ចេញផ្សាយ ថ្ងៃអាទិត្យ ៥រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុន អតីត នាយកសាលានគរបាលភូមិភាគ១ ខេត្តស្ទឹងត្រែង កំពុងត្រូវបាន មន្ត្រីនគរបាល ជាប់កិច្ចសន្យា ៥នាក់ ធ្វើការចោទប្រកាន់ថា បោកប្រាស់យកលុយពីពួកគេ ក្នុងម្នាក់ៗរាប់រយដុល្លារ ជាថ្នូរនិងរត់ឈ្មោះ ចូលក្របខ័ណ្ឌ នគរបាលជាតិ។
កើតទុក្ខមិនសុខចិត្ត រឿងចាញ់បោកលោកឧត្ដមសេនីយ៍ត្រី ម្នាក់ដែលបានយកលុយពីពួកគាត់ ក្នុងម្នាក់ៗអស់ចាប់ពី៤០០$ដល់១,៥០០$ សរុបទាំង៥នាក់ អស់៥,៤០០$ ជាថ្នូរនិងរត់ឈ្មោះចូលក្របខ័ណ្ឌ នគរបាលជាតិ។
យោងតាមសេចក្ដីរាយការណ៍ ដែរ CSN ទើបទទួលបាន នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ នេះ បានឲ្យដឹងថា ៖ មន្រ្តីនគរបាល ដែរជាប់កិច្ចសន្យា ទាំង ៥នាក់ខាងលើ រួមមាន៖
ទី១, ឈ្មោះ លី ស៊ីដា ភេទប្រុស ទី២, ឈ្មោះ ភូន រ៉ាមី ភេទប្រុស ទី៣, ឈ្មោះ ផា ម៉ុងលីកា ភេទប្រុស ទី៤, ឈ្មោះ ផល ច័ន្ទរស្មី ភេទប្រុសនឹងទី៥, ឈ្មោះ ផល ច័ន្ទដាលីន ភេទស្រី។ ហើយអ្នកទាំង ៥នាក់ ជាមន្ត្រីជាប់កិច្ចសន្យាខ្យល់ នៅសាលានគរបាលភូមិភាគ១ ខេត្តស្ទឹងត្រែង។
ប្រភពរាយការណ៍ដដែល បានបញ្ជាក់ថា ពួកខ្លួនពិតជាចាញ់បោក លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន អតីតនាយកសាលានគរបាលភូមិភាគ១ ខេត្តស្ទឹងត្រែង ពិតប្រាកដមែន ។ ហើយលោកឧត្តសេនីយ៍ត្រី បច្ចុប្បន្នត្រូវបានគេផ្លាស់ ទៅបម្រើការងារ នៅសាលាបណ្ឌិតសភា នគរបាល ។
ទន្ទឹមនិងនោះ លោក លី ស៊ីដា មន្ត្រីកិច្ចសន្យាខ្យល់ ក្នុងចំណោមអ្នកទាំង៥នាក់ ខាងលើ បានរៀបរាប់ឲ្យដឹងថា ដើមចមដំបូង កាលពីអំឡុងឆ្នាំ២០១៧ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុន បានហៅពួកខ្លួន ទាំង ៥នាក់ អោយចូលបម្រើការងារ ជានគរបាល ជាប់កិច្ចសន្យា នៅសាលានគរបាលភូមិភាគ១ ខេត្តស្ទឹងត្រែង ដោយធានាថា ខ្លួននិងរត់ការ ឲ្យអ្នកទាំង៥នាក់ ជាប់ក្របខ័ណ្ឌ ជានគរបាលជាតិ ដោយស្វ័យប្រវត្ត! និងត្រូវខិតខំធ្វើការផង។
ប្រភពបន្តថា ពេលនោះ លោកឧត្ដមសេនីយ៍ត្រី បានទារប្រាក់ពីពួកខ្លួន អស់ក្នុងម្នាក់ៗ ចាប់ពី ៤០០ដុល្លារ ទៅ ១៥០០ដុល្លារ ។ ហើយក្នុងនោះ ៖ លោក លី ស៊ីដា អស់៤០០ ដុល្លារ លោក ភុន រ៉ាមី ៥០០ដុល្លារ លោក ផា ម៉ុងលីកា ១៥០០ដុល្លារ លោក ផល ច័ន្ទរស្មី ១៥០០ដុល្លារ កញ្ញា ផល ច័ន្ទដាលីន បង់អស់ ១៥០០ដុល្លារ ថាយកទៅរត់ការ ចូលក្របខ័ណ្ឌនគរបាលជាតិ ។
ប្រភពដដែលបន្តថា ក្រោយពេលប្រគល់លុយ ឲ្យលោក ហេង ប៊ុន នៅអំឡុង ឆ្នាំ២០១៧ នោះមក ពួកខ្លួនក៍នៅបម្រើការងារ នៅសាលានគរបាលភូមិភាគ១ ខេត្តស្ទឹងត្រែង ទៅតាមការបញ្ជា របស់គាត់រហូត ប៉ុន្តែមិនទទួលបានប្រាក់ខែទេ ព្រោះគិតថា ខ្លួននៅជានគរបាលជាប់កិច្ចសន្យា។
លុះដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ កន្លងមកនេះ មានការប្រឡងចូលក្របខ័ណ្ឌ នគរបាលជាតិ នៅសាលានគរបាលភូមិភាគ១ ស្រាប់តែអ្នកផ្សេង មានឈ្មោះចូលប្រលង ព្រោងព្រាត ដោយឡែក ឈ្មោះពួកខ្លួន ទាំង៥នាក់ គឺមិនមានឈ្មោះ នៅក្នុងបញ្ជីប្រលងទេ ទើបដឹងថា ចាញ់បោកមែន ។
បន្ទាប់មកពួកគាត់ បានទាក់ទៅលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុន ម្ដងជាពីរដង ដើម្បីទាមទារយកលុយវិញ ប៉ុន្តែលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុន បានគេចវេះ មិនឆ្លើយតបឡើយ?។
បើតាមសេចក្ដីរាយការណ៍ ក៍បានឲ្យដឹងថា ទោះជាយ៉ាងណា ករណីនេះអ្នកទាំង៥នាក់ គ្រោងនឹងប្ដឹង ទៅស្នងការនគរបាល ខេត្តស្ទឹងត្រែង
នាពេលឆាប់ខាងមុខ។
ដោយឡែកលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុន ដែលរងការចោទប្រកាន់ខាងលើ រហូតមកដល់ពេលនេះ អង្គភាព CSN មិនអាចរកសុំការបំភ្លឺបានទេ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ នេះ ព្រោះពុំមានលេខទូរស័ព្ទ របស់លោក ធ្វើការខលទំនាក់ទំនង៕













