ពិធីប្រណាំងទូកប្រពៃណី ខ្នាតអន្តរជាតិនឹងទូកក្ដាបីសន្លឹក នៅទន្លេវ៉ៃគោ ក្រោមការដឹកនាំឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត មានភាពអ៊ូអរអធឹកអធមក្រៃលែង

ចេញផ្សាយ ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ

ស្វាយរៀង ៖ ពិធីប្រណាំងទូកប្រពៃណី ខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក ឆ្នាំ២០១៧ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។

បើតាមរបាយការណ៍ គណៈកម្មការ រៀបចំពិធីអំទូកបានឲ្យដឹងថា ពិធីប្រណាំងទូក នៅក្នុងឆ្នាំ២០១៧ នេះ មានទូកចូលរួមប្រណាំង សរុបចំនួន ៤៦ គ្រឿង រួមមាន ប្រភេទទូកប្រពៃណី ខ្នាតអន្តរជាតិ ចំណុះ ២២នាក់ មានចំនួន ៤២គ្រឿង និងប្រភេទទូកក្ដារបីសន្លឹក ចំណុះ ៣នាក់ មានចំនួន ៤គ្រឿង និងមាន កីឡាករ សរុប ១.២១៤នាក់ (នារី ០៦នាក់) ។

នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នេះ គឺអាកាសធាតុ ក្ដៅបន្តិច ក៍ប៉ុន្តែ ការអញ្ជើញមកចូលរួមទស្សនា ពីបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ នឹងអន្តរជាតិ ដ៏ច្រើនកុះករ ដោយបានផ្ដល់នូវ ស្នាមញញឹម ជាមួយនិងទឹកមុខសប្បាយរីករាយ ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ នាឱកាសដ៏ថ្លៃថ្លានេះ ពិតជាបានបង្កឲ្យបរិយាកាស នៅក្នុងពិធីប្រណាំងទូក នៅខេត្តស្វាយរៀង ក្នុងឆ្នាំ២០១៧ នេះ កាន់តែមានភាពអ៊ូអរ និងអធិកអធមក្រៃលែង ។

ដោយឡែក សម្រាប់បងប្អូន ប្រជាពលរដ្ឋ ដែលខកខានមិនបានចូលរួមទស្សនា ដោយផ្ទាល់ នៅកន្លែងប្រារព្ធពិធី អាចទស្សនា ការផ្សាយផ្ទាល់ បានតាមរយៈកញ្ចក់ទូរទស្សន៍ ETV ឬក៌អាចស្ដាប់តាមរយៈវិទ្យុ FM ជាតិរំដួលស្វាយរៀង 98.70 MHz ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណអភិបាលខេត្ត ស្វាយរៀង បានសម្ដែងនូវការស្វាគមន៍ យ៉ាងកក់ក្ដៅ ចំពោះវត្តមាន ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ កីឡាករ កីឡាការិនី និងប្រតិភូ ដឹកនាំទូកទាំងអស់ ដែលបានផ្ដល់វត្តមាន ចូលរួមប្រណាំង និងទស្សនា ពិធីប្រណាំងទូកនៅខេត្ត
ស្វាយរៀងនាថ្ងៃនេះ ។ ហើយក៍សូមគោរពជូនពរឯកឧត្ដម លោកជំទាវ បងប្អូនប្រជាពលរដ្ឋ កីឡាករ កីឡាការិនី សូមទទួលបាន នូវភាពជោគជ័យ ក្នុងការចូលរួមទស្សនា នៃពិធីប្រណាំងទូក ប្រកបដោយភាពសប្បាយ
រីករាយ និងមានសុខសុវត្ថិភាព៕

សូមជួយស៊ែរព័ត៌មាននេះផង: