នាព្រឹកថ្ងៃទី១៤ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីប្រកាស ចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង

ចេញផ្សាយ ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះ រួមមាន ឯកឧត្ដម អនុរដ្ឋលេខធិការ អគ្គនាយក អគ្គនាយករង ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ ឯកឧត្ដម លោកជំទាវ លោក លោកស្រីគណៈប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាពលទ្ធកម្ម ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត លោកអធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រមាណជាង ៣០០នាក់ ។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានរួមសាមគ្គី សហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញ ការអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈ សង្គមបានល្អប្រសើរ នាពេលកន្លងមក ជាពិសេស ការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត ដែលមិនត្រឹម តែបានជំរុញ ការកសាងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ទាំងទីក្រុង និងជនបទប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើការកសាង និងកែលម្អសោភ័ណភាព ក្នុងបរិវេណសាលាខេត្ត បានយ៉ាងល្អប្រសើរផងដែរ តួយ៉ាងអគារសាលប្រជុំ របស់រដ្ឋបាលខេត្ត ដែលបានកាត់ខ្សែបូរសម្ពោធ ដាក់ប្រើប្រាស់ជាផ្លូវការ នៅមុននេះបន្ដិច ជាដើម ។

ទន្ទឹមនេះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏ថ្លែងនូវការអបអរសាទរ និងបានផ្ដាំផ្ញើចំពោះ លោក អភិបាលរងខេត្តដែលទើបទទួលបាន នូវការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដ បន្ថែមទៀត ដោយឡែក អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស
ច្បាប់លើកទី២ និងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្កា ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹង កិច្ចសហប្រតិបត្តិការ ឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ។

ជាមួយគ្នានេះ ឯកឧត្ដមអធិបតី ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការសាលាខេត្ត ក៏បានចូលរួមពិធីពិសាបាយសាមគ្គីរួមគ្នា ប្រកបដោយភាពសប្បាយរីករាយផងដែរ ។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ ៧៧០ អនក្រ.តត ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ និងអនុក្រឹត្យលេខ ១១២៥ អនក្រ.តត ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំងលោក ហែម ពិសិដ្ឋ ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ ៤ និង លោក ប្រាក់ សុវណ្ណ ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ ១ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ៕

សូមជួយស៊ែរព័ត៌មាននេះផង: