លោក ពេជ្រ សារ៉េន អធិការនគរបាលស្រុកសំពៅលូន រងការិះគន់ពីប្រជាពលរដ្ឋ ថាបានរក្សាទុកវង់ល្បែងឈ្មោះ សំណាង ថ្នូរនឹងផលប្រយោជន៍..?

ចេញផ្សាយ ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តបាត់ដំបង ៖ មានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់ កំពុងកើតមានល្បែងស៊ីសងជាច្រើន មានដូចជា កត់កន្ទុយលេខសៀម នឹងយួន បៀរ អាប៉ោង ជាពិសេសនោះ សង្វៀនបញ្ជល់មាន់ ដែលមានម្ចាស់សង្វៀនឈ្មោះ សំណាង ជាមន្ត្រី​យោធា​ តំបន់​ប្រតិបត្តិការ​សឹក​រង​ ស្រុកសំពៅ​លូន បានបើកលេងយ៉ាងគគ្រឹកគគ្រេង ភ្នាល់ដាក់លុយចាញ់ឈ្នះ រាប់ពាន់ រាប់ម៉ឺនដុល្លារ ក្នុង១គូៗ ហើយពុំមានសមត្ថកិច្ចណា ហ៊ានទៅក្បែរឡើយ។

ប្រភពពីប្រជាពលរដ្ឋ នៅភូមិព្រះស្រែ ឃុំតាស្ដា បានឲ្យដឹងថា វង់ល្បែងស៊ីសង របស់ឈ្មោះ សំណាង មិនមែនមានតែសង្វៀនបញ្ជល់មាន ​តែមួយកន្លែងនេះទេ គឺឈ្មោះ សំណាង នឹងបក្ខពួកបានបើកវង់ល្បែង ​ភ្នាល់​ផ្សេងៗ​ នៅ​នឹង​ផ្ទះ​ក្នុងភូមិ​អូរ ឃុំ​សន្តិភាព បើកលេងទាំងយប់ទាំងថ្ងៃ មិនដែលមានការរំខាន ពីសមត្ថកិច្ចម្ដងណាទេ មិនដឹងថា សមត្ថកិច្ចខ្លាចអំណាច លោក សំណាង ដែលជាមន្ត្រីយោធា តំបន់​ប្រតិបត្តិការ​សឹក​រង​ ស្រុកសំពៅ​លូន ឬក៍ជាឆ្នាំងបាយ របស់សមត្ថកិច្ចនោះទេ បានជាគ្មានការបង្ក្រាបបែបនេះ។

បើតាមប្រភព ពីអ្នកចូលលេងបញ្ជល់មាន់ បានបញ្ជាក់ឲ្យដឹងថា សង្វៀនជល់មាន់លោក សំណាង នៅក្រោយសៃឡូពោត ក្នុងភូមិព្រះស្រែ ឃុំតាស្ដា ស្រុកសំពៅលូន បានបើងលេង ​ក្នុង១​សប្តាហ៍​ ចំនួន២​ថ្ងៃ ​គឺ​ថ្ងៃ​អង្គារ និង​ថ្ងៃ​សុក្រ ក្នុង១ថ្ងៃៗ មានមាន់ជល់ពី៥គូរ ទៅ១០គូរ? ហើយក្នុង១គូៗ ចាប់ដើមផាន់ ពី១០០ដុល្លារ រហូតដល់៥០០០ដុល្លារ? ទៅតាមមាន់ល្បីមិនល្បី ។ប្រភព​ដដែល​ បានបញ្ជាក់បន្ថែមថា ពីមុន​បញ្ជល់​នៅ​ថ្ងៃ​ចន្ទ​ និង​ថ្ងៃ​ព្រហស្បតិ៍ តែ​បាន​ផ្អាក​១​រយ​:​នេះ ខណៈ​កីឡាប្រដាល់​ តាម​ទូរទស្សន៍​ ភ្នាល់​ដាក់​លុយ​ គេ​លេង​នៅ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ​ នៅផ្ទះ​ឈ្មោះ ណា​ង​។​

ពាក់ព័ន្ធ​នឹង​ករណី​ ល្បែងស៊ីសងខាងលើ របស់ឈ្មោះ សំណាង ល្បីថាបើក​វង់​ល្បែងស៊ីសង​ ពេញ​នៅ​ស្រុក​សំពៅ​លូន លោក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល ​ស្រុក​សំពៅ​លូន បាន​បកស្រាយ​ថា​ កន្លែង​បញ្ជល់មាន់​ របស់​ឈ្មោះ សំណាង នេះ បាន​បើក​ដំណើរការ​ ច្រើន​ខែ​មកហើយ មិនតែប៉ុណ្ណោះ​ រូបលោក​ បាន​ហៅ​ឈ្មោះ សំណាង និង​បក្ខពួក​ផ្សេងទៀត ​មក​ធ្វើ​កិច្ចសន្យា​ទៀតផង​ តែលោកអធិការនគរបាល ស្រុកសំពៅលូន មិនបានបញ្ជាក់ថា នឹងចាត់វិធានការបង្ក្រាប ទៅលើកន្លែងល្បែងស៊ីសងទាំងនេះ ដើម្បីភូមិឃុំមានសុវត្ថិភាពនោះទេ។

ក៍ប៉ុន្តែការបកស្រាយ ​របស់លោក ពេជ្រ សារ៉េន អធិការនគរបាល ស្រុកសំពៅលូន ប្រជាពលរដ្ឋ​បាន​រិះគន់ថា បើ​ធ្វើ​កិច្ចសន្យា​ហើយ​ វង់ល្បែង ​នៅតែ​ដំណើរការ​ដដែល គឺ​កិច្ចសន្យា​នោះ​ គ្មាន​តម្លៃ​ទេ ឬមួយមន្ត្រី​សមត្ថកិច្ច​អនុវត្តន៍​​ច្បាប់ តូច​ជាង​មន្ត្រី​យោធា​ ដែល​រំលោភច្បាប់​ យ៉ាង​គឃ្លើន​បែបនេះ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ពេលខ្លះ​មិន​ត្រឹម​តែ មាន​ប្រជាពលរដ្ឋ​ចូល​លេងល្បែង​នោះទេ គឺមាន​ទាំង​មន្ត្រី​យោធា និង​នគរបាល​ ស្លៀកពាក់​ស៊ីវិល​ ចូល​លេង​ផងដែរ ហើយក៏​មានការ​ជួបជុំ​ផឹកស៊ី​ ច្រៀង​លេង​កងរំពង​ទៀតផង នៅ​កន្លែង​បើក​ល្បែងស៊ីសង​នោះ​។

សូមបញ្ជាក់ថា ពាក់ព័ន្ធករណី បើក​ល្បែងស៊ីសង​នេះ កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង រិះគន់ថា​កាន់តែខ្លាំង​ឡើងៗ ​ព្រោះ​វង់ល្បែង​ខាងលើ​ បាន​បើក​ដំណើរការ​យូរ​មកហើយ តែ​អាជ្ញាធរ​ស្រុក​សំពៅ​លូន មិន​ហ៊ាន​បង្ក្រាប​ឡើយ ដែល​អាច​បង្កបញ្ហា​ធ្ងន់ធ្ងរ​ ទៅ​ថ្ងៃក្រោយ ជាពិសេស​ប៉ះពាល់​ដល់​ ស​ន្តិ​សុខ​សង្គម​។​

តែទោះយ៉ាងណា ពាក់ព័ន្ធបើកល្បែងស៊ីសង ខុសច្បាប់ខាងលើនេះ អង្គភាព CSN មិនអាសុំការបំភ្លឺពីលោក សំណាង ដែលប្រជាពលរដ្ឋបញ្ជាក់ថា ជាម្ចាស់សង្វៀនបញ្ជល់មានខាងលើនេះបានទេ ព្រោះគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរងចាំ បកស្រាយបំភ្លឺ ពីលោក សំណាង នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង: