សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៨ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកោះពេជ្រ.!

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៥រោច ខែមាឃ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ « លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស » ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកោះពេជ្រ។

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាព របស់នារីៗ ក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជា មិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបប កម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត។

សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផង បានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នង របស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ហើយចាប់តាំងពីថ្ងៃរំដោះ រហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ច ក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបាន ជាពាក្យស្លោកថា « ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ »៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author