ចេញផ្សាយ ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តក្រចេះ ៖ ក្រោយពីបទល្មើសព្រៃឈើ នៅខេត្តរតនគិរី មានសភាពស្ងប់ស្ងាត់ បែជាមកផ្ទុះឡើងកក្រើក នៅស្រុកស្នួល ខេត្តក្រចេះ ខណៈអាជ្ញាធរថ្នាក់ស្រុក នឹងថ្នាក់ខេត្ត ព្រមទាំងជំនាញ ចាប់ពីនាយខណ្ឌ រហូតដល់នាយសង្កាត់ ធ្វើមិនដឹងមិនឮ សង្ស័យមានទទួលលក្ខខណ្ឌអ្វីមួយ ពីមេឈ្មួញឈើទាំងនោះហើយ ទើបមើលមិនឃើញ សកម្មភាព ឈ្មួញដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង តាមម៉ូតូ រថយន្តសាំយ៉ុង រថយន្តយីឌុប ទាំងថ្ងៃទាំងយប់ ដូចហែបុណ្យកឋិនបែបនេះ។
ជាក់ស្ដែងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ម្សិលមិននេះ រថយន្តយីឌុប១គ្រឿង គ្មានស្លាកលេខ ដឹកឈើប្រណិត ពេញព្រៀប ដែលគេស្គាល់យ៉ាងច្បាស់ថា ជារថយន្តរបស់ មេឈ្មួញឧកញ៉ា លក្ខ បម្រុងឆ្លងដែន ទៅប្រទេសវៀតណាម តាមច្រកត្រពាំងស្រែ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ តែបានមកឈប់នៅជិតច្រកត្រពាំងស្រែ ប្រមាណ៣គីឡូពីមាត់ច្រក ទៅមុខមិនកើតដោយសាដឹកលើសទម្ងន់ច្រើពេក ធ្វើឲ្យទ្រុងរថយន្ត ហែកចង់រយះ ធ្លាយឈើមកក្រៅ ទើឈប់នៅទីនោះ រើសាងរថយន្តផ្សេង ក្រោមកបានបែកធ្លាយព័ត៌មាន ដល់អ្នកកាសែត ជាង១០០អង្គភាព ចុះទៅយកព័ត៌មាននៅទីនោះ ហើយបានទូរស័ព្ទរាយការណ៍ នឹងផ្ដល់ព័ត៌មាន ទៅគ្រប់សមត្ថកិច្ចស្ថាប័ពាក់ព័ន្ធ តែគ្មានស្ថាប័នពាក់ព័ន្ធ នឹងសមត្ថកិច្ចណាចុះទៅទេ ធ្វើការពិនិត្យទេ បានត្រឹម
តែឆ្លើយតបតាមទូរស័ព្ទថា ឈើនោះប្រហែល ឈើគេមានច្បាប់ ហើយក៍បិទទូរស័ព្ទតែម្ដង។
ប្រភពពីមន្ត្រីអាជ្ញាធរ បម្រើការងារនៅស្រុកស្នួល ដោយបានដាក់លក្ខខណ្ឌ សូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សព្វថ្ងៃឈ្មួញរកស៊ីឈើឆំៗ នឹងឧកញ៉ាៗ បានមកប្រមូលផ្ដុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះនេះ ហើយរយៈពេលប៉ុន្មានថ្ងៃ កន្លងទៅនេះ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ យកទៅលក់ឲ្យឈ្មួញ នៅព្រំដែនយ៉ាងគគ្រឹកគគ្រេង។ ហើយប្រជាពលរដ្ឋមួយចំនួន ក៍បានស៊ីឈ្នួលក្នុងការដឹកជញ្ជូន ឈើតាមម៉ូតូ នឹងរថយន្តផ្សេងៗ ឆ្លងកាត់ស្រុកស្នួល ឆ្ពោះទៅតំបន់ព្រំដែន ច្រកត្រពាំងស្រែ ដែលមានឈ្មួញធំៗ ចាំទទួលទិញនៅទីនោះផងដែរ។
ប្រភពពីមន្ត្រីខាងលើ បានបន្តថា សកម្មភាពដឹកជញ្ជូនឈើ តាមម៉ូតូ តាមរថយន្តសាំយ៉ុង និងតាមរថយន្ត ជាច្រើនប្រភេទទៀត គឺបានបើកបរឆ្លងកាត់ មុខស្នាក់ការត្រួតពិនិត្យ របស់មន្ត្រីជំនាញ មុខសាលាស្រុកស្នួល និងសមត្ថកិច្ចជាច្រើនស្ថាប័ន ពុំមានការបង្ក្រាប ពីសំណាក់សមត្ថកិច្ចនឹងស្ថាប័ន ពាក់ទាំងនោះទើយ។ ដោយឡែក លោក គង់ គឹមនី ដែលជាអភិបាលស្រុកស្នួល នឹងជាគណៈបញ្ជាការឯកភាពស្រុក ដែលជាសេនាធិការឲ្យខេត្ត ក្នុងការបង្ក្រាបបទបល្មើស ក៍អាមានការពាក់ព័ន្ធ ជាមួយបទល្មើស ព្រៃឈើនេះផងដែរ គឹឈ្មួញគ្រប់លំដាប់ថ្នាក់ ទាំងតូចទាំងធំ សូម្បីតែឧកញ៉ាៗ ទៅឈរជើងធ្វើជំនួញឈើ លើទឹកដីស្នួល មិនអាចរំលង លោក គង់ គឹមនី បានទេ? ត្រូវតែមានរៀបចំកញ្ចប់ជូនគាត់ ទើជំនួញនោះស្របច្បាប់? ។
ប្រភពបានបន្តថា លោក គង់ គឹមនី អភិបាលរូបនេះ ជាអ្នកទទួលខុសត្រូវផងដែរ ក្នុងការបង្ក្រាបបទល្មើស តែលោកមិនបានយកចិត្តទុកដាក់ ក្នុងការបង្ក្រាប ទៅតាអ្វីដែលជាបទបញ្ជា របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជានោះឡើយ គឺអង្គុយតែក្នុងបន្ទប់ ម៉ាស៊ីនត្រជាក់ ធ្វើជាមន្ត្រីជើង១០ ចាំតែដល់ថ្ងៃដល់ខែ មានកញ្ចប់មកជូន យ៉ាងត្រជាក់ចិត្ត។
ថ្មីៗកន្លងទៅនេះ ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកចិត្របុរី និងស្រុកស្នួល ខេត្តក្រចេះ បានរិះគន់ចំៗថា មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបតែឈ្មួញតូចតាច ដែលមិនបង់លុយ តាមការកំណត់ តែប៉ុណ្ណោះ ចំណែកឈ្មួញធំៗ ដែលមានអ្នករត់ការបង់លុយ បើកផ្លូវជាមុន គឺគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានប៉ះពាល់ឡើយ ព្រោះខ្លាចបាត់បង់ផលប្រយោជន៍។ ប្រភពបានបន្តទៀតថា ជាក់ស្ដែងឈ្មួញឈ្មោះ ចែមុំ « ហៅម៉ាប់ » ក៏ដូចជាឈ្មួញជាមន្ត្រីយោធាឈ្មោះ ថន ប៊ុនធី « ហៅធីបាញ់ » និងឈ្មួញមានងាជាឧកញ៉ា ច្រើននាក់ទៀត មានដូចជា ឧកញ៉ា សឹង សំអុល ឧកញ៉ា លក្ខ ជាដើម។ ហើយឈ្មួញទាំងអស់នេះ នៅតែបន្តសកម្មភាព ដឹកជញ្ជូនឈើ ចេញពីស្រុកចិត្របុរី ស្រុកសំបូរ ខេត្តក្រចេះ និងពីតំបន់ព្រំប្រទល់ រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ចេញទៅស្រុកយួន ដោយគ្មានសមត្ថកិច្ច ណាទប់ស្កាត់ឡើយ។
ហេតុនេះហើយ ទើបមានការអំពាវនាវ ឲ្យរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេតាពិនិត្យមើល បញ្ហាបទព្រៃល្មើស នឹងជំនួញឈើឆ្លងដែននេះ ឡើងវិញផង ព្រោះមានសេចក្ដីរាយការណ៍ថា ក្នុងនោះមានឧកញ៉ា សឹង សំអុល ជាមេឈ្មួញ បាននឹងកំពុងយកឈ្មោះ មន្ត្រីជាន់ខ្ពស់ នៅខុទ្ទកាល័យសម្ដេច មកប្រើក្នុងការធ្វើជំនួញឈើរបស់ខ្លួញ ហើយមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងការបង្ក្រាបបទល្មើស គឹមានការឃុបឃិតគ្នាជាប្រព័ន្ធ មិនខ្វល់ពីបទបញ្ជាឡើយ ធ្វើឲ្យប្រជាពលរដ្ឋ អស់ជំនឿ ទៅលើបទបញ្ជារបស់សម្ដេច ជាហេតុនាំឲ្យខឹងគោវៃរទះ។
បើតាមប្រភព ពីសកម្មជនព្រៃឈើ និងប្រជាពលរដ្ឋ ក្នុងស្រុកសំបូរ និងស្រុកចិត្របុរី ខេត្តក្រចេះ បានឲ្យដឹងថា ក្នុងមួយយប់ៗ មានក្បួនរថយន្តដឹកឈើ ទាំងខ្សែៗ បើកបរឆ្លងកាត់ មុខស្នាក់ការត្រួតពិនិត្យ របស់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីអាវុធហត្ថ និងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចជាដើម។ ក៏ប៉ុន្តែគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណា យកចិត្តទុកដាក់ បង្ក្រាបបទល្មើស តាមតួនាទីរបស់ខ្លួននោះទេ ព្រោះពួកគេ គិតតែពីរឿងប្រមូលលុយ ដាក់ហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ជាពិសេសមេរដ្ឋបាលព្រៃឈើ ខេត្តក្រចេះ និងមេរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ ដែលឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ ចេញទៅស្រុកយួន កំពុងរក្សាភាពស្ងៀមស្ងាត់ ដើម្បីផលប្រយោជន៍ផងដែរ។
សូមបញ្ជាក់ផងដែរថា នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ យ៉ាងណានោះអង្គភាព CSN ពុំអាចស្វែងរក សុំការបំភ្លឺ ពីស្ថាប័នពាក់ព័ន្ធ នឹងលោក គង់ គឹមនី អភិបាលស្រុកស្នួល ពាក់ព័ន្ធបទល្មើស ដឹកជញ្ជូនឈើខុសច្បាប់សព្វថ្ងៃ នឹងជុំវិញការលើកឡើង ពីប្រភពមជ្ឈដ្ឋាននានា បានទេមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនង។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់