អ្នកតាមដាន វិស័យកីឡាប្រដាល់ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន កីឡាករ ប្រដាល់ គុនខ្មែរ លំដាប់ជួរមុខ កែវ រំចង់ នោះ។ ពេលថ្មីៗនេះ កីឡាកររូបនេះ ទើបសម្រេចក្តីស្រមៃ របស់ខ្លួន បានក្លាយជា មន្ត្រីនគរបាលជាតិ ហើយ ក្នុងនោះក៏បានធ្វើឱ្យលោក មានក្តីសប្បាយរីករាយ និងរំភើបចិត្តជាខ្លាំង សឹងតែមិនគួរឲ្យជឿផងដែរ ចំពោះអ្វីដែលលោកបានប៉ងប្រាថ្នា។
ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ប្រិយមិត្តជាច្រើន បានបង្ហាញអារម្មណ៍ មានការភ្ញាក់ផ្អើលជាខ្លាំងទៀតហើយ ក្រោយពេល ឃើញលោកបានបង្ហោះរូប ជាច្រើនសន្លឹក ដែលលោកកំពុងចូលរួម ថតខ្សែភាពយន្តខ្នាតធំមួយ ព្រមជាមួយការបញ្ជាក់សារយ៉ាងខ្លីថា “ជួបគ្នាឆាប់ៗណាបងប្អូន គឺនៅក្នុងភាពយន្តខ្នាតធំ រឿង បំណុលឈាមអ្នកប្រយុទ្ធ។ ជួយគាំទ្រផងណាបងប្អូន”។ ក្រោយពីឃើញបែបនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់លោក មានការពេញចិត្តជាខ្លាំង ហើយអ្នកខ្លះទៀតក៏បានបង្ហាញការគាំទ្រ និងរង់ចាំទស្សនាផងដែរ៕