ចេញផ្សាយ ថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ថ្មីៗនេះមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលដឹងថា លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មានជាប់ពាក្យបណ្ដឹង នៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធការប្រគល់ដី ឲ្យក្រុមហ៊ុន « អិលខេអិល » ។ ជាមួយគ្នានេះមានប្រភពខ្លះ បានឲ្យដឹងថា លោក ឈួរ ច័ន្ទឌឿន ជាអភិបាលខេត្ត ដ៏អសមត្ថភាព ព្រោះបទល្មើសផ្សេងៗ ដូចជា បទល្មើសព្រៃឈើ បទល្មើសនេសាទ ល្បែងស៊ីសង និងគ្រឿងញៀន នៅតែរាលដាលយ៉ាងពេញបន្ទុកដដែល។ ដូច្នេះថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ មិនគួរមើលរំលង ភាពអសកម្មរបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដែលកំពុងជាប់បណ្ដឹង នៅអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។
ប្រភពពីមន្ត្រីសាលាខេត្ត បានឲ្យដឹងថា រឿងផ្ទុះឡើងនេះ មានជនអនាមិក ប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ទាក់ទងនឹងរឿងអាស្រូវ របស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ជាពិសេសទាក់ទងទៅនឹង ការប្រគល់ដីឲ្យក្រុមហ៊ុន « អិលខេអិល » ។ នៅក្នុងពាក្យបណ្ដឹងនោះ បានលើកឡើងថា លោក ឈួរ ច័ន្ទឌឿន លក់ដីរដ្ឋឲ្យក្រុមហ៊ុន « អិលខេអិល ខនស្ត្រាក់សិន ខូអិលធីឌី » ហើយទទួលបានលុយយ៉ាងច្រើន ពីការតម្រូវ ឲ្យពលរដ្ឋ ក្នុង១គ្រួសារ បង់ប្រាក់១០០០ដុល្លារ ជាថ្នូរនឹងការផ្លាស់ប្ដូរ ទៅនៅទីតាំងថ្មី។
ក្នុងពាក្យបណ្ដឹង បានលើកឡើងទៀតថា លោក ឈួរ ច័ន្ទឌឿន ទទួលបានដី១០ឡូត៍ ហើយមានភាពយឺតយ៉ាវ ក្នុងការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ។ រឿងអាស្រូវរបស់លោក ឈួរ ច័ន្ទឌឿន បែបនេះកំពុងត្រូវបានលោក ឈួរ ច័ន្ទឌឿន បំភ្លឺទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ ហើយមជ្ឈដ្ឋាននានាកំពុងរង់ចាំមើល យ៉ាងយកចិត្តទុកដាក់ នូវវិធានការរបស់អង្គភាព ប្រឆាំងអំពើពុករលួយ ដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន។
ទាក់ទងនឹងបញ្ហាខាងលើនេះ មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ការបំភ្លឺរបស់លោក ឈួរ ច័ន្ទឌឿន អាចបញ្ចប់ការចោទប្រកាន់ប្រសិនបើ លោក ឈួរ ច័ន្ទឌឿន បានផ្ដល់ចម្លើយ និងភស្ដុតាង ដោះបន្ទុក គ្រប់គ្រាន់ថា លោកអត់បានប្រព្រឹត្តអំពើខុសច្បាប់។ ប៉ុន្តែមន្ត្រីរាជការមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង បានវាយតម្លៃថា បណ្ដឹងចោទប្រកាន់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង គឺជារឿងពិត ហើយជារឿង ដែលអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេត ប្រកបដោយតម្លាភាព។ ជាពិសេស រឿងអាស្រូវ របស់អភិបាលខេត្តកំពង់ឆ្នាំង គឺជារឿង ដែលត្រូវបកស្រាយបញ្ជាក់ ឲ្យបានច្បាស់លាស់ ព្រោះអំពើពុករលួយ របស់ថ្នាក់ដឹកនាំខេត្ត មិនមែនជារឿងតូចតាចនោះទេ៕