ថ្ងៃច័ន្ទ៥ រោច ខែមាឃ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រប់គ្រងព័ត៌មាន នឹង ចេញផ្សាយ ដោយ៖ ការិយាល័យ ព័ត៌មាន«CSN» អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកការិយាល័យ នាយក និពន្ធ :087 55 11 12/ 097 777 6000
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំង អាវុធហត្ថ ខណ្ឌទួលគោក ឃាតខ្លួន រួមជាមួយ អាវុធខ្លី ១ដើម ខណៈជនសង្ស័យ កំពុងធ្វើសកម្មភាព កាន់កាំភ្លើងខ្លី កែច្នៃប្រើហ្គាស ដេញបាញ់យុវជន៤ ទៅ ៥នាក់ ជិះម៉ូតូ ៤គ្រឿង កាលពី វេលាម៉ោង១០ និង៣៥ នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយ ផ្លូវ៥៩៨ នៅចំណុចមុខផ្ទះ លេខ១៧២ ស្ថិតនៅក្នុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីមន្ត្រីអាវុធហត្ថ បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងល្បាត បានឃើញ ជនសង្ស័យ ២នាក់ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GV-2527 តាមបណ្តោយផ្លូវ ៥៩៨ ក្នុងទិសដៅ ពីត្បូងទៅជើង កំពុងតែជិះម៉ូតូ ធ្វើសកម្មភាព ដេញម៉ូតូ ហុងដាឌ្រីម និង ស៊ុយ សុគីនិច ២គ្រឿងទៀត ដោយមាន កាំភ្លើងខ្លី ម៉ាកឡុកចិន ដេញបាញ់ ទៅលើយុវជន៤ ទៅ ៥នាក់ទៀត ភ្លាមៗនោះដែរ កម្លាំងល្បាត ក៍បានបើករថយន្ត ដេញស្ទាក់ កាក់ពីមុខ និង ឃាត់ខ្លួន បានទាំង២នាក់ តែដោយកំហឹង របស់ប្រជាពលរដ្ឋ ពួកគាត់បានចោមរោម ព្រួតវាយ មួយដៃ មួយជើងម្នាក់ បណ្តាលឲ្យរងរបួស យ៉ាងដំណំផងដែរ។
ប្រភពដដែរ បានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបាន រួមមាន ទី១.ឈ្មោះ រិទ្ធី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាអ្នកបើកម៉ូតូ និង ជនសង្ស័យ ម្នាក់ទៀត មានឈ្មោះ សែន ពន្លឺ ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសម្ដី របស់ជនសង្ស័យ បានរៀបរាប់ ឲ្យដឹងថា មុនពេល កើតហេតុ ពួកគេទាំង ២នាក់ បានឃើញជនសង្ស័យ ជិះម៉ូតូ ចំនួន ៤គ្រឿង ឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះម្នាក់ កំពុងដកទូរស័ព្ទ មកនិយាយ នៅក្រោមស្ពាន អាកាស ៧មករា ពួកគេឃើញចឹង ក៍ជួយដេញតាម តែត្រូវបាន កម្លាំងអាវុធហត្ថ ចាប់ពួកគេទៅវិញ។ ហើយកាំភ្លើង ខាងលើនេះ ពិតជា របស់ពួកគេ ពិតមែន តែកាំភ្លើងនេះ ជាកាំភ្លើង កែច្នៃ ប្រើហ្គាសទេ ទើបតែទិញ តំលៃ ១៤០ ដុល្លារ ទុកគ្រាន់ប្រើលេង តែប៉ុណ្ណោះ។
ប្រភពពីមន្ត្រី កងរាជអាវុធហត្ថ បានឲ្យដឹងថា ជន
សង្ស័យ ទាំង២នាក់ ខាងលើ ក្រោយកើតហេតុ ត្រូវបានកងរាជអាវុធហត្ថ ខណ្ឌទួលគោក កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការ ទៅតាមច្បាប់៕


















