ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តរតនគិរី ៖ មានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋសកម្មជនព្រៃឈើ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ បទល្មើសកាប់ឈើ ក្នុងតំបន់កន្ទុយនាគ និងឧទ្យានជាតិវីរៈជ័យ កំពុងកើតឡើងយ៉ាងពេញបន្ទុក ហើយមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត មិនចាត់វិធាន
ការបង្ក្រាបនោះទេ។ ដោយឡែកលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈ ដែលព្រៃឈើក្នុងឧទ្យានជាតិវីរៈជ័យ កំពុងប្រឈម នឹងសេចក្ដីវិនាស។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលឃ្លាំមើលបទល្មើសបំផ្លាញព្រៃឈើ ក្នុងខេត្តរតនគិរី បានឲ្យដឹងថា ឥឡូវនេះ នៅតំបន់កន្ទុយនាគ ឧទ្យានជាតិវីរៈជ័យ មានក្រុមជនល្មើស ប្រដាប់ដោយម៉ាស៊ីនត្រង់ស៊ីន័រ យ៉ាងតិច២០០គ្រឿង ដែលកំពុងកាត់រំលំ និងអារច្រៀកឈើជាច្រើនពាន់ម៉ែត្រគូប សម្រាប់ដឹកចេញទៅស្រុកយួននៅរដូវប្រាំងខាងមុខ។ ចំណុចទីតាំង ដែលកើតមានបទល្មើស បំផ្លាញព្រៃឈើ យ៉ាងមហន្តរាយ គឺស្ថិតនៅផ្លូវបំបែក៨៨ របស់យួនចូលមកច្រក ភូមិញ៉ាង ប៉ុស្ដិ៍លេខ៤៥ របស់ឡាវ។ ចំណែកខាងប៉ុស្ដិ៍ខ្មែរ គឺប៉ុស្ដិ៍លោក ភួង ដែលយួនហៅថា ប៉ុស្ដិ៍ដូនញ៉ាសាន។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាន នៅស្រុកតាវែង និងស្រុកអណ្ដូងមាស បានឲ្យដឹងថា ឈ្មួញឈ្មោះ បច្ចុប្បន្ន មានឈ្មួញជាច្រើន កំពុងជំរុញកម្មករ ធ្វើសកម្មភាព កាប់ឈើ លក់ឲ្យក្រុមហ៊ុនយួន ចំនួន៥ ដោយជ្រកក្រោមយីហោ ក្រុមហ៊ុន យីទិន របស់ឈ្មោះ ហ៊ោង កន ជាអគ្គនាយកក្រុមហ៊ុនយួន នៅក្នុងខេត្តកន្ទុម។
មន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកតាវែង និងស្រុកអណ្ដូងមាស បានឲ្យដឹងថា មន្ត្រីបរិស្ថាន ការពារតំបន់កន្ទុយនាគ ឧទ្យានជាតិវីរៈជ័យ គឺជាអ្នកឃុបឃិត ឲ្យឈ្មួញទាំងនោះ កាប់ឈើនៅក្នុងតំបន់នេះ យ៉ាងមហន្តរាយ។ បញ្ហានេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគួរមើលរំលង តទៅទៀតទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់ មុនពេលឧទ្យានជាតិវីរៈជ័យ ក្លាយជាវាលរហោស្ថាន។ ប្រសិនបើគ្មានការទប់ស្កាត់ ទាន់ពេលវេលាទេនោះ គឺព្រៃឈើនៅតំបន់កន្ទុយនាគ ឧទ្យានជាតិវីរៈជ័យ ចៀសមិនផុតពីសេចក្ដីវិនាសឡើយ ព្រោះឈ្មួញទាំងនោះ កំពុងបំផ្លាញព្រៃឈើ ដោយគ្មានញញើតអ្វីទាំងអស់។
ជុំវិញសេចក្ដីរាយការណ៍ខាងលើ អង្គភាព CSN ពុំអាចស្វែងរកការបំភ្លឺ ពីលោក ថង សាវុន អភិបាលខេត្តរតនគិរី នឹងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានទេ អង្គភាពយើងរងចាំការបកស្រាយបំភ្លឺ នៅពេលក្រោយ។ នេះគ្រាន់តែជាព័ត៌មានបឋម ព័ត៌មានលំអិតនឹងមានចេញផ្សាយ ជូនបងប្អូនមិត្តអ្នកអាន នៅពេលក្រោយ ជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់