ចេញផ្សាយ ថ្ងៃព្រហស្បត្ណិ ៥កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
កំពង់ស្ពឺ ៖ លោក ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺ នឹងលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តកំពង់ស្ពឺ ឆ្លើយដាក់គ្នា ក្រោយពីបែកធ្លាយរឿង ដោះលែងជនសង្ស័យ ២នាក់ ជាមុខសញ្ញាចោរប្លន់ ទី១ ឈ្មោះ អាយ អ៊ីង ហៅ { អឿន ម៉ៅ } ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រែកតាម៉ែ ឃុំកំពង់អុស ស្រុកពញឮ ខេត្តកណ្ដាល និងទី២ ឈ្មោះ នោ ពន ភេទប្រុសអាយុ ៤៨ឆ្នាំ រស់
នៅភូមិព្រៃអន្សែ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែរត្រូវបានកម្លាំងនគរបាល ស្រុកឧដុង្គ ចាប់ខ្លួនកាលពីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើស លួចមានស្ថានទម្ងន់ទោស។
ពាក់ព័ន្ធការបែកធ្លាយ នូវអំពើពុករលួយខាងលើ លោក ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺ បានប្រាប់អ្នកព័ត៌មានយើងថា ពាក់ព័ន្ធការដោះលែងនេះ សួរទៅលោកស្រី ព្រះរាជអាជ្ញា ចាត សូរស្មី ខាងនគរបាល មិនមានសិទ្ធិ ឲ្យជនសង្ស័យ នៅក្រៅឃុំទេ។ ហើយ ការសម្រេចដោះលែង ជនសង្ស័យ ជាមុខសញ្ញាចោរប្លន់ មិនមានពាក់ព័ន្ធនឹងលោកទេ គឺលោកស្រី ព្រះរាជអាជ្ញា ចាត សូរស្មី ជាអ្នកសម្រេច។
បើតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យសាលាដំបូង និងស្ថាប័នអយ្យការ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នេះថា រឿងដោះលែងជនសង្ស័យ ២នាក់ ខាងលើ គឺធ្វើតាមការស្នើសុំ របស់លោក ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺ ។
សេចក្តីថ្លែងការណ៍លេខ ២៧ ស.ថ.ក/០១៩ របស់សាលាដំបូង ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺ បានផ្ញើរបាយការណ៍លេខ ០៣ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ដោយស្នើសុំ ឲ្យព្រះរាជអាជ្ញា ដោះលែងជនសង្ស័យ ជាចោរប្លន់ ទាំង ២នាក់នោះវិញ ព្រោះគ្មានភស្តុតាង ដាក់បន្ទុកនោះទេ ទើបព្រះរាជអាជ្ញា សម្រេចឲ្យដោះលែង ដោយចារលើរបាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ សម សាមួនស្នងការខេត្ត ដោយតម្រូវឲ្យនគរបាល៖ ធ្វើការស៊ើបអង្កេតស្រាវជ្រាវបន្ត តាមនីតិវិធី ត្រូវមានអ្នកធានាច្បាស់លាស់ និងឲ្យធ្វើកិច្ចសន្យា មិនប្រព្រឹត្តខុសច្បាប់។
បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសចោរប្លន់ឆ្លងខេត្ត ខាងលើ សមត្ថកិច្ច ដកហូតវត្ថុតាងមួយចំនួន ពីឈ្មោះ អាយ អ៊ីង ហៅ { អឿន ម៉ៅ } មានរថយន្ត ម៉ាកសាំយ៉ុង ព័ណ័ស ពាក់ស្លាកលេខ ភ្នំពេញ 2W-7761 ចំនួន ១គ្រឿង និងគ្រឿងសោ ។ ហើយនៅពេលឃាត់ខ្លួន ឈ្មោះ នោ ពន សមត្ថកិច្ច ដកហូតបាន ម៉ូតូ ម៉ាកសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1K-1421 និងទូរស័ព្ទដៃ ចំនួន ១គ្រឿង។ ហើយក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង ២នាក់ បានហើយ ប្រពន្ធរបស់ជនសង្ស័យ ឈ្មោះ នោ ពន មានឈ្មោះ រដ្ឋា ចន្ទ្រា ភេទស្រី អាយុ ២៩ឆ្នាំ បានមកប្រគល់វត្ថុតាង មួយចំនួនទៀត រួមមាន៖ កូនសោ ប្រដាប់ឆ្កឹះសោម៉ូតូ ប្រដាប់កឹបស្លាកលេខ ជាដើម។
រីឯរថយន្តខាងលើ ត្រូវពួកគេលួចបាន រួចយកទៅលាក់ទុក នៅផ្ទះរបស់ឈ្មោះ នោ ពន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។ ហើយបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អាយ អ៊ីង ហៅ { អឿន ម៉ៅ } សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ នោ ពន យកទៅសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាព កាច់កម៉ូតូ នៅខេត្តព្រះសីហនុ ចំនួន ៣លើក យកមកលក់នៅផ្ទះ ឈ្មោះ នោ ពន។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបន្តឲ្យដឹងថា៖ ករណីដ៍រសើបនេះ បែកធ្លាយចេញពី ប្រពន្ធរបស់ជនសង្ស័យ ឈ្មោះ នោ ពន មានឈ្មោះ រដ្ឋា ចន្ទ្រា ភេទស្រី អាយុ ២៩ឆ្នាំ ដើរអួតអាង និយាយប្រាប់អ្នកភូមិ និងបាននិយាយបញ្ឈី ចំអកឡកឡឺយ ដល់មន្ត្រីប៉ូលីសមូលដ្ឋានថា៖ សម័យនេះ គុកគេធ្វើដាក់អ្នកអត់មានលុយ បើមានលុយហើយ ប្រើខ្មោចឲ្យកិនម្សៅក៍បានដែរ សមត្ថភាព ត្រឹមប៉ូលីសក្រោមអស់ហ្នឹង មិនដឹងជាខំមកចាប់ប្តីខ្ញុំធ្វើអី បើគង់តែបញ្ជូនទៅដល់លើ គេដោះលែងមកវិញដដែល អីក៍ល្ងង់ម្លេះ អស់តែម្នាក់ ៦០០០ដុល្លារ ចេញមកវិញប្រុយ អត់បញ្ហា។
ពាក់ព័ន្ធការដោះលែង ជនសង្ស័យមុខសញ្ញាចោរប្លន់ ទាំង២ នាក់ ខាងលើ មានមន្ត្រីនគរបាលមួយចំនួន សុំមិនបញ្ចេញឈ្មោះ បាននាំគ្នារអ៊ូរទាំ នឹងរិះគន់ ដល់ថ្នាក់ដឹងនាំលើ របស់ខ្លួន យ៉ាងចំៗថា៖ ករណីនេះ ប្រសិនបើដូចអ្នកនាំពាក្យ សាលាដំបូង និងស្ថាប័នអយ្យការ ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺ បានផ្ញើរបាយការណ៍លេខ ០៣ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១
៩ ស្នើសុំ ឲ្យព្រះរាជអាជ្ញា ដោះលែងជនសង្ស័យ ជាចោរប្លន់ ទាំង ២នាក់នោះវិញ ដោយថា គ្មានភស្តុតាង ដាក់បន្ទុកនោះ មិនដឹកថាភស្តុតាង បែបណាទើបអាចដាក់បន្ទុក ទៅលើជនសង្ស័យបាននោះទេ ព្រោះថា ភស្តុតាង នឹងចម្លើយសារភាព របស់ជនសង្ស័យ នៅចំពោះសមត្ថកិច្ចក៍មាន នេះដោយសារប្រយោជន៍ នឹងលាភសក្ការៈ ផ្ទាល់ខ្លួន ឬយ៉ាងណា បានជាមើលមិនឃើញ ពីការលំបាក របស់កូនចៅ ថ្នាក់ក្រោម ដែរខិតខំស្រាយជ្រាវ រកមុខសញ្ញា មិនគិតថាយប់ ឬថ្ងៃ មិនគិតពីការគ្រោះថ្នាក់ ទម្រាំចាប់បានជនសង្ស័យ និងភស្តុតាងមួយចំនួន រៀបចំកសាងសុំណុំរឿង ហើយត្រូវចំណាយថវិកា បញ្ជូនខ្លួនជនសង្ស័យទៅលើ មិនជាការស្រួលទេ តែចុងក្រោយ ថ្នាក់លើ ធ្វើឲ្យជនសង្ស័យ វាយតម្លៃនឹងមើលងាយ តែប៉ុណ្ណោះ។
ពាក់ព័ន្ធកាលដែល លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តកំពង់ស្ពឺ នឹងលោក សម សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺ កំពុងឆ្លើយដាក់គ្នា ទៅវិញទៅមកនេះ មជ្ឈដ្ឋាននានា បានលើកឡើង នឹងរិះគន់ថា ករណីនេះ បើអ្នកទាំង២នាក់ មិនមានការត្រូវរ៉ូវគ្នា ពាក់ព័ន្ធនឹងប្រយោជន៍ទេ ក៍លោកស្នងការរូបនេះ មិនអាចហ៊ាន ផ្ញើរបាយ
ការណ៍លេខ ០៣ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ស្នើសុំ ឲ្យព្រះរាជអាជ្ញា ដោះលែងជនសង្ស័យ ជាចោរប្លន់ទាំង ២នាក់នោះវិញដែរ នេះមុខតែមានការត្រូវរ៉ូវគ្នា រវាងក្រុមគ្រួសាររបស់ជនសង្ស័យ នឹងលោកស្នងការរូបនេះ ក្នុងតម្លៃណាមួយ ដូចប្រពន្ធជនសង្ស័យ បានដើរអួតអាង ប្រាប់អ្នកភូមិនោះហើយ។
ប្រភពពីមជ្ឈដ្ឋាន បានបន្តរិះគន់ថា លោក សម សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺ មិនគួរអ្វើទង្វើបែបនេះ ព្រោះតែប្រយោជន៍ ផ្ញើរបាយការណ៍ អន្តរាគមន៍ ស្នើសុំព្រះរាជ្ញា ដោះលែងជនសង្ស័យទាំង២នាក់ ដែលជាមុខសញ្ញាចោរប្លន់ ឲ្យរួចខ្លួនបានយ៉ាងស្រួល ខណ:សមត្ថកិច្ចនគរបាលមូលដ្ឋាន
ខំចាប់បញ្ជូនទៅ ហើយថាគ្នានភស្តុតាងច្បាស់លាស់ ក្នុងការដាក់បន្ទុកទៅវិញ ទង្វើបែបនេះ កំពុងបង្រៀនកូនចៅ នៅថ្នាក់ក្រោមៗ ឲ្យចេះពុករលួយហើយ ខំចាប់បញ្ជូនធ្វើអ្វី បើចាប់បញ្ជូនទៅ ដោះលែងមកវិញដដែល ជាក់ស្ដែងដូចករណីនេះអញ្ចឹង។
មជ្ឈដ្ឋាននានា បានអំពាវនាយ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាដាក់ការសើបអង្កេត ឲ្យបានស៊ីជម្រៅ ទៅលើលោក ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺ ជាបន្ទាន់ផង ព្រោះថា កាស្នើសុំ ឬហៅថា ជាការអន្តរាគមន៍ ដោះលែងជនសង្ស័យ ជាមុខសញ្ញាចោរប្លន់ ២នាក់ ខាងលើនេះ សង្ស័យពាក់ព័ន្ធ នឹងថ្នូរផលយោជន៍ ច្រើនជាងហេតុផលថា ដោះលែងជនសង្ស័យ ជាចោរប្លន់ ទាំង២នាក់ ព្រោះគ្មានភស្តុតាង ដាក់បន្ទុក។
គួរញ្ជាក់ផងដែរថា ជនសង្ស័យ ជាមុខសញ្ញាចោរប្លន់ ទាំង ២នាក់ ដែលនគរបាល ឃាត់ខ្លួនបាន ទី១ ឈ្មោះ អាយ អ៊ីង ហៅ { អឿន ម៉ៅ } ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រែកតាម៉ែ ឃុំកំពង់អុស ស្រុកពញឮ ខេត្តកណ្ដាល និងទី២ ឈ្មោះ នោ ពន ភេទប្រុសអាយុ ៤៨ឆ្នាំ រស់នៅភូមិព្រៃអន្សែ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ត្រូវកម្លាំងនគរបាល ស្រុកឧដុង្គ ចាប់ខ្លួនកាលពីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើស លួចមានស្ថានទម្ងន់ទោស។ ហើយជនសង្ស័យឈ្មោះ អាយ អ៊ីង ហៅ { អឿន ម៉ៅ } ត្រូវចាប់ខ្លួន កំពុងបើករថយន្ត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-7761 ស៊េរីឆ្នាំ ២០០២ ចេញពីផ្ទះ របស់ជនសង្ស័យ ឈ្មោះ នោ ពន នៅចំណុច ភូមិព្រៃអន្សែ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម
















