ឈ្មួញឈ្មោះ កែវ សុងហេង ជ្រកក្រោមស្លាកក្រុមហ៊ុន « អ៊ឹមឌីអេស » របស់លោកឧកញ៉ា ទ្រី ភាព បំផ្លិចបំផ្លាញព្រៃឈើ​យ៉ាងរាលដាល

ចេញផ្សាយ ថ្ងៃច័ន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តពោធិ៍សាត់ ៖ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា
ទោះបី​លោក​ឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន អ៊ឹម ឌី អេស « MDS Group » និង​ជា​មនុស្ស​ស្និទ្ធ​ នឹង​ក្រុមគ្រួសារ​សម្តេច​ អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ជាសាធារណៈ ឈប់​ពាក់ព័ន្ធ នឹង​ករណី​ព្រៃឈើ ​នៅ​កម្ពុជា​ក៏ដោយ ក៏​សកម្មភាព​ដឹកឈើ​ អារច្រៀក​ចេញពី​រោងចក្រ ​អារឈើ​របស់​ក្រុមហ៊ុន អ៊ឹម ឌី អេស « MDS Group » តំណាង​ដោយ​ឈ្មោះ កែវ សុង​ហេង នៅ​ម្តុំ​ចំណុច​ភូមិ​អន្លង់​រាប ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ កើតមាន​ជាប្រចាំ​រៀងរាល់ថ្ងៃ ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅតំបន់នោះ បានឲ្យដឹងថា ឈ្មួញឈ្មោះ កែវ សុងហេង បានកំពុងតែធ្វើសកម្មភាព ដឹកជញ្ជូនឈើ នៅខេត្តពោធិ៍សាត់ ជាលក្ខណះទ្រង់ទ្រាយធំ ដោយជ្រកក្រោមស្លាក របស់ក្រុមហ៊ុន « អ៊ឹមឌីអេស » ដោយធ្វើសកម្មភាព ដឹកតាមរថយន្ត ប្រភេទធំៗ យីឌុបច្រើនគ្រឿង បានដឹកជញ្ជូនឈើប្រភេទ ឈើអារជារៀងរាល់ថ្ងៃ ដោយមានឯកសារ ( កំណត់ហេតុស្តីពី ) ការចុះពិនិត្យឈើអារ ប្រភេទលេខ ២ និងលេខ ៣ លើកឡើងរថយន្ត នៅក្នុងបរិវេណរោងចក្រ អារច្រៀក របស់ក្រុម ហ៊ុន « អឹមឌីអេស » ដែលមានលោក កែវ សុងហេង ជាតំណាងក្រុមហ៊ុន « អ៊ឹមឌីអេស » ដោយឆ្លងកាត់លោក ជា ហួត នាយផ្នែក រដ្ឋបាលព្រៃឈើវាលវែង និងលោក អ៊ឹម សុភី នាយសង្កាត់ រដ្ឋព្រៃឈើប្រម៉ោយ ដែលភាគច្រើនគេសង្កេតឃើញ នៅក្នុងឯកសារខាងលើនេះ មានចំនួនឈើជាង ១០០ដើម ស្មើរនឹងចំនួន ១៨ម៉ែត្រត្រីគុណ តែប៉ុណ្ណោះ។

​ប្រភពព័ត៌មាន​ខ្លះ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ប្រភព​ឈើ​អារ​ទាំងនោះ​ ត្រូវបាន​ក្រុម​ឈ្មួញ​ អារកាត់​ផ្តួលរំលំ​ នៅ​តំបន់​ព្រៃភ្នំ​នានា ជាពិសេស​ នៅ​តំបន់ដែនជម្រកសត្វព្រៃ​ ភ្នំ​សំ​កុស រួច​ដឹកតាមរថយន្តកែច្នៃ ចូលមក​រោងចក្រ ​របស់​ក្រុមហ៊ុន អ៊ឹមឌីអេស « MDS Group » ដើម្បី​អារច្រៀក និង​ដឹកជញ្ជូន​ យកទៅ​ចែកចាយ​បន្ត​ នៅតាម​បណ្តា​ខេត្ត​ ដោយ​រថយន្ត​ធុន​ធំ​ ប្រភេទយីឌុប ក្នុង​១​គ្រឿងៗ​ មិនតិចជាង​៣៥​ម៉ែត្រគូប​ឡើយ ។​

ប្រភពរាយការណ៍ បានបញ្ជាក់ថា តាមការកំណត់ របស់មន្រីជំនាញ ចំនួ១៥ទៅ ១៨ម៉ែត្រត្រីគុណ ប៉ុន្តែ ត្រូវគេប៉ាន់ស្មានក្នុង ១ រថយន្តធំនេះ មិនក្រោម ចំនួន៣៥ម៉ែត្រ ត្រីគុណនោះឡើយ ជាក់ស្ដែង ដូចឃើញរូបភាពនេះស្រាប់ រថយន្តដឹកឈើពេញ ដែលគេថតបាន នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចភ្នំចិនយំ នារសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ដូច្នេះហើយបញ្ហានេះ ត្រូវគេសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធ រវាងអាជ្ញាធរ នឹងសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ដើម្បីតែផលប្រយោជន៍ ផ្ទាល់ខ្លួន បើកដៃឲ្យឈ្មួញ បំផ្លិចបំផ្លាញព្រៃ ​ដែលសេសសល់ តាមតំបន់ព្រៃភ្នំំនានា ជាពិសេស ក្នុងតំបន់ដែនជម្រកសត្វព្រៃ ភ្នំសំកុស យ៉ាងគឃ្លើន។

តែទោះយ៉ាងណា CSN យើង ​មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ខេត្តពោធិ៍សាត់ និង​លោក កែវ សុង​ហេង តំណាង​ក្រុមហ៊ុន អ៊ឹមឌីអេស « MDS Group » ដែលមាន​លោក​ឧកញ៉ា ទ្រី ភាព ជា​អគ្គនាយក​ក្រុមហ៊ុន ពាក់ព័ន្ធ​ នឹង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ អារច្រៀក​ ចេញពី​រោងចក្រ​ អារឈើ​ក្រុមហ៊ុន អ៊ឹមឌីអេស « MDS Group » ជាប្រចាំ​នោះ​នៅឡើយ​ទេ មកដល់ថ្ងៃនេះ អង្គភាពយើង រងចាំការបកស្រាយបំភ្លឺ​ ពីតំណាងក្រុមហ៊ុន នៅពេលក្រោយ ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author