ចេញផ្សាយ ថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ខេត្តព្រះសីហនុ៖ លោកស្រី ឡឹក លក្ខិណា ដែលគេស្គាល់ថា ជាប្រពន្ធលោក គិត ប៊ុន ប្រធានសាខាក្រុមហ៊ុន ស្រាបៀរ ថៃហ្គ័រ ប្រចាំខែត្រព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋ ដែលទទួលបាន ដីសម្បទានសង្គមកិច្ច ពីរដ្ឋបាលខេត្តព្រះសីហនុ បែងចែកជូន សម្រាប់សង់លំនៅដ្ឋាន មានទីតាំង នៅសង្កាត់១ ក្រុងព្រះសីហនុ { តំបន់អូរអារ៉េវ } បានធ្វើការចោទប្រកាន់ថា លោកស្រី ឡឹក លក្ខណា មានគំនិត រំលោភយកដី របស់ពួកគាត់ ដោយគ្មានអៀនខ្មាស។
ប្រជាពលរដ្ឋ អះអាងថា៖ កាលពីថ្ងៃព្រឹកទី១១ ខែធ្នូ ឆ្នាំ២០១៨ នេះ អ្នកមានទ្រព្យ មួយគ្រួសារ គឺលោកស្រី ឡឹក លក្ខិណា បានព្យាយាម ប៉ុនប៉ង បញ្ជូនកម្មករសំណង់ ជាលើកទី២ មកហ៊ុមព័ទ្ធរបងថ្ម រំលោភយកដី របស់ពួកគាត់ទាំងនោះ នៅចំណុចទីតាំងខាងលើ?។
ប្រជាពលរដ្ឋក្រីក្រ ទទួលបាន ដីសម្បទានសង្គមកិច្ច ពីរដ្ឋបាលខេត្តព្រះសីហនុ បានបន្តឲ្យដឹងថា៖ លោកស្រី ឡឹក លក្ខិណា កាលពីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ ក៍ធ្លាប់បាននាំក្រុមកម្មករ មកបោះបង្គោលរបងថ្ម ម្ដងដែរ ដោយលោកស្រី អះអាងថា ទីតាំងដីខាងលើនេះ ជាដីកម្មសិទ្ធិរបស់ខ្លួន ដែរបានកាន់កាប់ តាំងពីឆ្នាំ១៩៩៤ មកម៉្លេះ។
ប្រជាពលរដ្ឋទាំងនោះ បានបន្តលើកឡើងថា ពួកគាត់នៅតែមិនយល់ពីមហិច្ឆតា លោភលន់ របស់លោកស្រី ឡឹក លក្ខិណា ដែរព្យាយាម នាំកម្មករមក ធ្វើរបងថ្មហ៊ុមព័ទ្ធ ដីរបស់ពួកគាត់ ដែលរដ្ឋបាល ខេត្តព្រះសីហនុ ផ្តល់ដីសម្បទានសង្គមកិច្ច ក្នុង ១គ្រួសារ មានទទឹង ៥ម៉ែត្រ និងបណ្តាយ ២០ម៉ែត្រ សម្រាប់សង់ផ្ទះរស់នៅនេះទេ។
យ៉ាងនេះក្តី ពាក់ព័ន្ធករណី ខាងលើនេះ មន្ត្រីរដ្ឋបាល ខេត្តព្រះសីហនុ ក៍បានផងដែរដឹងថា ទីតាំងដី ដែលលោកស្រី ឡឹក លក្ខិណា អះអាងថា ជាកម្មសិទ្ធិ របស់ខ្លួន នៅតំបន់អូរអារ៉េវ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុនោះ គឺត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យ នីរាករណ៍ រាល់ការចេញលិខិតស្នាម និងប័ណ្ណផ្សេងៗ ជាស្ថាពរហើយ តាំងពីឆ្នាំ១៩៩៧ មកម៉្លេះ។
ក្រុមប្រជាពលរដ្ឋ ដែលទទួលបានដីសម្បទាន សង្គមកិច្ច ពីរដ្ឋបាល ខេត្តព្រះសីហនុ ចែកជូន បានសំណូមពរ ដល់អាជ្ញាធរស្ថាប័នពាក់ព័ន្ធ ជាពិសេស ថ្នាក់ដឹកនាំរដ្ឋបាល ខេត្តព្រះសីហនុ ជួយមានវិធានការទប់ស្កាត់ ទៅលើសកម្មភាព បំពានជាក់ស្តែង របស់លោកស្រី ឡឹក លក្ខិណា ដែលប៉ុនប៉ង ចូលទៅរំលោភ យកដីរបស់ពួកគាត់ ជាប្រជាពលរដ្ឋក្រីក្រ ដែលរដ្ឋបាល ខេត្តព្រះសីហនុ បានផ្តល់ដីសម្បទាន សង្គមកិច្ច ជូនមានក្បាលដី ទទឹង ៥ម៉ែត្រ និងបណ្តោយ ២០ម៉ែត្រនេះផង។
ពលរដ្ឋបន្តទៀតថា ដីសង់លំនៅដ្ឋាន ខាងលើនេះ គឺរដ្ឋបាលខេត្តព្រះសីហនុ ជាអ្នកបែងចែកជូន ប៉ុន្តែបើមានបុគ្គល ឈ្មោះ ឡឹក លក្ខិណា មករំលោភយក មានន័យថា ក៍ដូចជារំលោភ ទៅលើការងារ របស់រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា ដែរមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចគ្នាដែរ។
ករណីនេះ ក្រុមប្រជាពលរដ្ឋ ក៍បានស្នើសុំ ដល់ថ្នាក់ដឹកនាំរដ្ឋបាល ខេត្តព្រះសីហនុ ជួយចាត់វិធានការ តាមផ្លូវច្បាប់ ទៅលើបុគ្គល លោកស្រី ឡឹក លក្ខិណា និងអ្នកពាក់ព័ន្ធ ដែលបានបញ្ជូនកម្មករ និងជាងឲ្យ មកធ្វើបោះបង្គោលថ្ម ហ៊ុមព័ទ្ធដីសម្រាប់សង់ផ្ទះ របស់ពួកគាត់ ឲ្យបានទាន់ពេលវេលាផង។ ហើយជាងនេះទៀត ប្រជាពលរដ្ឋ ក៍បានសំណូមពរ ដល់ថ្នាក់ដឹកនាំ សាលាដំបូង ខេត្តព្រះសីហនុ ជួយមានចំណាត់ការផ្លូវច្បាប់ ទៅលើបុគ្គល ឈ្មោះ ឡឹក លក្ខិណា តាមប្រព័ន្ធតុលាការជាបន្ទាន់ផង ព្រោះនេះជាបទល្មើស ជាក់ស្តែង។
ទាក់ទិនបញ្ហានេះ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ យ៉ាងខ្លីដូច្នេះថា រដ្ឋបាលខេត្ត បានបែងចែកដីសម្បទាន សង្គមកិច្ចនេះ ជូនបងប្អូនប្រជាពលរដ្ឋ មានក្បាល ៥ គុណ ២០ម៉ែត្រ សម្រាប់សង់ផ្ទះ រស់នៅរួចរាល់អស់ហើយ ដូច្នេះរដ្ឋបាលខេត្ត មិនអាចតាមការពារ ដីទាំងនោះ ជូនបងប្អូនប្រជាពលរដ្ឋ មិនឲ្យមានគេ មករំលោភបំពានបានរាល់ថ្ងៃទេ គឺសូមឲ្យបងប្អូន ប្រជាពលរដ្ឋ ទៅធ្វើផ្ទះរស់នៅ និងការពារដីធ្លីទាំងនោះ ដោយខ្លួនឯង។
យ៉ាងនេះក្តី ឯកឧត្តម យន្ត មីន បានព្រមានថា បើមានជម្លោះ ឬបុគ្គលណាមួយ មកបំពានរំលោភ យកដីសម្បទានសង្គមកិច្ច ដែលរដ្ឋបាល ខេត្តព្រះសីហនុ បានបែងចែក ជូនពលរដ្ឋក្រីក្រទាំងនោះ រដ្ឋបាលខេត្ត នឹងជួយចាត់វិធានការ តាមច្បាប់ជូនប្រជាពលរដ្ឋ។
បញ្ហានេះដែរ មន្រ្តីសាលាខេត្តព្រះសីហនុ មួយរូបសុំមិនបញ្ចេញឈ្មោះ បានចាត់ទុកសកម្មភាព លោកស្រី ឡឹក លក្ខិណា ថាកំពុងបំពានធ្ងន់ធ្ងរ ទៅលើការងារដឹកនាំ របស់រដ្ឋបាលខេត្តព្រះសីហនុ។ គឺមានន័យថា បុគ្គល ឡឹក លក្ខិណា ពិតជាមានសកម្មភាពខ្លាំងជាង ការដឹកនាំ របស់រាជរដ្ឋាភិបាលទៅ
ទៀត ព្រោះថា រាល់ការសម្រចអ្វីមួយ របស់រដ្ឋបាលខេត្ត ព្រះសីហនុ គឺបានអនុវត្តស្របច្បាប់ ឬអនុវត្តទៅតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល និងមានលិខិតបទដ្ឋាន និងអនុក្រឹត្យត្រឹមត្រូវ។
មន្ត្រីសាលាខេត្តព្រះសីហនុដដែល បានសង្កត់ធ្ងន់ថា បើបុគ្គល ឡឹក លក្ខិណា ដែលប៉ុនប៉ង មករំលោភបំពាន ដីពលរដ្ឋខាងលើ មិនទទួលស្គាល់ សេចក្តីសម្រេច របស់រដ្ឋបាលខេត្តទេ គឺមានន័យថា បានប្រឆាំងចំពោះសកម្មភាព ដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតី ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងច្បាស់ក្រឡែតហើយ។ បើយ៉ាងដូច្នេះមែន តើលោកស្រី ឡឹក លក្ខិណា នឹងមានវាសនាបែបណា ព្រោះហ៊ានប្រឆាំងការសម្រេច របស់រដ្ឋបាល ខេត្តព្រះសីហនុ ក៍ដូចជាសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលនោះ។
ដោយឡែក លោក សុខ សុខុម ប្រធានអង្គការ ស៊ីអិនរ៉ូ (CNRO) ប្រចាំខេត្តព្រះសីហនុ បានឲ្យដឹងដែរថា ដីនៅសង្កាត់លេខ១ ស្ថិតក្នុងតំបន់ ក្បាលឆាយ គឺបានការពារដោយ អនុក្រឹត្យលេខ៧០ និង ៧៦។ ហើយលោកបន្តថា បន្ទាប់ពីរាជរដ្ឋាភិបាល សង្កេតឃើញថា មានប្រជាពលរដ្ឋ ក្រីក្រខ្វះដី ដើម្បីសង់លំនៅឋានរស់នៅ ក៍សម្រេចកាត់ឆ្វៀលដី ទីតាំងខាងលើ ជូនប្រជាពលរដ្ឋ តាមអនុក្រឹត្យ១១៦។ ហើយលោក សុខ សុខុម ក៍បានឲ្យដឹងដូច្នេះថា៖ ដីតំបន់នោះ បើទោះបីបុគ្គលណា មានឯកសារកាន់កាប់ដី ឬមានលិខិតបញ្ជាក់ផ្សេងៗ និងប័ណ្ណកាន់កាប់អ្វីក៍ដោយ ប៉ុន្តែដីខាងលើនេះ ត្រូវរាជរដ្ឋាភិបាល បាននីរាករណ៍ រួចរាល់ជាស្ថាពរហើយ។ ដូច្នេះ គ្មានបុគ្គល ឬជនណាម្នាក់ មានសិទ្ធិយកលិខិត ឯកសារ ប័ណ្ណកម្មសិទ្ធិ មកគ្រប់គ្រង លើដីខាងលើនេះ បានទៀតទេ។
លោក សុខ សុខុម បានសង្កត់ធ្ងន់ថា ចំពោះបុគ្គលទាំងឡាយណា ដែលមកបំពានអនុក្រឹត្យ លេខ១១៦ ពិសេសមកបំពានសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល គឺបុគ្គលនោះ ត្រូវតែដកខ្លួនចេញ អោយបានឆាប់ បើចង់សុខខ្លួន ព្រោះបើមិនដកខ្លួនចេញឲ្យឆាប់ទេ បុគ្គលទាំងនោះ នឹងប្រឈមចំពោះមុខច្បាប់។
ពាក់ព័ន្ធបញ្ហាខាងលើ អង្គភាព CSN មិនទាន់ទទួលបាន ការបកស្រាយពន្យល់ ពីលោកស្រី ឡឹក លក្ខិណា នៅឡើយទេ រហូតមកដល់ថ្ងៃនេះ ដោយពុំមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរងចាំទទួល ការបកស្រាយ ពីលោកស្រីនៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម













