាំជួយការពារ គ្រប់ពេលវេលា។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា ឈើដែលមេឈ្មួញ សឹង សំអុល ដឹកជញ្ជូនយ៉ាងពេញបន្ទុកនោះ មិនមែនជាឈើជន្លង់ម្រេច សម្រាប់យកទៅផ្គតផ្គង់ តាមសេចក្ដីត្រូវការ របស់ក្រុមហ៊ុន ចម្ការម្រេច នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីនោះទេ។
ផ្ទុយទៅវិញ ឈើទាំងនោះ ជាប្រភេទឈើសុក្រំ គគីរ ផ្ចឹក ដែលគេបំពាន កាប់ក្នុងព្រៃការពារ ព្រៃសហគមន៍ ព្រៃអភិរក្ស ហើយដឹកជញ្ជូនឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ចូលទៅតំបន់ផ្សេងៗទៀតផងដែរ។
បញ្ហានេះក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះមេឈ្មួញ សឹង សំអុល នៅតែធ្វើសកម្មភាព ដឹកជញ្ជូនឈើយ៉ាងពេញបន្ទុក ហើយគ្មានសមត្ថកិច្ចណា ហ៊ានប៉ះពាល់ឡើយ។ បើតាមឈ្មួញតូចតាចមួយចំនួន បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ ដែលមានមេឈ្មួញ សឹង សំអុល ជានាយកក្រុមហ៊ុន បានចាត់តាំងមេការឈ្មោះ « ម៉ុក » រស់នៅក្នុងភូមិទី១ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ឲ្យកេណ្ឌប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ ចូលព្រៃកាប់ឈើយ៉ាងពេញបន្ទុក។
មិនតែប៉ុណ្ណោះ ឈើដែលរងការកាប់បំផ្លាញ យ៉ាងមហន្តរាយនោះ មិនមែនជាឈើនៅក្នុងបរិវេណដីក្រុមហ៊ុនទេ ប៉ុន្តែជាឈើនៅក្នុងព្រៃការពារ ជាប់នឹងដីក្រុមហ៊ុន។ គឺមេការ របស់មេឈ្មួញ សឹង សំអុល បានប្រមូលទិញពីប្រជាពលរដ្ឋ ឈើប្រភេទសុក្រំ ក្នុង១ម៉ែត្រគូប ពី ៣៥ម៉ឺន ទៅ ៤៥ ម៉ឺនរៀល ដែលបញ្ហានេះធ្វើឲ្យបទល្មើស បំផ្លាញព្រៃឈើ ក្នុងឃុំស្រែសង្គម ស្រុកកោះញែក កើតឡើងយ៉ាងរាលដាល។
ប្រភពពីឈ្មួញដែលស្និទ្ធ នឹងមេឈ្មួញ សឹង សំអុល បានឲ្យដឹងថា ក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ កំពុងប្រើឈ្មោះមន្ត្រីជាន់ខ្ពស់ ស្និទ្ធនឹងមេដឹកនាំកំពូល ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ហេតុនេះហើយ ទើបគ្មានមន្ត្រីជំនាញ និងសមត្ថកិច្ចណាហ៊ានប៉ះពាល់។ ប្រភពប្រជា
ពលរដ្ឋ ក្នុងខេត្តមណ្ឌលគិរី បានរិះគន់ថា ក្នុងខណៈដែលមេឈ្មួញ សឹង សំអុល បន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង មិនឃើញលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក វង់ សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ចាត់វិធានការទប់ស្កាត់នោះទេ។
ផ្ទុយទៅវិញ មកទល់ពេលនេះ គេសង្កេតឃើញលោក ស្វាយ សំអ៊ាង និងលោក វង់ សុក្រសិរី ហាក់បានរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលមេឈ្មួញ សឹង សំអុល បន្តដឹកជញ្ជូនឈើខុសច្បាប់ ផ្ទុកលើសទម្ងន់ ជាហេតុនាំឲ្យខូចផ្លូវជាតិ ផ្លូវលំ នឹងស្ពានផងដែរ បែជាគ្មានការត្រួតពិនិត្យ ពីមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា ៖ ប្រហែលនាយជំនាញ និងអភិបាលខេត្តរូបនេះ ក៏ត្រូវប៉ាន់ បានសើមមាត់សើមក មិនធម្មតា ពីមេឈ្មួញ សឹង្ហ សំអុល និង វ័ន្ដ ប៊ុនថៃ ផងដែរហើយ។
យ៉ាងណាក៏ដោយ អង្គភាព CSN យើង កំពុងព្យាយាមទាក់ទង មន្ត្រីនៅខុទ្ទកាល័យសម្តេច ហ៊ុន សែន ដើម្បីសុំការបកស្រាយ ឬ បញ្ជាក់ទាក់ទង ព័ត៌មានខាងលើនេះ ។ ប៉ុន្តែមកដល់ពេលនេះ អង្គភាព CSN ពុំទាន់អាចទំនាក់ទំនង បាននៅឡើយ ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់