រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តស្វាយរៀង ( កម្ពុជា ) នឹងគណៈកម្មាធិការប្រជាជនតៃនិញ ( វៀតណាម ) ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង

ចេញផ្សាយ ថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ

ដោយទទួលបានការអនុញ្ញាត ជាគោលការណ៍ ពីរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តស្វាយរៀង (កម្ពុជា) និងគណៈកម្មាធិការ ប្រជាជនខេត្តតៃនិញ (វៀតណាម) ក្រោមអធិបតីភាព ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផាម វ៉ាន់តិន អនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការ ប្រជាជន ខេត្តតៃនិញ និងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ សមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ ព្រមទាំងបណ្ដាក្រុង ស្រុកជាប់ព្រំដែនទាំងអស់ នៃខេត្តទាំងពីរ ។

មានប្រសាសន៍ ក្នុងឱកាសនេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង បានចាត់ទុកកិច្ចព្រមព្រៀង ដែលចុះហត្ថលេខា នៅថ្ងៃនេះ នឹងជួយបង្កើន នូវការពង្រឹង កិច្ចសហប្រតិបត្តិការ បានកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត ពីលើមូលដ្ឋានសមិទ្ធផល ដែលខេត្ដទាំងពីរ (ស្វាយរៀង-តៃនិញ) រួមគ្នា សម្រេចបាននាពេលកន្លងមក ជាពិសេស លើបណ្ដាវិស័យដែលមាន ចែងក្នុងកិច្ចព្រមព្រៀង ដើម្បីជួយសម្រួល និងលើកកម្ពស់ កម្រិតជីវភាព រស់នៅរបស់ប្រជាជន ខេត្តទាំងពីរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចបាន នូវចក្ខុវិស័យ នៃការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានការអភិវឌ្ឍ ប្រកបដោយសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ភាតរភាព និងចីរភាព ស្របតាមស្មារតី នៃកិច្ចប្រជុំលើកទី៩ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ រវាងបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ដែលរៀបចំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ ។

ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសម្ដែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីជំនាញពាក់ព័ន្ធ របស់ខេត្តទាំងពីរ ដែលបានខិតខំប្រឹងប្រែង សហការ ប្រកបដោយឆន្ទៈ ក្នុងការរៀបចំកិច្ចប្រជុំពិភាក្សា គ្រប់កម្រិតក្នុងក្របខ័ណ្ឌថ្នាក់ដឹកនាំ និងក្របខ័ណ្ឌមន្ត្រីជំនាញបច្ចេកទេស ទាំងកិច្ចប្រជុំចង្អៀត និងទូលាយ នៅក្នុងខេត្តស្វាយរៀង និងខេត្តតៃនិញ រហូតធ្វើឲ្យសេចក្ដីព្រាង កិច្ចព្រមព្រៀងនេះ លេចចេញជារូបរាងឡើង និងឈានដល់ដំណាក់កាលចុះហត្ថលេខា ជាផ្លូវការនៅថ្ងៃនេះ ។

ជាចុងបញ្ចប់ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង និងឯកឧត្តម ផាម វ៉ាន់តិន អនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការ ប្រជាជនខេត្តតៃនិញ បានអញ្ជើញចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការ ដោយមានការចូលរួមជាសក្ខីភាព ពីថ្នាក់ដឹកនាំខេត្ត កម្លាំងសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់ របស់ខេត្តទាំងពីរ និងប្រព្រឹត្តទៅក្រោម បរិយាកាសសប្បាយរីករាយ ប្រកបដោយមិត្តភាព សាមគ្គីភាព ភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការ ល្អប្រសើរ ៕

សូមជួយស៊ែរព័ត៌មាននេះផង: