ភ្នំពេញ ៖ ក្រោយពីចាប់ខ្លួន ប្រធានមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់ និងបក្សពួក ២នាក់ទៀត អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ( ACU ) បានរកឃើញ លោក លៀម ប៊ុនរឿន ពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយ បានកិបកេងប្រាក់ពីអំពើល្មើសច្បាប់ ១៤០ករណី សរុបចំនួនជិត៤០ម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេលកាន់តំណែង ៣ឆ្នាំ ។
តាមរបាយការណ៍៍ របស់អង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) បានបង្ហាញថា ក្រោយពីទទួលតំណែង ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដី ខេត្តពោធិ៍សាត់ ពីឆ្នាំ២០១៦ រហូតមកដល់ថ្ងៃ ត្រូវបានឃាត់ខ្លួន ពោលគឺ ក្នុងរយៈពេល ៣ឆ្នាំនេះ លោក លៀម ប៊ុនរឿន បានប្រើប្រាស់ ប្រាក់ដែលជាផល នៃបទល្មើសក្នុងការជួសជុលផ្ទះ ( ៤០,០០០ ដុល្លារ ) ទិញផ្ទះ ២កន្លែង ( ១៦៨,០០០ ដុល្លារ និង៧២,០០០ដុល្លារ ) ដីមួយកន្លែង ( ៤៤,០០០ ដុល្លារ ) ហើយសង់ផ្ទះត្រចៀកកាំ អស់ ៤០,០០០ ដុល្លារ, ដូរឡាន Lexus 570 និងទិញឡាន KIA PICANTO)។
គួររំលិកថា មន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ ចំនួន ៣រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ក្នុងនោះរួមមាន ៖ ទី១ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់, ទី២ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរ ទទួលការងារសំណង់, និងទី៣ ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្ត ទទួលបន្ទុកច្រក ។ ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចុះទៅឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់ ផ្ទាល់តែម្តង ដោយសង្ស័យប្រព្រឹត្តអំពើពុករលួយ ឃុបឃិតទារលុយពីម្ចាស់ដី ដោយខុសច្បាប់ ចំនួន ១០ម៉ឺនដុល្លារ ជាថ្នូរចេញច្បាប់សាងសង់។ ហើយការចុះទៅឃាត់ខ្លួននេះ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅភោជនីយដ្ឋានមួយ ក្នុងក្រុងពោធិ៍សាត់ ជាទីដែលមន្ត្រីទាំងនោះ និងម្ចាស់ដីជួបគ្នា ដើម្បីប្រគល់លុយ ៕
















