ចេញផ្សាយ ថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ខេត្តព្រៃវែង ៖ រយៈពេលប៉ុន្មានថ្ងៃមកនេះ ខេត្តព្រៃវែង បានផ្ទុះកើតរឿង ដ៏រសើបមួយ គឺមានក្រុមឈ្មួញ បាននាំគ្នាទៅគាស់ផ្តួលរំលំ ដើមស្វាយព្រៃមួយដើម ដែលមានអាយុកាលរហូតដល់ទៅ ១៣០ឆ្នាំ នៅភូមិឬស្សីជួរ ឃុំបឹងព្រះ ស្រុកបាភ្នំ និងបានដឹកយកចេញ ទៅបាត់ដោយសុវត្ថិភាព ទាំងដែលមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត បានចុះទៅឃើញ ប៉ុន្តែបានត្រឹមតែធ្វើកំណត់ហេតុ តែគ្មានចំណាត់ការ។
សូមបញ្ជាក់ផងដែរថា ដើមស្វាយព្រៃ អាយុ១៣០ឆ្នាំនេះ ត្រូវបានគេគាស់ផ្តួល កាលពីថ្ងៃទី៣ ខែធ្នូ ២០១៨ ដោយមនុស្សមួយក្រុម ដែលគេបានអះអាងថា បានទិញពីម្ចាស់ដើមស្វាយនេះរួចហើយ ក្នុងគោលបំណង ដើម្បីយកទៅដាំ នៅក្នុងរោងចក្រមួយកន្លែង ក្នុងទីប្រជុំជនអ្នកលឿង។
បើតាមប្រភពច្បាស់ការមួយ ពីមន្ត្រីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នៅពេលដែលផ្តួលរំលំ ដើមស្វាយនេះបានហើយ បំរ៉ុងដឹកចេញ ក៍មានអ្នកសារព័ត៌មាន មួយក្រុមទៅទាន់ និងបានថតចុះផ្សាយ ពីសកម្មភាពនេះ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើល ពេញខេត្ត លុះស្អែកឡើង ថ្ងៃទី៤ ខែធ្នូ ឃើញលោក
ឃឹម អូន នាយសង្កាត់រដ្ឋបាលព្រៃឈើ ខេត្តព្រៃវែង ចុះទៅត្រួតពិនិត្យវាស់វែង ធ្វើកំណត់ហេតុ រួចក៍ត្រឡប់ទៅវិញ ដោយទុកដើមស្វាយនោះ នៅទីតាំងដដែល និងគ្មានការការពារអ្វីនោះទេ ដូចគ្រាន់តែទៅមើល បង្គ្រប់កិច្ច តែប៉ុណ្ណោះ។
ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិឬស្សីជួរ បានរាយការណ៍ប្រាប់ក្រុមអ្នកសារព័ត៌មាន យើងថា រហូតមកដល់ម៉ោង ២រសៀល ថ្ងៃទី១១ ខែធ្នូ ស្រាប់តែឃើញ ក្រុមឈ្មួញនាំគ្នា មកដឹកយកដើមស្វាយព្រៃនោះ ទៅបានយ៉ាងរលូន ដោយគ្មានការរំខាន ពីសមត្ថកិច្ច ឬមន្ត្រីជំនាញពាក់ពន្ធ័ណាឡើយ។
ក្រោយពីទទួលបាន ព័ត៌មាននេះភ្លាម អ្នកយកព័ត៌មានយើង បានសាកសួរទៅកាន់ អាជ្ញាធរមូលនោះផងដែរ ហើយបានជាលទ្ធផល ក៍លេចចេញនូវ លិខិតអនុញ្ញាតិមួយ ធ្វើនៅថ្ងៃទី៧ ខែធ្នូ ២០១៨ ក្រោយពេលដែលដើមស្វាយព្រៃនោះ ត្រូវកាប់ផ្តួលបាន ៣ថ្ងៃ ដែលបានចុះហត្ថលេខា ឯកភាព និងអនុញ្ញាតិដោយលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម ខេត្តព្រៃវែង និងលោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង។
ដោយអនុញ្ញាតិឲ្យបុរសម្នាក់ ឈ្មោះ ស៊ិន សុវណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅផ្ទះលេខ១៧ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទិញដើមស្វាយ ចំនួន ៣ដើម ពីប្តីប្រពន្ធ ២នាក់ ឈ្មោះ ជួប សែន ( ជាបី្ត ) និងប្រពន្ធឈ្មោះ
ទិត្យ ហ៊ីម មានទីលំនៅ ក្នុងភូមិឬស្សីជួរ ឃុំបឹងព្រះ ស្រុកបាភ្នំ ក្នុងតម្លៃ ១លាន ៧សែនរៀល ក្នុង១ដើម ដើម្បីយកទៅដាំលម្អសោភណ្ឌភាព នៅមុខរោងចក្រ ទិញលក់គ្រាប់ឈូក ៩៩៩ នៅទីប្រជុំជនអ្នកលឿង ប៉ុន្តែទើបតែគាស់ដឹកចេញ បាន ១ដើម ក៍បែករឿងតែម្តង។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ២០១៨នេះ អ្នកព័ត៌មានយើង បានតាមទៅថតយករូបភាព ដើមស្វាយព្រៃ ដែលគេដឹកចេញនោះ គឺពិតជាត្រូវបាន ដឹកយកមកទុក នៅក្នុងរោងចក្រ ទិញលក់គ្រាប់ឈូក ៩៩៩ នោះមែន ប៉ុន្តែពលរដ្ឋនៅក្បែនោះ បញ្ជាក់ប្រាប់ថា រោងចក្រនោះ បានបិទទ្វារជាង ២ខែ មកហើយ ដោយសាររកស៊ីមិនចំណេញ។ ហើយនៅក្នុងរោងចក្រនោះ ពុំមានអ្វីទាំងអស់ ក្រៅពីដើមរាំង ជាច្រើនដើម ដែលគេដើរប្រមូលទិញ ពីតាមភូមិ យកមកស្តុបទុកនៅទីនេះ ហើយធ្វើការនាំចេញ ទៅប្រទេសវៀតណាម នៅពេលដែលមានឈ្មួញខាងវៀតណាមត្រូវការ។ ហើយដើមស្វាយព្រៃ ដែលគេយកមកនេះ ក៍មានជោគវាសនា ដូចជាដើមរាំងទាំងនោះដែរ។
ពាក់ពន្ធករណីខាងលើនេះ ពលរដ្ឋ នឹងមន្ត្រីអាជ្ញាធរ មូលដ្ឋានមួយចំនួន បានស្នើសុំដល់ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នឹងជាប្រធាន គណ:បញ្ជាការឯកភាពខេត្ត មេត្តាពិនិត្យមើល ករណីមន្ត្រីខិលខូច ឃុបឃិត ជាមួយឈ្មួញទុច្ចរិត រកស៊ីបំផ្លាញ ធនធានធម្មជាតិ ក៍ដូច ទ្រព្យសម្បត្តិជាតិ នេះ ជាបន្ទាន់ផង ព្រោះថា កន្លងមកខេត្តព្រៃវែង បងប្អូនសារពត៌មាន ក៍ដូចជាសាធារណៈ គ្រប់មជ្ឈដ្ឋាន តែងតែមានការកោត សរសេីរ មិនដាច់ពីមាត់ ទៅលេី ឯកឧត្តម អភិបាលខេត្ត ដឹកនាំមន្ត្រីក្រោមឱវាទ នឹងមន្ត្រីកងកម្លាំង ប្រដាប់អាវុធ បំពេញការងារ បំរើប្រជាពលរដ្ឋ បានយ៉ាងល្អ មិននឹកស្មាន លេចចេញនូវមន្ត្រីមួយក្តាប់តូច គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន មកបំផ្លាញកិត្តិយស ថ្នាក់ដឹកនាំខេត្តបែបនេះសោះ។
តែទោះយ៉ាងណា ពាក់ព័ន្ធរឿងដ៍រសើប ខាងលើនេះ អង្គភាពយើង ពិបាកនឹងស្វែងរក សុំការបកស្រាយពន្ត៊យល់ នឹងបំភ្លឺពីលោក សួន ម៉ាលីន អភិបាលរង ខេត្តព្រៃវែង នឹង លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម ខេត្តព្រៃវែង រួមទាំង លោក ឃឹមអូន នាយខ័ណ្ឌរដ្ឋបាលព្រៃឈេីខេត្ត ខ្លាំងណាស់ ដោយគ្មានលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនង ដូច្នេះរហូតមកដល់ថ្ងៃនេះ ពុំមានការបកស្រាយ ពន្យល់ណាមួយនោះទេ អង្គភាពយើង រងចាំការបកស្រាយបំភ្លឺ ពីមន្ត្រីពាក់ព័ន្ធខាងលើ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម














