ចេញផ្សាយ ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តព្រះសីហនុ ៖ ប្រភពរាយការណ៍ បានឲ្យដឹងថា ក្រោមការដឹកនាំរបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋ នឹងមន្ត្រីរាជការ ធ្វើការរិះគន់យ៉ាងខ្លាំងថា ចាប់តាំងពីលោក យន្ត មីន មកកាន់តំណែងជាអភិបាលខេត្ត មកទល់ពេលនេះ គេពុំដែលឃើញ លោកអភិបាលខេត្តរូបនេះ យកចិត្តទុកដាក់ ក្នុងការទប់ស្កាត់រាល់បទល្មើស ទន្ទ្រានកាន់កាប់ ដីបឹងព្រែកទប់ ដែលជាតំបន់ស្តុកទឹកស្អាត និងការទន្ទ្រាន កាន់កាប់ដីព្រៃរបស់រដ្ឋ ជាច្រើនកន្លែង ពីសំណាក់អ្នកមានលុយ មានអំណាច នៅក្នុងខេត្តព្រះសីហនុ នោះទេ។
បើយោងតាមប្រភព ពីមន្ត្រីរាជការ ក្នុងក្រុងព្រះសីហនុ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា ដីបឹងព្រែកទប់ តំបន់ស្តុកទឹកស្អាត កន្លងមកមានទំហំរាប់រយហិកតា ប៉ុន្តែបច្ចុប្បន្ន នៅសល់ប្រមាណ ១៦,៣០ហិកតែប៉ុណ្ណោះ ដោយសាតែការរំលោភបំពាន ពីសំណាក់អ្នកមានលុយមានអំណាច ហើយមន្ត្រីអាជ្ញាធរ ខេត្តព្រះសីហនុ រក្សាការស្ងាត់ស្ងៀម អង្គុយនៅតែក្នុងបន្ទប់ ធ្វើមន្ត្រីជើង១០ គ្មានវិធាការទប់ស្កាត់អ្វីទាំងអស់ និយាយឲ្យចំគឺលោក អភិបាលខេត្តរូបនេះ អសមត្ថភាព មិនអាចទប់ស្កាត់បានទេ ដូច្នេះគួរតែក្រសួងមហាផ្ទៃ ពិនិត្យឡើងវិញ នូវភាពអសកម្ម របស់អាជ្ញាធរខេត្តនេះផង។
ប្រភពពីមន្ត្រីសាលាខេត្ត បានបង្ហើបឲ្យដឹងថា ដីបឹងព្រែកទប់ បច្ចុប្បន្ន គឺត្រូវបានអ្នកមានលុយ មានណាចមួនចំនួន នៅតែបន្តទន្ទ្រាន កាន់កាប់ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន យ៉ាងគឃ្លើនពិតមែន ហើយនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ក៏មានសកម្មភាព ទន្ទ្រានកាន់កាប់ដីព្រៃ ដីបឹងរបស់រដ្ឋ យ៉ាងអនាធិបតេយ្យដែរ។ លើសនេះទៅទៀត ដីព្រៃរបស់រដ្ឋ រាប់រយហិកតា នៅលើកោះរ៉ុង ក៍កំពុងត្រូវបានអ្នកមានអំណាច នឹងមានលុយ ឃុបឃិតជាមួយអាជ្ញាធរ ប្រើរូបភាពទិញលក់ ពីប្រជាពលរដ្ឋ ដើម្បីទន្ទ្រានកាន់កាប់ យកធ្វើជាកម្មសិទ្ធ រាប់រយហិកតា ដោយពុំមានញញើតអ្វីទាំងអស់។
ក្រុមមន្ត្រីអង្គការ ក្រៅរដ្ឋាភិបាល បានឲ្យដឹងទៀតថា អ្នកមានលុយ អ្នកមានអំណាច មួយចំនួន រួមទាំងលោក តាក វណ្ណថា អតីតស្នងការនគរបាល ខេត្តព្រះសីហនុ ក៍ទន្ទ្រានកាន់កាប់ និងសាងសង់ភូមិគ្រឹះដ៏ធំ នៅក្នុងតំបន់បឹងព្រែកទប់ ហើយរហូតមកដល់ពេលនេះ អាជ្ញាធរខេត្តព្រះសីហនុ ដែលមានលោក យន្ត មីន ជាអភិបាលខេត្ត និងក្រសួងពាក់ព័ន្ធ គ្មានចំណាត់ការអ្វីទាំងអស់។ ប្រការនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ អស់ជំនឿលើមន្ត្រីអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់បទល្មើស ទន្ទ្រានកាន់កាប់ដីបឹងព្រែកទប់ ព្រោះជារឿងឥតន័យ។
តាមការលើកឡើង ពីមន្ត្រីសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា កន្លងមកផ្ទៃដី តំបន់បឹងព្រែកទប់ទាំងមូល មានទំហំប្រមាណ ២៧០ហិកតា សម្រាប់ស្តុកទឹកសាប បម្រើសេចក្ដីត្រូវការ ក្នុងខេត្តក្រុងព្រះសីហនុ ហើយជាកន្លែងសម្រាប់រងទឹកភ្លៀង រំដោះទឹកជន់លិចក្រុងព្រះសីហនុផងដែរ។ ប៉ុន្តែផ្ទៃដីតំបន់ព្រែកទប់បច្ចុប្បន្ន ត្រូវអ្នកមានលុយ អ្នកមានអំណាច ទន្ទ្រានកាន់កាប់ស្រេចតែអំពើចិត្ត។ ប្រភពបានបន្តថា តំបន់នេះកាលពីជំនាន់លោក សាយ ហាក់ និងលោក ស្បោង សារ៉ាត ធ្វើជាអភិបាលខេត្តព្រះសីហនុ ព្រោះតែមានការឃុបឃិតគ្នាជាប្រព័ន្ធ ព្រោះតែផលប្រយោជន៍ ហើយក៏បានចេញប្លង់កម្មសិទ្ធិ ឲ្យបុគ្គលមួយចំនួន កាន់កាប់ដីក្នុងតំបន់នេះដែរ។ រហូតមកដល់ជំនាន់លោក យន្ត មីន ធ្វើជាអភិបាលខេត្តព្រះសីហនុ គឺដីបឹងព្រែកទប់ នៅតែប្រឈម នឹងការទន្ទ្រានកាន់កាប់ ជាបន្តបន្ទាប់ ព្រោះមន្ត្រីអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ មិនអាចចាត់វិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពទេ។
មកទល់ថ្ងៃនេះ នៅតែមានសេចក្ដីរាយការណ៍ ពាក់ព័ន្ធសកម្មភាព ទន្ទ្រានយកដីបឹងព្រែកទប់ នឹងដីព្រៃរបស់រដ្ឋជាច្រើនកន្លែង ពីសំណាក់ អ្នកមានលុយ មានអំណាច បន្តទន្ទ្រានកាន់កាប់ធ្វើជាកម្មសិទ្ធដដែរ។ ជុំវិញករណីនេះ អង្គភាព CSN ពុំអាចស្វែងរកការបកស្រាយបំភ្លឺ ពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានទេ ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់