ចេញផ្សាយ ថ្ងៃសៅរ ទី០២ ខែកញ្ញា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
គេនៅចាំបានថា កាលពីអំឡុងចុងខែមករា ឆ្នាំ២០១៦ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះជាណាចកហរកម្ពុជា បានចេញបទបញ្ជា ឲ្យអាជ្ញាធរ និងសមត្ថកិច្ចខេត្តពាក់ព័ន្ធ ចាត់វិធានការលើឈ្មួញ ដែលល្បីខាងដឹកជញ្ជូនឈើ ចេញទៅស្រុកយួន ក្នុងនោះក៍មានឈ្មោះមេឈ្មួញ ឧកញ៉ា សឹង្ហ សំអុល ម្នាក់ផងដែរ។
ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរ និងសមត្ថកិច្ច ខេត្តពាក់ព័ន្ធ មានដូចជា ខេត្តមណ្ឌល់គិរី ខេត្តក្រចេះ នឹងខេត្តត្បូងឃ្មុំ មិនហ៊ានចាត់វិធានការ ទៅលើមេឈ្មួញ សឹង្ហ សំអុល ដែលល្បីខាងដឹកជញ្ជូនឈើ ទៅស្រុកយួនយ៉ាងពេញបន្ទុកនោះទេ ដោយសារតែខ្លាចឥទ្ធិពល មន្ត្រីជាន់ខ្ពស់ ដែលជាខ្នងបង្អែកយ៉ាងរឹងមាំ របស់មេឈ្មួញម្នាក់នេះ។ ដូច្នេះហើយ ទើបមេឈ្មួញ សឹង្ហ សំអុល បន្តសកម្មភាពដឹកជញ្ជូនឈើ ចេញពីខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ចេញទៅស្រុកយួន តាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយគ្មានញញើតអ្វីទាំងអស់។
សមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ មេឈ្មួញ សឹង្ហ សំអុល បន្តសកម្មភាព កាប់ឈើ និងប្រមូលទិញឈើ ដឹកជញ្ជូន ចេញពីស្រុកកោះញែក និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ទាំងយប់ទាំងថ្ងៃ ហើយមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់នោះទេ។ ព្រៃសហគមន៍ ព្រៃការពារ និងព្រៃដែនជម្រកសត្វ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវប្រឈមនឹងសេចក្ដីវិនាស ដោយសារ តែមេឈ្មួញ សឹង្ហ សំអុល មានមេការចាំប្រមូលទិញឈើ ពីប្រជាពលរដ្ឋ ដើម្បីដឹកជញ្ជូនយកទៅលក់នៅស្រុកយួន យ៉ាងអនាធិបតេយ្យ។
ជាក់ស្ដែងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញនេះ ក្បួនរថយន្តយីឌុប ខ្នាតយក្សដឹកឈើ ចំនួន៦គ្រឿង របស់មេឈ្មួញ សឹង្ហ សំអុល បានសម្រុកដឹកឈើចេញពី ខេត្តមណ្ឌលគិរី ឆ្ពោះទៅខេត្តត្បូងឃ្មុំ មកដល់នៅចំណុច ភូមិសង្គមមានជ័យ ឃុំស្រែចារ្យ ស្រុកស្នួល ខេត្តក្រចេះ រថយន្ត១គ្រឿង ក្នុងចំណោមរថយន្ត៦គ្រឿង បានខូចទៅមុខលែងរួច ចំណែករថយន្ត ៥គ្រឿងទៀត បានបន្តដំណើរ ឆ្ពោះទៅខេត្តត្បូងឃ្មុំ ហើយត្រូវបានសមត្ថកិច្ច ឃាត់សួរនាំ រថយន្ត១គ្រឿង រយៈពេលជិត១ម៉ោង នៅចំណុចភូមិសំរោង ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រីឯរថយន្ត ៤គ្រឿងទៀត បានគេចផុតពីការឃាត់សួរនាំ របស់សមត្ថកិច្ច ដោយសុវត្ថិភាព ធ្វើឲ្យមានការរិិះគន់ ពីមហាជនថា សមត្ថកិច្ចគ្មានឆន្ទះបង្ក្រាប ធ្វើនេះគ្រាន់តែជាល្បិច គួសដើម្បីផលប្រយោជន៍តែប៉ណ្ណោះ។
ប្រភពខាងលើ បានដាក់ការសង្ស័យថា សកម្មភាពដឹកជញ្ជូនឈើ យ៉ាងពេញបន្ទុក របស់មេឈ្មួញ សឹង្ហ សំអុល ចេញពីស្រុកកោះញែក ចូលមកខេត្តក្រចេះ នៅតែកើតឡើង យ៉ាងគគ្រឹកគគ្រេង ប្រហែលដោយសារតែ មានការឃុបឃិត បើកដៃពីសំណាក់ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលគិតតែពីរឿងប្រមូលលុយ ដាក់ហោប៉ៅចែកគ្នា ធ្វើមានធ្វើបាន។
ដោយឡែងពាក់ព័ន្ធករណី ដឹកជញ្ជូនឈើ ឆ្លងដែនទៅលក់នៅស្រុកយួន យ៉ាងរលូន ហើយគ្មានការំខាននេះ មហាជនជាច្រើន ក៍បានដាក់ការសង្ស័យផងដែរថា ប្រហែលជា ថ្នាក់ដឹកនាំក្បាលម៉ាស៊ីនធំៗ ដូចជាខេត្តមណ្ឌល់គិរី ខេត្តក្រចេះ នឹងខេត្តត្បូងឃ្មុំ និងអស់លោកមេប៉ូលិសៗ នឹងលោកមេបញ្ជាការ ( PM ) ខេត្តនិមួយៗ ទំនងជាទទួលបានផលប្រយោជន៍ ពីមេឈ្មួញ សឹង្ហ សំអុល យ៉ាងច្រើនផងដែរ ទើបនាំគ្នាសម្ងំស្ងៀម ហើយបណ្ដោយ ឲ្យឈ្មួញរូបនេះ ដឹកជញ្ជូនឈើទៅស្រុកយួន យ៉ាងគគ្រឹកគគ្រេង ផ្គើនទៅនឹងបទបញ្ជា សម្ដេចតេជោ ហ៊ុន សែន ។
ប្រការនេះហើយ ទើបមជ្ឈដ្ឋាននានារិះគន់ថា បទបញ្ជារបស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើស រត់ពន្ធឈើទៅស្រុកយួន ក្លាយជារឿងឥតន័យ ព្រោះមេឈ្មួញ សឹង្ហ សំអុល និងឈ្មួញជាច្រើននាក់ទៀត នៅតែអាចដឹកជញ្ជូនឈើ ចេញទៅស្រុកយួន ដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាទប់ស្កាត់ឡើយ។
មកដល់ថ្ងៃនេះ អង្គភាពយើង មិនអាចស្វែងរកសំការបកស្រាយបំភ្លឺ ពីឧកញ៉ា សឹង្ហ សំអុល បានទេដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង ស្វាគមន៍ជានិច្ច រងចាំរាល់ការបកស្រាយបំភ្លឺ នៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយខាងលើនេះ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ នឹងយោងតាមប្រភព ផ្ដល់ព័ត៌មាន ព្រមទាំងឯកសាមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាននេះមិនត្រឹមត្រូវ ឬខុសការពិត សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន អាសយដ្ឋានទំនាក់ទំនង តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់