លើកព្រះសពលោកឪសួង ដាក់ក្នុងមញ្ជូសារួច គ្របគម្របមិនជិតសោះ ទាល់តែយាងសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស លើកព្រះហស្ថ ដាក់លើព្រះកេសព្រះសព ទើបគ្របគម្របជិត

ថៃ៖ ប្រភពពីប្រទេសថៃ បានឲ្យដឹងថា ព្រះចៅអធិការវត្ត គណៈកម្មការវត្ត និងលោកឧត្តមសេនីយ៍ឯក អគ្គមេបញ្ជារងកងទ័ពថៃ សម្រេចរៀបចំព្រះសពលោកឪសួងដាក់ក្នុងមញ្ជូសា តែពេលលើកព្រះសពដាក់ក្នុងមញ្ជូសារួចហើយ មិនអាចគ្របគម្របមញ្ជូសានោះបានទេ រហូតទាល់តម្រិះមិនដឹងធ្វើយ៉ាងណា ដើម្បីគ្របគម្របមញ្ជូសានោះបាន?។ ដោយខ្លាចខកកម្មវិធី ទាំងព្រះចៅអធិការវត្ត គណៈកម្មការវត្ត និងលោកឧត្តមសេនីយ៍ឯកអគ្គមេបញ្ជារងកងទ័ពថៃ បានឯកភាពគ្នាសម្រេចយាងសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស មកពីព្រះរាជាណាចក្រកម្ពុជា ឲ្យជួយធ្វើយ៉ាងណា ឲ្យគ្របគម្របមញ្ជូសានោះឲ្យបានជិតវិញ។ ប្រភពដដែលបានបន្តថា ពេលសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស យាងមកដល់ សម្តេចក៍លើកព្រះហស្ថ ដាក់លើព្រះកេសព្រះសព និងបួងសួងសុំយាងព្រះសពចូលក្នុងមញ្ជូសា។ ក្រោយមក ពួកគេក៍នាំគ្នាលើកព្រះសពដាក់ក្នុងមញ្ជូសាម្តងទៀត ពេលនោះគម្របដែលមិនអាចគ្របជិតពីមុនមកនោះ បែរជាគ្របគម្របជិតវិញ ។ បន្ទាប់មក សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ក៍យាងបទក្សិណមញ្ជូសា១ជុំ រួចក៍យាងទៅសាលាបុណ្យធំជាកន្លែងប្រារព្ធកម្មវិធីតែម្តង ហើយពេលសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស យាងទៅដល់សាលាបុណ្យធំនោះភ្លាម ព្រះភិរុណក៍បង្អុលភ្លៀងចុះមកតែម្ដង។ តាមប្រភពពីទំព័រហ្វេសប៊ុក «ពន្លឺបារមីព្រះមន្នីឥសីអគ្គីនេត្រ» បានរៀបរាប់ពីជីវប្រវត្តិសង្ខេប របស់លោកឪសួង មានខ្លឹមសារដូចខាងក្រោមនេះ ៖លោកឪសួង ឬលោកតា សួង អ្នកសច្ចំមួយរូបក្នុងចំណោមអ្នកសច្ចំពូកែៗជាច្រើនទៀត នៅភ្នំត្បែងមានជ័យ។ លោកឪ សួង គឺជាកូនរបស់លោកតាឈួន និងលោកយាយ ស៊ន ដែលជាអ្នកស្រុកគូលេនព្រហ្មទេព។ លោកតា ឈួន បានអនិច្ចកម្មនៅក្នុងឆ្នាំ១៩៧៩ ក្នុងជន្មាយុ ៨០ឆ្នាំ។ លោកតា សួង ប្រសូត្រនៅភូមិគូលេនស្រុកគូលេនព្រហ្មទេព នៃខេត្តព្រះវិហារ។ លោកតា សួង មានបងប្អូនបង្កើតចំនួន ៥នាក់។ កាលពីអាយុ ១០ឆ្នាំ កុមារសួង តែងតែសុំឪពុកម្តាយទៅបួស។ ដោយឃើញកូននៅតូចពេក ឪពុកម្តាយមិនអនុញ្ញាតអោយបួសទេ។ លុះកុមារសួង អាយុ១៥ឆ្នាំ ឪពុកម្តាយក៏បានអនុញ្ញាតអោយទៅបួសជាសាមណេរនិងជាភិក្ខុ នៅវត្តគូលេនព្រហ្មទេព។ ក្រោយមក ភិក្ខុសួង បានចាកចេញពីវត្ត ទៅធ្វើធុង្គរុក្ខមូលនៅលើកំពូលភ្នំត្បែងមានជ័យ។ ប្រមាណ២០ឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៧០ លោកតា សួង(បានក្លាយជាសេនាដៃឆ្វេង) រួមជាមួយគ្រូក្មេង ឬសេនាដៃស្តាំ (ជំនាញខាងយោធា) បានចុះមកបង្ហាញខ្លួនជាលើកដំបូង នៅក្នុងភូមិកំណើតរបស់លោក ដើម្បីទៅថ្វាយបង្គំឪពុកម្តាយ និងសួរសុខទុក្ខញាតិញោម។ ជារឿយៗ លោកតាតែងនិមន្តទៅប្រោសសត្វ នៅទីកន្លែងមួយចំនួន ក្នុងទឹកដីខ្មែរ និងទឹកដីថៃ ជាពិសេសនៅខេត្តស៊ីសាកេត។ នៅពេលស្លៀកសពាក់ស លោកតា គឺជាតាបស តែនៅពេកស្លៀកស្បង់ចីវរ លោកតា គឺជាលោកធុតង្គ។ ជនជាតិថៃ និងខ្មែរ នៅតាមព្រំដែនប្រទេសទាំងពីរ គោរពលោកតាណាស់ ហើយពួកគេតែងតែហៅលោកតាថា “ទេវតាដើរដី ឬទេវតាលេងដី (เทวดาเดินดิน หรือ เทวดาเล่นดิน)។ សូម្បីតែព្រះមហាក្សត្រថៃ ក៏គោរពលោកតាដែរ ពីព្រោះលោកតា សួង បានមើលជំងឺបុត្រីមហាក្សត្រថៃ មួយអង្គ បានជាជាសះស្បើយ ខណៈវេជ្ជបណ្ឌិតអាល្លឺម៉ង់ត៍ មិនអាចមើលជា។ លោកតាចេះយ៉ាងច្បាស់លាស់នូវវិជ្ជាព្យាបាលជម្ងឺដោយប្រើតេជោធាតុ ឬថាមពលនុយក្លេអ៊ែរក្នុងរុក្ខជាតិ ដែលជាមរតករបស់អ្នកប្រាជ្ញខ្មែរតាំងពីសម័យអង្គរ។ លោកតាតែងប្រើវិជ្ជានេះ ដើម្បីសង្គ្រោះជនជាតិខ្មែរ និងមនុស្សទូទៅ។ មានជនជាតិសៀមជាច្រើន ចង់រៀនវិជ្ជាពីលោកតា ប៉ុន្តែវិជ្ជានេះ អាចបង្រៀនបានទាល់តែអ្នកនោះ មានចេតោញាណ បេះដូង ជាពូជពង្សខ្មែរទើបអាចមាននិស្ស័យរៀនបាន។ លោកតាសុគត នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ១៩៩៩ ត្រូវនឹង ព.ស. ២៥៤៣។ សព្វថ្ងៃ ព្រះរូបរបស់លោកតាត្រូវបានដំកល់ទុកនៅវត្តផ្រៃផាត់តាណា (ไพรพัฒนา) ស្រុកភូស៊ិង (อำเภอภูสิงห์) ខេត្តស៊ីសាកេត (จังหวัดศรีสะเกษ)ប្រទេសថៃ។ ជារៀងរាល់ឆ្នាំ គេតែងបើកម្ឈូស កោរសក់ និង កាត់ក្រចកចេញជូនសពលោកតា។ ដួងព្រលឹងរបស់លោកតា ២ ភាគ១០ នៅតាមសណ្ឋិតសិស្សគណ និងជួយសង្គ្រោះដល់ជនជាតិខ្មែរ និងមនុស្សទូទៅ។ នៅពេលវេលាដ៏សមគួរ លោកតានឹងរំលត់ខ័ន្ធទៅកាន់ទីបរមសុខ។ សព្វថ្ងៃ ព្រះរូបរបស់លោកតាពូកែស័ក្តិ៍សិទ្ធខ្លាំងណាស់ រហូតដល់ជនជាតិថៃគ្រប់គ្នាគោរពបូជាយ៉ាងក្រៃលែង ដូចជាព្រះអាទិទេព។ លោកតា សួង មានសិស្សប្អូនមួយអង្គកំពុងនៅមានព្រះជន្មនៅឡើយ ព្រះនាមលោកតាសាន ដែលសព្វថ្ងៃនេះ គង់នៅវត្តទឹកជុំ នៃប្រទេសកម្ពុជា។ ចូរនាំគ្នាគោរព នឹកគុណ ដល់ លោកតា សួង អ្នកសច្ចំភ្នំត្បែងមានជ័យ ស្រុកគូលែន ខេត្តព្រះវិហារ និងសូមឲ្យលោកតាជួយតាមថែរក្សាជនជាតិខ្មែរ និងប្រទេសកម្ពុជា ឱ្យជួបតែសេចក្ដី សុខសេចក្តីចម្រើនជារៀងដរាបតរៀងទៅ! ចូរនាំគ្នាគោរពដឹងគុណមាតាបិតា គុណព្រះពុទ្ធ គុណព្រះធម៌ គុណព្រះសង្ឃ ដើម្បីឲ្យជីវិតកាន់តែរុងរឿងជាភិយ្យោភាព៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author