ចេញផ្សាយ ថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
មណ្ឌលគិរី៖ ដីចម្កាស្រល់របស់រដ្ឋ ដែលមានទំហុំ ២២៥ហិកតា គ្រប់
គ្រងដោយរដ្ឋបាលព្រៃឈើ ហើយឃើញមាន ការរំលោភកាន់កាប់ ដោយ មានបោះបង្គោលរបងថ្ម ព័ទ្ធយកដីនោះ ឥឡូវនេះ បានដឹងមុខក្រុមមន្ត្រីទុច្ចរិត ដែលហ៊ានហ៊ុំព័ទ្ធរបង រំលោភយកដីចម្ការស្រល់នេះ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ទាំងឥតអៀនខ្មាស់ហើយ។
នេះបើតាមការខ្សឹបប្រាប់ ពីមន្ត្រីមួយរូប ក្នុងខេត្តមណ្ឌលគិរី ដោយមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ក្រោយការសាកសួរ និងវាស់វែង នៅលើទីតាំងជាក់ស្តែង គេពិនិត្យឃើញថា មានដូចជា៖
ទី១, ចំណុចនិយាមកា ៧៣៧៥២៥ និង ១៣៦៦១៤៥ ជាដីចម្ការស្រល់ ដែលមានបាញ់ថ្នាំក្រហមសម្គាល់ និងមានស្នាម ទើបដកបង្គោលចេញវិញនោះ ដីចំណុច ស្ថិតនៅក្នុង ភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូរាំង។
ទី២, ចំណុចនិយាមកា ៧៣៦៧៧៣-១៣៦៦៣៩៥,៧៣៦៨៨០- ១៣៦៦៤ ០៤, ( ដីជាប់ផ្លូវជាតិលេខ៧៦ ) និងចំណុចនិយាមកា ៧៣៤១៨១-១៣៦៥ ៣០៤,៧៣៤២២១-១៣៦៥៦៣៤,៧៣៤៣១៦-១៣៦៦៧៦៧ ( ដីជាប់ផ្លូវលំ ) ជាដីចម្ការស្រល់ ដែលមានបោះបង្គោល ជាច្រើនដើម។ ដីនេះស្ថិតក្នុង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរិរី។ ហើយដីនេះ ជាកម្មសិទ្ធ កូនឯកឧត្តម ជា សុផារ៉ា.? ។
ទី៣, ចំណុចនិយាមកា ៧៣៥៧៨៦-១៣៦៥២៩១ ជាដីដែលមានក្បាល ១០០មែត្រ ឈូសឆាយរួច ៧០ម៉ែត្រ ជាដីរបស់លោក សៀក មុន្នីអភិបាលរង ស្រុកអូរាំង ដែលទិញពីឈ្មោះ ខុម និងឈ្មោះ អ៊ិន កាំ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង។ ហើយទី៤, ចំណុចនិយាមកា ៧៣៤២៧៤-១៣៦៤៨៣៧ ជាដីទំហំ៣ហិកតា ជាកម្មសិទ្ធរបស់លោក នង ទណ្ណារី អភិបាលស្រុកអូរាំង?។
ប្រភពដដែរ បានបញ្ជាក់ថា ទីតាំងខាងលើ ត្រូវបានគេរកឃើញ គ្រាដែលមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ចាត់តាំងមន្ត្រីរដ្ឋបាលព្រៃឈើ ចំនួន ៣រូប ចុះស្រាវជ្រាវដល់ទីតាំងកើតហេតុ កាលពីថ្ងៃទី១៤ ដល់១៦ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ ដឹកនាំដោយលោក សារ៉ូ រតនា នាយរងខណ្ឌ។
បើផ្អែកតាមប្រភពរាយការណ៍ ពីប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន ក្នុងនោះលោក ញ៉ាង ម្យក់ មេភូមិពូហ្យាម បាននិយាយថា កាលពីមុន ខាងភូមិពិតជាបានចុះហត្ថលេខា ទទួលស្គាល់ ការកាន់កាប់ដីចម្ការ ដែលពលរដ្ឋកំពុងអាស្រ័យផលជាក់ស្តែង តាមចំណីអូរ ពិតមែន។ ប៉ុន្តែចំពោះការផ្ទេរផ្ទូរ និងការចូលចាប់យកដីក្រោយៗនេះ គឺលោកពុំដឹងទេ។
ក្នុងនោះផងដែរ លោក តែម ភើត សមាជិកក្រុមប្រឹក្សា ឃុំសែនមនោរម្យ បានឲ្យដឹងថា ការងារគេបោះបង្គោល ព័ទ្ធយកដីចម្ការស្រល់នោះ លោកពុំបានដឹងថា ជារបស់នណាទេ។ ហើយជាមួយគ្នានោះ មេបញ្ជាការផ្នែកសឹករង អូរាំង លោក ខាត់ សាក់ បានបញ្ជាក់ថា ចម្ការស្រល់មុខបន្ទាយយោធា កាលពីមុន យោធាជាអ្នកដាំ បន្ទាប់មកបានប្រគល់ឲ្យក្រសួងកសិកម្ម ដែលមានខណ្ឌរដ្ឋបាលព្រៃឈើ ជាអ្នកថែរក្សា។ លោកបន្តថា លោកជាអ្នកបោះបង្គោល ដើម្បីសម្គាល់ថា ដីនេះជាដីរបស់រដ្ឋ និងជួយកាពារ ទុកជាសម្បត្តិរួម តែប៉ុណ្ណោះ។ ហើយមុននិងបោះ បង្គោល លោកក៍បានឆ្លងយោបល់ថ្នាក់លើដែរ។
លោកមេបញ្ជាការដដែរ បានបញ្ជាក់ថា ដី៥១ហិកតា ដែលអាជ្ញាធរស្រុក ឲ្យប្រជាពលរដ្ឋ ឈរឈ្មោះលក់នោះ គឺក្នុង ១គ្រួសារ បានប្រាក់ ១លានរៀល ជាថ្នូរ ក្នុងការយល់ព្រម ផ្តិតស្នាមមេដៃ បញ្ជាក់ថា ជាម្ចាស់កម្មសិទ្ធ។ ហើយដោយឡែក លោកនាយសង្កាត់ រដ្ឋបាលព្រៃឈើ អូរាំង លោក យឹម ព្រីយ៉ា លោកពុំដែលដឹងថា ដីចម្ការស្រល់ មានព្រំត្រឹមណានោះទេ ហើយស្នាក់ការសង្កាត់ ក៍ពុំដែលមានផែនទី ទុកមើលនោះឡើយ។ ហើយកន្លងទៅថ្មីៗនេះ លោកបានទៅទាន់គេ កំពុងបោះបង្គោល លើដីចម្ការស្រល់ ចំណុចទីតាំង បុណ្យរុក្ខទិវា ឆ្នាំ២០១៥ លោកបានសួរនាំម្ចាស់ដី ដែលមានអំណាចម្នាក់ ហើយគេបានឆ្លើយថា ចង់ដឹងសួរទៅស្រុកទៅ។ ជាការឆ្លើយតប របស់លោក នង ទណ្ណារី ថា ដីចំណុចនោះ បានឲ្យទៅលោកធំម្នាក់ នៅក្រសួងរៀបចំដែនដី។
មន្ត្រីជាន់ខ្ពស់ នៃខណ្ឌរដ្ឋបាលព្រៃឈើ មណ្ឌលគិរី កត់សម្គាល់ថា ដីដែលរងការរំលោភកាន់កាប់នេះ គឺកើតឡើងដោយសារតែ ភាពលោភលន់ និងសន្ទុះដីកំពុងតែឡើងថ្លៃ ដែលបណ្តាលឲ្យមានការយកឈ្មោះ អ្នកមានអំណាច ឬមុខងារតួនាទី ដែលខ្លួនមាន មកប្រើប្រាស់ ដើម្បីធ្វើជាឈ្នាន់ រំលោភកាន់កាប់ ដោយគ្មានការញញើត កោតក្រែង ឬរំលោភច្បាប់ បន្តិចសោះនោះឡើយ។ ម្យ៉ាងទៀតក៍បណ្តាលមកពី ការធ្វេសប្រហេស របស់អាជ្ញាធរស្រុក នឹង ខេត្តផងដែរ៕















