ចេញផ្សាយ ថ្ងៃអង្គរ ទី០៥ ខែធ្នូ ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ
បាត់ដំបង ៖ លោក ប៉ាង ហៀង អធិការនគរបាល ក្រុងបាត់ដំបង កំពុងរងការិះគន់ ពីសំណាក់មហាជនយ៉ាងខ្លាំង បន្ទាប់ពីមានការបែកធ្លាយ រឿងអាស្រូវពុករលួយ របស់មន្ត្រីនគរបាលមួយរូប ឈ្មោះ អ៊ុំ សម ដែលតែងតែ ដើគំរាមកំហែង យកលុយតាមផ្ទះសំណាក់ តាមតែអំពើចិត្ត ដោយគ្មានញញើត ចំណាត់ការ របស់អង្គភាពប្រឆាំងអំពើពុករលួយសោះ។
បើយោងតាមឯកសា ដែលបានបង្ហាញ ចេញពីកាមេរ៉ាសុវត្តិភាព នឹងសម្ដីម្ចាស់ផ្ទះសំណាក់ យីហោ « វលក្ខ » ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង បានឲ្យដឹងថា បុគ្គលឈ្មោះ អ៊ុំ សម ដែលជាមន្ត្រីនគរបាល ក្រោមការគ្រប់គ្រង របស់លោក ប៉ាង ហៀង អធិការក្រុងបាត់ដំបង បុគ្គលរូបនេះ តែងតែដើរធ្វើព្យុះ ធ្វើភ្លៀង គំរាមកំហែងតាមផ្ទះសំណាក់ ឲ្យបង់លុយឲ្យខ្លួនជាប្រចាំ ជាយូឆ្នាំមកហើយ ដោយគ្មានញញើតសោះ សង្ស័យ មានការបើកដៃ ពីលោក ប៉ាង ហៀង ដែលជាមេកោយហើយ បានជាបុគ្គលរូបនេះ ហ៊ានយកតួនាទីរបស់ខ្លួន ជាមន្ត្រីនគរបាល ទៅប្រព្រឹត្តអំពើពុករលួយ យ៉ាងគឃ្លើនបែបនេះ។
បើតាមប្រភពព័ត៌មាន ពីម្ចាស់ផ្ទះសំណាក់ បានឲ្យដឹងថា បុគ្គលឈ្មោះ អ៊ុំ សម ដែលគេស្គាល់ថា ជាមន្ត្រីនគរបាល ក្រុងបាត់ដំបង ក្រោមការគ្រប់គ្រង របស់លោក ប៉ាង ហៀង តែងតែដើរប្រមូលលុយ តាមផ្ទះសំណាក់ តាមរបៀបពុករលួយ ជារៀងរាល់ខែ ដោយកំណត់ក្នុង១ផ្ទះ បង់ចំនួន ២០.០០០ រៀល មិនអាចខ្វះបានឡើយ ប្រសិនបើ ម្ចាស់ផ្ទះសំណាក់ណា បង់មិនគ្រប់ ទៅតាមការកំណត់ទេ បុគ្គលឈ្មោះ អ៊ុំ សម នេះ សម្លុតរករឿង ហើយហែកលុយនោះ ចោលតែម្ដង ដូចបានឃើញក្នុងរូបភាពនេះអញ្ចឹង។
បើតាមការបកស្រាយបំភ្លឺ ពីលោក ប៉ាង ហៀង អធិការនៃអធិការដ្ឋាន នគរបាល ក្រុងបាត់ដំបង តាមការធ្វើបទសម្ភាស តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យអង្គភាព CSN ដឹងថា ជារៀងរាល់ខែ លោកតែងតែ ឲ្យកម្លាំងនគរបាលរបស់លោក ចុះជំរឿនតាមផ្ទះសំណាក់ ឬផ្ទះជួរជាប្រចាំ តែលោកមិនបានបញ្ជា ឲ្យបុគ្គល ណាម្នាក់ ប្រព្រឹត្តអំពើពុករលួយឡើយ ដោយឡែកបើគេឲ្យលុយ បន្តិចបន្ទួច ជាមនោសញ្ចេតនា ថ្លៃបាយទឹក ឬសាំងមានមែន ហើយលុយនោះ មិនបានយកទៅណាទេ គឹសម្រាប់ផ្គត់ផ្គង់អង្គភាព ក្នុងពេលចុះ ប្រតិបត្តិការ ។
លោក ប៉ាង ហៀង បានបញ្ជាក់ថា ពាក់ព័ន្ធការិះគន់ ពីសំណាក់ មហាជននេះ លោកមិនបានដឹងទេពីមុនមក ក្រោយមានរឿងហើយ ទើបលោកដឹង លោកមិនបានបញ្ជា ឬបើកដៃ ឲ្យមន្ត្រីណាម្នាក់ ដើរកំណត់បង់លុយជាខែទេ ហើយរឿងហែកលុយ លោកក៍មិនទាន់ដឹងដែរ លោកនឹងស្រាវជ្រាវបន្តទៀត។ ហើយចំណែកបុគ្គល ម្ចាស់ខ្លួន រងការចោទប្រកាន់នោះ ឯកឧត្តមស្នងការ លោកបានហៅទៅ ធ្វើការសាកសួរហើយ។
ទោះមានការបកស្រាយ ពីលោក ប៉ាង ហៀង អធិការ នៃអធិការដ្ឋាននគរបាល យ៉ាងណាក៍ដោយ ក៍មហាជននៅតែបន្តរិះគន់ថា ក្នុងនាមជាមន្ត្រី អនុវត្តន៍ច្បាប់ ក្នុងស្ថាប័នរដ្ឋ មិនគួរយកអំណាច របស់ខ្លួនទៅបំពាន មកលេីប្រជាពលរដ្ឋ ស្លូតត្រង់ ដែលបេីកផ្ទះសំណាក់ ដេីម្បីដោះស្រាយជីវភាព ក្នុងសេចក្តីថ្លៃថ្នូរឡើយ ព្រោះថា ប្រាក់ខែនគរបាលជាតិ មានគ្រប់គ្រាន់ហេីយ ដូច្នេះ មន្រី្តនគរបាល មិនគួរធ្វើជាត្រីងៀតឆ្លៀតពង ដេីរសន្សំកាក់ល្អិត តាមរបៀបពុករលួយ តាមផ្ទះសំណាក់ តាមកន្លែងកោសជប់ ឬទីតាំងបទល្មេីស ផ្សេងៗឡើយ។
ពាក់ព័ន្ធរឿងអាស្រូវពុករលួយខាងលើ ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម ផ្ទះសំណាក់ជាច្រើន នៅក្រុងបាត់ដំបង ក៍ដូចប្រជាពលរដ្ឋ នឹងមន្ត្រីរាជការ បានស្នើសុំ ឲ្យលោក ប៉ាង ហៀង ដែលជាមេកោយ គួរតែចាត់ការជាបន្ទាន់ ទៅលើបុគ្គល ឈ្មោះ អ៊ុំ សម កុំបណ្ដោយឲ្យដើរធ្វើព្យុះ ធ្វើភ្លៀងតទៅទៀត ដែលជាហេតុធ្វើឲ្យខូច ដល់ស្ថាប័ននគរបាលយុត្តិធម៌ ជាពិសេស លោកឧត្តមសេនីយ៍ទោអ៊ុច សុខុន ស្នងការនគរបាល ខេត្តបាត់ដំបង គួរស្រាវជ្រាវ ឬណែនាំលោក ប៉ាង ហៀង អធិការក្រុង បាត់ដំបង ដែលកំពុងអសមត្ថភាព គ្រប់គ្រងកូនចៅផងទាន។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការ រិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់