ក្រុមឈ្មួញនៅតែបន្តសកម្មភាព កាប់ដឹកជញ្ជូនឈើខុសច្បាប់ពីក្រៅ ចូលក្រុមហ៊ុន សំអឿន សុវណ្ណ យ៉ាងគឃ្លើនគ្មានញញើត

ចេញផ្សាយ ថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ

ខេត្តព្រះវិហារ ៖ តាម​សេចក្តីរាយការណ៍ ពីភ្នាក់ងាព័ត៌មាន នឹងប្រជាពលរដ្ឋ នៅស្រុកជ័យសែន ខេត្តព្រះវិហ៊ារ បានឲ្យដឹងថា បទល្មើសព្រៃឈើ កើតមានយ៉ាងអនាធិបតេយ្យ បន្ទាប់ពីក្រុមហ៊ុន សំអឿន សុវណ្ណ បានបើកដំណើរការឡើងវិញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ ដោយដំឡើងរោងចក្រ អារឈើខ្នាតធំ ដែលមានទីតាំង ស្ថិតនៅ ចំណុចអូរស្នៀត ស្ថិតក្នុ​ងភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ។

ប្រភពពីប្រជាពល​រដ្ឋ នៅស្រុកជ័យសែន និងស្រុកឆែប បានបន្តឲ្យដឹងថា ក្រុមហ៊ុន សំអឿន សុវណ្ណ កំពុងតែប្រមូលទិញឈើពីខាងក្រៅ ដឹកចូលទៅអារច្រៀក យ៉ាងទ្រ​ហឹងអឺងកង ពេញស្រុកឆែប ដោយគេធ្វើសកម្មភាពអារជ្រៀក រួចដឹកយកទៅលក់ នៅតាមដេប៉ូ​ឈើនានាជាច្រើនកន្លែង និងមួយចំនួនទៀត ដែជាឈើលេខ១ ដឹកយកទៅក្រៅប្រទេស ស្ទើរជារៀងរាល់ថ្ងៃ-យប់ ជ្រ​កក្រោមរូបភាព ក្រុមហ៊ុនស្របច្បាប់។ ហើយក្រុមហ៊ុននេះ ប្រកាស​ជាសាធារណៈ ឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នោះ នាំគ្នាចូលទៅកាប់ឈើ យកទៅលក់នៅ​ក្នុងរោងចក្រ អារឈើរបស់ខ្លួន ដោយបើកចំហរ ទាំងយប់ ទាំងថ្ងៃទៀតផង។

ប្រភពដដែល បានបន្តទៀតថា ពួកគេពុំដែលឃើញ មានសមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើ កម្លាំងប៉ូលិស ឬកម្លាំងប៉េ ធ្វើការបង្ក្រាប នឹងទប់ស្កាត់ រាល់សកម្មភាព ល្មើសនោះទេ? គេសង្កេតឃើញមាន តែសមត្ថកិច្ចជំនាញ រដ្ឋបា​លព្រៃឈើ ប៉ូលិស ប៉េអិម ដាក់ពង្រាយ នៅតាមក្រោមដើមឈើ រង់ចាំរាប់ក្បាលគោយន្ត ​ក្បាលឡានយីឌុប ដឹកឈើ និងជួយចាំការពារ សុវត្ថិភាព ឲ្យអ្នកដឹកឈើ នឹងចាំឃ្លាំងមើល កត់លេខឡា​នណាចម្លែក ហើយរាយការណ៍ តាមទូរស័ព្ទ ទៅបក្ខពួកពួកគេ ដើម្បីឲ្យតាមឃ្លាំមើលបន្ត ទៅលើអ្នកចម្លែក ដែល​ធ្វើដំណើរ ឆ្លងកាត់តំបន់នោះ ជាពិសេស គឺអ្នកកាសែតតែម្តង ប្រសិនបើហ៊ានថត សកម្មភាពនៅតំបន់នោះ ត្រូ​វពួកគេចាប់ ហើយចោទប្រកាន់ បំភ្លៃរឿង ទៅជាករណីជម្រិតទារប្រាក់ ឬចោទប្រកាន់ថា ដាក់កុងត្រូលជជុះជាដើម ។

គួររំលិកថា ប្រមុខរដ្ឋាភិបា​ល សម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជា និងអោយបង្កើតឲ្យមានគណៈកម្មការទប់ស្កាត់​ នឹងបង្ក្រាបបទល្មើសព្រៃឈើ ដោយអនុញ្ញាត ឲ្យប្រើឧទ្ធម្ភាគចក្រ យោធា២គ្រឿង សម្រាប់​ប្រតិបត្តិការ តែបែរជាក្រុមហ៊ុន សំអឿន សុវណ្ណ នៅតែហ៊ាន ធ្វើសកម្មភាព ប្រព្រឹត្តបទល្មើសព្រៃ​ឈើ និងដឹកជញ្ជូនឈើប្រណិត នេងឈើលេខ២ ស្ទើរខ្ទេចផ្លូវ នៅក្នុងស្រុកឆែប ជាប់ព្រំប្រទល់​ ស្រុកជ័យសែន ខេត្តព្រះវិហារ។

សកម្មភាពទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋ នៅតែមើលឃើញរូប​ភាពដដែលៗថា បទបញ្ជាសម្តេចតេជោ ហ៊ុន សែន ហាក់ដូចជាមិនមានប្រសិទ្ធភាព ចំពោះឧកញ៉ាគ្រា​ក់ៗ ដែលចូលចិត្តរកស៊ី ប្រព្រឹត្តបទល្មើសព្រៃឈើនៅកម្ពុជា នៅឡើយ។

បើតាមប្រភព ពីអាជ្ញាធរមូលដ្ឋាន ដែលមិនបានទទួលប្តយោជន៍ ពីកហរុមហ៊ុនខាងលើ បានបង្ហើប ឲ្យ CSN ដឹងថា រោងចក្រអារឈើនេះ គេយកលោក សំអឿន សុវណ្ណ ធ្វើជានាយកក្រុមហ៊ុន ហើយជារៀងរា​ល់យប់-ថ្ងៃ គេតែងឃើញមាន រថយន្តយីឌុបធំៗ រាប់សិបគ្រឿង ចតត្រៀបត្រា នៅតាមផ្លូវក្បែររោងចក្រ និងនៅខាងក្នុង រោងចក្រអារឈើ រង់ចាំដឹកឈើចេញពីរោងចក្រ ដើម្បីទៅផ្គត់ផ្គង់តា​មដេប៉ូ ដោយមានមន្ត្រីជំនាញ ​និងកងកម្លាំង ចាំជួយការពារ នឹងសម្រួលមធ្យោបាយ យ៉ាងរលូន មិនមា​នការរំខាន ពីសមត្ថកិច្ចណាឡើយ។

ប្រភពពីសមត្ថកិច្ច សូមមិនបញ្ចេញឈ្មោះ ក៍បានបង្ហើបឲ្យដឹងដែរថា រោ​ងចក្រអារឈើខាងលើនេះ ជារបស់លោក ឧកញ៉ា សំអឿន សុវណ្ណ ដែលមានឥទ្ធិពលនិងមានទំនាក់ទំនង ជិត​ស្និទ្ធិជាមួយ ថ្នាក់ដឹកនាំខេត្តទៀតផង។ ដូច្នេះហើយ បានជាគ្មានមន្ត្រីណាមួយ ហ៊ានធ្វើអ្វីនោះទេ​ ព្រោះខ្លាចបាត់តំណែង។ ហើយម្យ៉ាងទៀត ក្រុមហ៊ុននេះ ព័ទ្ធរបងបាំងជិត មិនឲ្យគេមើលឃើញ អំពីសកម្មភា​ព កែច្នៃឈើ របស់ខ្លួននោះទេ រីឯនៅតាមព្រៃរបោះ ជុំវិញបរិវេណ រោងចក្រអារឈើ មានកម្លាំ​ងសន្តិសុខ ប្រដាប់ដោយអាវុធ និងវិទ្យុទាក់ទង ឈរជើងប្រចាំការ ការពារ មិនឲ្យនរណាចេ​ញចូល ក្រៅ
ពីអ្នករកស៊ីឈើនោះទេ។

យោងតាមឯកសារ ដែលត្រូវបានផ្សាយដោយ ប្រព័ន្ធ​ផ្សព្វផ្សាយមួយចំនួនថ្មីៗនេះ បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេ​ញលិខិត អនុញ្ញាតលេខ ២៤៣៨ ក.ស.ក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ដែលចុះហត្ថលេ​ខា ដោយលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញា​តឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ ចុះកាត់ប្រមូលផល អនុផលព្រៃឈើ ដើម្បីបង់ពន្ធជូនរ​ដ្ឋ លើផ្ទៃដីសម្បទាន សង្គមកិច្ចទំហំ ៤៣៣៤,៦១ហិកតា ស្ថិតនៅស្រុកឆែប និងស្រុកជ័យ​សែន ខេត្តព្រះវិហារ ដោយយោងលើ លិខិតលេខ ២២១ លល/គអ/ទរ ចុះថ្ងៃទី២២ ខែតុលា ​ឆ្នាំ២០១៥ របស់សាលាខេត្តព្រះវិហារ និងមតិរបស់រដ្ឋបាលព្រៃឈើ អនុញ្ញាតឲ្យក្រុមហ៊ុន សំ​អឿន សុវណ្ណ ចុះប្រមូលផល អនុផលព្រៃឈើ ក្នុងដីបម្រុងទុក សម្រាប់កំណើន ប្រជាពលរដ្ឋ​។

ដោយឡែក យោងទៅតាម សៀវភៅរាជកិច្ច ដែលបានចេញផ្សាយ នៅថ្ងៃទី៤ ខែមករា ​ឆ្នាំ២០១៣ ដែលចុះហត្ថលេខាដោយ សម្តេចតេជោ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ បានសម្រេច​កាត់ដីទំហំ៤៣៣៤,៦ហិកតារ នៅស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះវិហារ ពីគម្របព្រៃ​ឈើ និងពីដីសម្បទានសេដ្ឋកិច្ច ដើម្បីធ្វើអនុប្រយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រ​ទានកម្ម ជាកម្មសិទ្ធិជូន ប្រជាពលរដ្ឋចំនួន ៧៥៨គ្រួសារ។

ប្រភពពីមន្ត្រីរាជការ បំរើការងារ នៅសាលាស្រុកឆែប ដោយដាក់លក្ខខណ្ឌ សូមមិនបញ្ចេចឈ្មោះ បានឲ្យដឹងថា ការពិតក្រុមហ៊ុន សំអឿន សុវណ្ណ ដែ​លមានឈ្មោះ អឿន ជាម្ចាស់ក្រុមហ៊ុនផ្ទាល់ ជាឧកញ៉ា ល្បីឈ្មោះជាយូរមកហើយ ក្នុងការរកស៊ីឈើនៅកម្ពុជា ។ ហើយតំបន់ព្រៃព្រះរកា ដែលមានផ្ទៃដី ទំហំប្រមាណ ៩ម៉ឺន ៨ពាន់ហិកតា​ នៅក្នុងភូមិសាស្ត្រ ប្រជុំស្រុកចំនួន៣ មានស្រុកឆែប ស្រុកជាំក្សាន្ត និងស្រុកត្បែងមានជ័យ នៃ​ខេត្តព្រះវិហារ គឺជាតំបន់ព្រៃស្រោង និងជាដែនជម្រកសត្វព្រៃ ដែលនៅសេសសល់ ចុងក្រោ​យបង្អស់ បន្ទាប់ពីតំបន់ ព្រៃឡង់ដ៏ធំ ជាប់ភូមិសាស្ត្រ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹង​ត្រែង ដែលត្រូវរងការវិនាស ដោយសារតែ មានការផ្ដល់ដីសម្បទានសេដ្ឋកិ​ច្ច ជាច្រើនម៉ឺនហិកតា ទៅឱ្យក្រុមហ៊ុនឯកជន វិនិយោគដំណាំ កសិឧស្សាហកម្ម ក្នុងប្រទេ​សកម្ពុជារួចមកនោះ ។ បច្ចុប្បន្ន តំបន់ព្រៃព្រះរកា ក៏កំពុងទទួលរង ការកាប់បំផ្លាញព្រៃឈើ យ៉ា​ងអនាធិបតេយ្យ ស្ទើររលាយហិនហោចដែរ ដែលក្នុងមួយថ្ងៃៗ គេឃើញមានម៉ាស៊ីនរ៉ៃ សឹង​តែរាប់រយគ្រឿង ត្រូវគេអនុញ្ញាត ឲ្យអារឈើតាប់ ឬឈើដុំ យកទៅលក់នៅតាម សិប្បក​ម្ម តួយ៉ាងដូចជា ម្ចាស់ក្រុមហ៊ុន សំអឿន សុវណ្ណ បានប្រកាសជាសាធារណៈ ឲ្យប្រជាព​លរដ្ឋ កាប់ឈើយកទៅលក់ ឲ្យរោង
ចក្រអារឈើ របស់ខ្លួនជាដើម។

គួររំលិកបន្ថើមផងដែលថា កាលពីថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០១៦ ក្រសួងបរិស្ថាន ក៍បានសហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ រៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ដើម្បីដាក់បញ្ចូល ព្រៃឡង់, ក្រវ៉ាញខាងត្បូង, ព្រះរ​កា, សៀមប៉ាងខាងលិច និងវ៉ឺនសៃ ជាតំបន់ការពារធម្មជាតិ រួចអស់ហើយទៀតផង ក៍ប៉ុន្តែ បទល្មើសកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់នេះ នៅតែតើតមានយ៉ាងរាលដាលដដែរ។

ជុំវិញសេចក្ដីរាយការណ៍ ពាក់ព័ន្ធបទល្មើស កាប់បំផ្លាញព្រៃឈើ យ៉ាងរាលដាលខាងលើនេះ អង្គភាព CSN ពុំទាន់ធ្វើការទំនាក់ទំនង សុំការបកស្រាយបំភ្លឺ ពីខាងក្រុមហ៊ុន សំអឿន សុវណ្ណ បានទេមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងសង្ឃឹមថា ក្រោយចេញផ្សាយ នឹងមានការបកស្រាយបំភ្លឺ ពីខាងក្រុហ៊ុន យ៉ាងណានោះ អង្គភាពយើង នឹងចេញផ្សាយ ជូនមិត្តអ្នកអាន នៅពេលក្រោយទៀត។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់ ព្រះវិហ៊ារ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author