ចេញផ្សាយ ថ្ងៃ ពុធ ៩រោច ខែភទេបទ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000
ភ្នំពេញ ៖ រថយន្ដតូយ៉ូតា បានរក្សាទុក្ខ មានអាយុ៥០ឆ្នាំ ហើយនោះ គឺជារថយន្តដំបូង របស់សម្ដេច តេជោ ហ៊ុន សែន ជិះតស៊ូរំដោះ ប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី ឆ្នាំ១៩៧៩ នោះ ត្រូវបានយក ពីបញ្ជាការដ្ឋាន អង្គរក្ស មកដាក់បង្ហាញ នៅវិមាន ឈ្នះ ឈ្នះ ដើម្បីបញ្ជាក់ អំពីវត្ថុតាង ក្នុងប្រវត្តិសាស្ត្រ នៃដំណើរដ៍ជូរចត់ របស់សម្តេច តេជោ ហ៊ុន សែន នាគ្រានោះ។
ការយកមកដាក់តាំងបង្ហាញ ក្នុងវិមាន ឈ្នះឈ្នះ នេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ដើម្បីឲ្យកូនខ្មែរ ជំនាន់ក្រោយ បានយល់ ដឹងកាន់តែច្បាស់ អំពីប្រវត្តិ នៃការតស៊ូរំដោះជាតិ របស់សម្តេច តេជោ ហ៊ុន សែន ។
ឧត្តមសេនីយ៍ឯក យ៉ាត់ ទូច មេបញ្ជាការរង និងជានាយខុទ្ទកាល័យ បញ្ជាការដ្ឋាន អង្គរក្ស បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅវិមាន ឈ្នះឈ្នះ ថា៖ រថយន្ដដែលសម្ដេចតេជោ ហ៊ុន សែន ជិះចេញទៅតស៊ូ រំដោះជាតិ ផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត នោះ គឺម៉ាក Toyota ពណ៌ស ផលិតនៅ ឆ្នាំ១៩៦៨ ។ រហូតមកដល់ ពេលបច្ចុប្បន្ន រថយន្តនេះ មានអាយុ ៥០ឆ្នាំ។
ឧត្តមសេនីយ៍ឯក យ៉ាត់ ទូច បានបញ្ជាក់ទៀតថា រថយន្ដ ដែលសម្ដេច ប្រើប្រាស់នេះ គឺវៀតណាម ជាអ្នកផ្ដល់ឲ្យសម្ដេច ជិះបំពេញការងារ នៅឆ្នាំ១៩៧៩ រួមជាមួយសម្ភារ: ផ្សេងៗ មួយចំនួនទៀត។
ឧត្តមសេនីយ៍ឯក រូបនេះ បានអះអាងទៀតថា ដើម្បីបញ្ជាក់ ឲ្យឃើញពីវត្ថុ អនុស្សាវរីយ៍ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើការតស៊ូ នាគ្រានោះ និងដើម្បីឲ្យកងទ័ព ជំនាន់ក្រោយរៀនសូត្រ អំពីវីរភាព ដ៍អង់អាចក្លាហាន របស់សម្តេចតេជោ ដែលបានខិតខំ តស៊ូរំដោះកម្ពុជា ចេញពីរបប ប៉ុល ពត ហើយបានដឹកនាំប្រទេស មានសុខសន្តិភាព និងការអភិវឌ្ឍ រហូតដល់សព្វថ្ងៃនេះ។
សូមបញ្ជាក់ថា រថយន្ត ដែលមានអាយុកាល ៥០ឆ្នាំ របស់សម្តេច ដាក់តាំងបង្ហាញ នៅវិមានឈ្នះឈ្នះ នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ ក៍បានចុះត្រួតពិនិត្យ រថយន្ត និងវិមាន ឈ្នះឈ្នះនេះ ផងដែរ ដើម្បីជំរុញដល់ការពន្លឿន នៃការសាងសង់ ឲ្យរួចរាល់ មុនថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
វិមាន ឈ្នះ ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាព កម្ពុជា ហើយកំពុងសាងសង់នេះ គ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាល កម្ពុជា ប្រារព្ធពិធីខួប ២០ឆ្នាំ នៃគោលនយោបាយ ឈ្នះ-ឈ្នះ { ឆ្នាំ១៩៩៨-ឆ្នាំ២០១៨ } ។ វិមាននេះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងទំហំដី ៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕
















