ចេញផ្សាយ ថ្ងៃសៅរ៍ ៦រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ខេតស្ទឹងត្រែង ៖ សេចក្ដីរាយការណ៍ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ សកម្មភាពដឹកជញ្ជូនឈើ នៅតែមានរថយន្តខ្នាតធំ ប្រភេទវ៉េអង និងយីឌុប សម្រុកចូលទៅត្រៀម ដឹកជញ្ជូនឈើ ពីតំបន់វ៉ារីអគ្គសនីសេនសាន { បាតអាង } ក្នុង១ថ្ងៃៗ មិនក្រោម ៥០គ្រឿង ទៅ ៧០គ្រឿងទេ ដែរសម្រុកចូលដឹកឈើ ចេញពីរោងចក្រ អារកែច្នៃឈើបណ្តោះអាសន្ន នៅស្រុកសេសាន ហើយឆ្ពោះទៅកាន់ ព្រំដែនវៀតណាម រាល់យប់ យ៉ាងរញ្ជួយ ខេត្តស្ទឹងត្រែង និងផ្លូវជាតិលេខ៧។
បើតាមប្រភព ព័ត៌មានច្បាស់ការ ពីមេការកម្មករលើកឈើ នៅក្នុងរោងចក្រខាងលើ សុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់ ឲ្យដឹងថា រថយន្តវ៉េអង នឹងរថយន្តយីឌុប សម្រុកដឹងជញ្ជូនឈើ ខាងលើនេះ ចូលទៅដឹកឈើ ប្រភេទលេខ១ និងលេខ២ ចេញពីរោងចក្រ អារកែច្នៃឈើ បណ្តោះអាសន្ន សេសាន ដំណើរការ រៀងរាល់ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី៥ មករា ឆ្នាំ២០១៩ មកម្លេះ ។ ហើយនៅក្នុង ខែមករា នេះ បើគិតពីចាប់ផ្ដើមតំណើការមក ថ្ងៃទី៥ ចេញចំនួន ១២រថយន្ត ថ្ងៃទី៦ មករា ចំនួន ១៤រថយន្ត ថ្ងៃទី៧ មករា ចំនួន ១៤រថយន្ត ថ្ងៃទី៨ មករា ចំនួន ១៥រថយន្ត ថ្ងៃទី៩ មករា ចំនួន ១៦រថយន្ត និងថ្ងៃទី១០ មករា ចំនួន ១៩រថយន្ត រហូតមកដល់ ថ្ងៃទី២១-២២-២៣-២៤ ខែមករា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន នៅតែបន្តដឹកចេញ ជាបន្តបន្ទាប់ ក្នុង១យប់ៗ មិនក្រោម ១០រថយន្តទេ ដឹកជញ្ជូនរាល់ថ្ងៃនេះ ជាឈើរបស់លោកឧកញ៉ា ជ័យ ដែលមេឈ្មួញឈើដ៏ធំ ល្បីប្រចាំខេត្តស្ទឹងត្រែង។
ពាក់ព័ន្ធដឹកជញ្ជូនឈើ កក្រើកខេត្តស្ទឹងត្រែង ចេញពី រោងចក្រ អារកែច្នៃឈើ បណ្តោះអាសន្ន សេសាន លោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើស្តីទី បានប្រាប់ឲ្យអ្នកព័ត៌មានយើងដឹងថា ឈើដែលដឹកតាមរថយន្ត វ៉េអង និងយីឌុបខាងលើ ជាប្រភេទឈើលេខ១ និងលេខ២ ដឹកជញ្ជូន តាមការអនុញ្ញាត របស់មន្ទីរកសិកម្ម និងរដ្ឋបាលព្រៃឈើ និងមានការវាស់វែងត្រឹមត្រូវ មុនឡើងរថយន្ត ចេញដំណើរ។
លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង ក៍បានឲ្យដឹកថា រថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ អារកែច្នៃនេះ ចេញពីរោងចក្រ អារកែច្នៃឈើបណ្តោះអាសន្ន សេសាន ជាបន្តបន្ទាប់ រៀងរាល់ថ្ងៃ ដោយអនុវត្ត តាមគោលការណែនាំ លើលិខិតអនុញ្ញាត ពុំមានល្មើសផ្ទុយពីការអនុញ្ញាតឡើយ ក៍ប៉ុន្តែលោក មិនបានបញ្ជាក់ប្រាប់ថាឈើនេះ ដឹកជញ្ជូនទៅណាទេ ។
លោក ចាប ពិសិដ្ឋ នាយរងសង្កាត់ រដ្ឋបាលព្រៃឈើ សេកុង និងជាប្រធានក្រុមចម្រុះ ប្រចាំគោលដៅ ថ្នាលបណ្តុះកូនឈើ ភ្នំក្រហម បានឲ្យដឹងថា ឈើដែលដឹកតាមរថយន្ត ធុនធំខាងលើ ជាប្រភេទឈើលេខ១ និងលេខ២ ដោយបានផ្ទុកលើរថយន្ត ចំណុះ ១៨ម៉ែត្រគូប គឺជាចំនួនម៉ែត្រគូបត្រីគុណ ដែលច្បាប់អនុញ្ញាត កំណត់ផ្ទុកលើរថយន្ត។
ប្រភពពីមន្ត្រីនៃមន្ទីរកសិកម្ម សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ឈើទាំងនេះ ពួកគេបានមកពី កាប់បំផ្លាញព្រៃឈើ ខាងក្រៅតំបន់បាតអាង នៃទំនប់វារីអគ្គិសនី សេសានក្រោមពីរ ។ ហលយចាប់កក្រើកឡើងវិញ សារជាថ្មីទៀតនេះ ន្ទាប់ពីរាជរដ្ឋាភិបាល កម្ពុជា ចេញសេចក្តីសម្រេច អនុញ្ញាតឲ្យក្រុមហ៊ុន វិនិយោគសម្បទានដីសេដ្ឋកិច្ច បន្តឈូសឆាយ សំអាតទីតាំង វិនិយោគ ព្រមទាំងប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើ ដែលបានមកពីការឈូសឆាយ កាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅ។ ហើយកន្លងមកថ្មីៗនេះ សមត្ថកិច្ចខេត្តក្រចេះ ក៍បានស្ទាក់ចាប់ឈើ ចំនួន ១៤ឡានយីឌុប ដែលគេស្គាល់ថា ជាឈើរបស់ លោក មុិក សុផាណារ៉េត ( ហៅជ័យ ) ដឹកចេញពីតំបន់បាតអាង ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។
ប្រភពបន្តថា ករណីនេះ ឧកញ៉ាៗ ឈ្មួញឈើល្បីៗ ដូចលោក មុិក សុផាណារ៉េត { ហៅជ័យ } អាចនិយាយបានថា គ្រាន់តែជាកូនជីង របស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក៍ថាបាន ព្រោះករណីនេះ គេល្បីថា អ្នកឧកញ៉ា គិត ម៉េង ជាអ្នកនៅពីក្រោយ ធ្វើជាអ្នកបោះមេជូស៊ី? ។ ហើយឲ្យឧកញ៉ា ឈ្មួញឈើល្បីៗ ដូចលោក មុិក សុផាណារ៉េត { ហៅជ័យ } ជាអ្នកធ្វើសកម្មភាព ដើម្បីបន្តកាប់បំផ្លាញព្រៃឈើ ពីក្រៅតំបន់បាតអាង ដោយជ្រកក្រោមហេតុផល ច្បាប់អនុញ្ញាត វិនិយោគ លើដីសម្បទានសេដ្ឋកិច្ច បន្តឈូសឆាយ សំអាតទីតាំង បែបនេះ។
ដោយឡែង ប្រភពពីិសហគមន៍ ជនជាតិដើមភាគតិច រស់នៅឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង មិនបានបញ្ចេញឈ្មោះ បានឲ្យដឹងថា រយៈពេល ជាងដប់ថ្ងៃមកហើយ ពួកគាត់បានឃើញសកម្មភាព ដឹកជញ្ជូនឈើ តាមទឹក និងបន្តដឹកតាមរថយន្ត បាកុង ចូលក្នុងទីតាំង រោងម៉ាស៊ីនអារឈើ ក្បែរទំនប់វារីអគ្គិសនី កាប់ចេញពីព្រៃឧទ្យានជាតិវីរៈជ័យ ដែលស្ថិតនៅជាប់ព្រំដែនឡាវ ក្នុងស្រុកសៀមប៉ាង។
បើតាមបហរភព ពីកម្មករស៊ីឈ្នួល អារឈើឲ្យក្រុមហ៊ុនខាងលើ ដោយពួកគេសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កំពុងធ្វើសកម្មភាព នៅក្នុងនោះ មានលោកឧកញ៉ា លឹម ប៊ុណ្ណា { ហៅ ឧកញ៉ាខ្នា } និងលោក ឧត្តមសេនីយ៍ យោធាមួយរូប ឈ្មោះ ម៉ឹក សុផាន់ណារ៉េត (ហៅជ័យ) បានទទួលអាជ្ញាសិទ្ធិ ពិសេស ពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង ក្នុងការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនចូលមកក្នុងទីតាំងស្តុក ដ៏ធំមហិមាមួយកន្លែង ចម្ងាយ ៣គីឡូម៉ែត្រ ខាងជើងទំនប់វារីអគ្គិសនី ដើម្បីអារច្រៀក រួចលើកឡើងរថយន្តយីឌុប នឹងរថយន្តវ៉េអង ដឹកបន្តយកទៅលក់ នៅព្រំដែនប្រទសវៀតណាម។
ប្រភពខាងលើបន្តថា ឈ្មោះ សេង និងប្រពន្ធ ជាមេការក្រុមហ៊ុន [Royal Group] របស់អ្នកឧកញ៉ា គិត ម៉េង និងលោក សាន ចយ ជាមេការរបស់លោកឧកញ៉ា លឹម ប៊ុណ្ណា និងឈ្មោះ ឃុយ ជាមេការ របស់ឧត្តមសេនីយ៍ ម៉ឹក សុផាន់ណារ៉េត កំពុងបន្តកៀងគរពលរដ្ឋ រាប់ពាន់នាក់ ប្រដាប់ដោយម៉ាស៊ីនត្រង់ស៊ីន័រ រាប់រយគ្រឿង និងរថយន្តបាកុង រាប់រយគ្រឿង ឲ្យចូលទៅ កាប់ឈើក្នុងព្រៃសហគមន៍ និងព្រៃឧទ្យានជាតិវីរៈជ័យ ដែលការពារដោយព្រះរាជក្រិត្យ យ៉ាងអនាធិបតេយ្យ ហើយដឹកជញ្ជូនចូលទៅ ក្នុងតំបន់បាតអាង ដើម្បីប្រែក្លាយឈើទាំងនោះ ឲ្យទៅជាឈើស្របច្បាប់។
កម្មករដដែលបានបន្តថា ឈើកាប់យកមកអាកែច្នៃនេះ មានឈើគ្រប់ប្រភេទដូចជា ធ្នង់ សុក្រំ ស្រឡៅ គគី កកោះ និងឈើទាល ឈ្លីក មិនតិចជាង ២ម៉ឺនម៉ែត្រគូបនោះទេ ដែលគេស្តុកទុកក្នុងបរិវេណដ៍ធំ រាប់គីឡូដី បន្ទាប់ពីរាជរដ្ឋាភិបាល បិទមិនឲ្យមានការដឹកជញ្ជូនឈើ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ ។ ហើយបរិវេណនេះ ត្រូវបានគេដាក់កម្លាំងប្រដាប់អាវុធ យាមកាមគ្រប់ច្រក មិនឲ្យអ្នកក្រៅចូលឡើយ។
ប្រភពពីប្រជាសហគមន៍ បានលើកឡើងថា ព្រៃឈើដែលជាប្រភព ផលអនុផល របស់ជនជាតិដើមភាគតិច បានបាត់បង់ទាំងស្រុង ហើយបច្ចុប្បន្ន នៅសេសសល់តែ ឈើមិនទាន់គ្រប់អាយុ និងគ្មានតម្លៃលើទីផ្សារ តែប៉ុណ្ណោះ ។
ការលើកឡើងរបស់ប្រភពខាងលើៗ ក៍មិនខុសប៉ុន្មាន ពីកម្មករលើកឈើ នឹងម្ចាស់ដេប៉ូឈើ នៅផ្សារសាំងកសី នឹងផ្សាថ្នល់បត់ ខេត្តកំពង់ស្ពឺ ប៉ុន្មានដែរ ជាក់ស្ដែងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ អ្នកព័ត៌មានយើង បានឃើញរថយន្តវ៉េងអង នឹងរថយន្តយីឌុប ចំនួនប្រមាណ ៥គ្រឿង កំពុងទម្លាក់ឈើចុះ ដាក់តាមដេប៉ូ នៅពេលអ្នកព័ត៌មានយើង ធ្វើការសាសួរ ពួកគាត់ប្រាប់ថា ឈើរបស់អ្នកឧកញ៉ា គិត ម៉េង មានច្បាប់ PC ត្រឹមត្រូវ នេះសបញ្ជាក់យ៉ាងច្បាស់ថា លោកឧកញ៉ា លឹម ប៊ុណ្ណា { ហៅ ឧកញ៉ាខ្នា } និងលោក ឧត្តមសេនីយ៍ យោធាមួយរូប ឈ្មោះ ម៉ឹក សុផាន់ណារ៉េត (ហៅជ័យ) គ្រាន់តែជាកូនជីង សម្រាប់ក្នុងការកាប់បំផ្លាញព្រៃឈើ ក្រៅតំបន់បាតអាង ដោយជ្រកក្រោម កាទទួលសិទ្ធ វិនិយោគ លើដីសម្បទានសេដ្ឋកិច្ច បន្តឈូសឆាយ សំអាតទីតាំង បាតអាងតែប៉ុណ្ណោះ ។
ដោយឡែក មន្ត្រីសាលាខេត្តស្ទឹងត្រែងមួយរូប បានសម្ដែងចេញ ការសោកស្តាយ ពីវិនាសកម្មព្រៃឈើ នៅតំបន់នោះ ដែលកម្ពុជា មានច្បាប់ស្ដីពីព្រៃឈើ និងមានមន្ត្រីជំនាញ ពាក់ព័ន្ធជាច្រើន ដែលមានភារកិច្ចបង្ក្រាប បទល្មើសព្រៃឈើ អនុលោមតាមច្បាប់កំណត់ ក៍ប៉ុន្តែធាតុពិត ការលប់បំបាត់បទល្មើសព្រៃឈើ គឺគ្មានប្រសិទ្ធភាព បង្កឲ្យក្រុមជនខិលខូច និង អ្នកមានឥទ្ធិពល នៅតែមានឱកាសបំផ្លាញព្រៃឈើខុសច្បាប់ដដែលៗ។ លោកបន្តថា៖ { បើថ្នាក់ដឹកនាំ នៅបន្តមិនយកចិត្តទុកដាក់ បណ្ដោយឲ្យក្រុមទាំងអស់នោះ នៅតែបំផ្លាញ ធ្វើឲ្យធនធានធម្មជាតិ ហិនហោចទៅ និងប្រព័ន្ធច្បាប់ កាន់តែធូររលុង គ្មានឥទ្ធិពលអីទៅចាត់វិធានការច្បាប់ លើជនដែលបំផ្លាញធនធានធម្មជាតិ ទាំងអស់ហ្នឹងទេ»} ។
មន្ត្រីសាលាខេត្តខាងលើ បានបញ្ជក់ផងដែរថា ផ្ទៃអាងទំនប់វារីអគ្គិសនី សេសានក្រោមពីរ មានទំហំ ៣៦.០០០ ហិកតា ឋិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានក្រុមហ៊ុនឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ ( Ang & Associates Lawyer Co ., Ltd ) របស់ឧកញ៉ា គិត ម៉េង ទទួលសិទ្ធិសម្អាតបាតអាង តាំងពីឆ្នាំ២០១២។
ពាក់ព័ន្ធករណីខាងនេះ CSN មិនទាន់អាចសុំការបំភ្លឺបន្ថែម ពីអ្នកឧកញ៉ា គិត ម៉េង បាននៅឡើយទេ ដោយពុំមានលេខទូរស័ព្ទ របស់អ្នកឧកញ៉ា ធ្វើការទំនាក់ទំនង អង្គភាពយើង នឹងព្យាយាមស្វែងរកសុំការបំភ្លឺ ជុំវិញកាលើកឡើង ពីប្រភពខាងលើនេះ ជាព័ត៌មានបន្ថែម ដើម្បយកមកធ្វើការផ្សាយ ជូនមិត្តអ្នកអាន នៅពេក្រោយទៀត។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕














