ចេញផ្សាយ ថ្ងៃ ពុធ ៦កើត ខែចេត្រ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
រាជធានីភ្នំពេញ៖ កម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការជាបន្ដបន្ទាប់ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នេះ បានសហការជាមួយកម្លាំងមូលដ្ឋាន កម្លាំងអាវុធហត្ថ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន។
ជនសង្ស័យដែលកម្លាំងជំនាញ ចាប់ខ្លួនបាន ៣នាក់ ស្ថិតក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានគេបញ្ជាក់ថា មានម្នាក់ជាមន្ត្រីអាវុធហត្ថ ដែលមានតួនាទី ជានាយរងការិយាល័យហិរញ្ញវត្ថុ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន បាឲ្យដឹងនៅមុននេះបន្ដិចថា កម្លាំងរបស់មន្ទីរពិតជាបានឃាត់ខ្លួន ជនសង្ស័យ ចំនួន ៣នាក់ ពិ តប្រាកដមែន ប៉ុន្ដែលោកមិនទាន់បានបញ្ជាក់ អំពីអត្តសញ្ញាណ ជនសង្ស័យនៅឡើយទេ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ មន្ដ្រីអាវុធហត្ថ ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀននេះ ត្រូវបានគេស្គាល់ថា ជាវរសេនីយ៍ឯក មានឈ្មោះ ហោ រ៉ាពិណាត តួនាទីជានាយរងការិយាល័យហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សូមជម្រាបថា ចំពោះមន្ដ្រីអាវុធហត្ថទូទាំងប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ហាមដាច់ខាតមិនឲ្យពាក់ព័ន្ធល្មើសអ្វីនោះទេ ហើយបើមន្ដ្រីណាដែលពាក់ព័ន្ធត្រូវទទួលទោសតាមច្បាប់៕
















