ចេញផ្សាយដោយ៖ គហទំព័រ ស៊ី អេស អិន ( CSN ) ការិយាល័យទំនាក់ទំនងផ្ដល់ព័ត៌មាន 078 55 11 12 / 097 777 6000
ខេត្តបាត់ដំបង ៖ មេបញ្ជាការបងរាជអាវុធហត្ថ ខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០១៩ ត្រូវបានលោកមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺលោកឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើកិច្ចសន្យាជាថ្មី និងជាលើកទី២ ដោយសារតែមិនព្រមកែប្រែកំហុសម្ដងជាពីរដង តាមកិច្ចសន្យា ដែលបានប្រព្រឹត្តខុសកន្លងមក។
ដោយយោងលើសេចក្ដីសម្រេច ដាក់ទណ្ឌកម្មផ្នែកវិន័យ ធ្វើការស្ដីបន្ទោស ជាលាយលក្ខណ៍អក្សរ លើកចុងក្រោយ ចំពោះលោកមេបញ្ជាការខេត្តរូបនេះ ដែលមិនគោរពច្បាប់កងកម្លាំង និងមិនព្រមគោរពតាមកិច្ចសន្យា ដែលបានប្រព្រឹត្តខុសលើកទី១ ។
បើយោងតាមសេចក្ដីសម្រេចស្ដីពី ការអនុវត្តទណ្ឌកម្មផ្នែកវិន័យ ចំពោះនាយទាហាន កងរាជអាវុធហត្ថ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ដោយលោកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចដាក់ទណ្ឌកម្មវិន័យ ស្ដីបន្ទោសជាលាយលក្ខណ៍អក្សរ ចំពោះលោក មាស សុវណ្ណ ហើយថែមបញ្ជាឲ្យលោកមេបញ្ជាការខេត្តរូបនេះ ធ្វើកិច្ចសន្យាកែប្រែកំហុសជាថ្មីទៀត ដែលជាលើកចុងក្រោយ ។
សេចក្ដីសម្រេចរបស់លោកឧត្តមសេនីយ៍ សៅ សុខា មាន ៤ប្រការ ដែលត្រូវដាក់ទណ្ឌកម្ម លើលោកមាស សុវណ្ណ មេបញ្ជាការខេត្ត គឺប្រការ១-ត្រូវបានដាក់ទណ្ឌកម្មផ្នែកវិន័យ ធ្វើការស្ដីបន្ទោសជាលាយលក្ខណ៍អក្សរជាលើកចុងក្រោយ ចំពោះលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ដែលមានកំហុស «ខ្វះភាពស្មោះត្រង់, រំលោភនីតិវិធីការងារ ក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់, អនុវត្តផ្ទុយនឹងបទបញ្ជាមេបញ្ជាការ និងគណ:កម្មជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពាក់ព័ន្ធនឹងការកំទេចវត្ថុតាង ដែលជាបទល្មើសធនធានធម្មជាតិ»។
ប្រការ២- លោកមាស សុវណ្ណ ត្រូវតែកែប្រែបន្ទាន់នូវកំហុសឆ្គង ដែលខ្លួនបានប្រព្រឹត្តកន្លងទៅ ហើយត្រូវពង្រឹងការគោរពច្បាប់ របៀបរបបការងារឱ្យស័ក្ដិសមជាយោធិន នៃកងយោធពលខេមរភូមិន្ទ និងជាមន្ត្រីប្រតិបត្តិច្បាប់ នៃកងរាជអាវុធហត្ថ ព្រមទាំងអនុវត្តឲ្យបានត្រឹមត្រូវ នៃច្បាប់ស្ដីពីលក្ខន្តិក:ទូទៅ ចំពោះយោធិន នៃកងខេមរភូមិន្ទ និងបទវិន័យទូទៅ សម្រាប់កងយោធពលខេមរភូមិន្ទ។
ប្រការ៣- ការិយាល័យបុគ្គលិក នៃស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវកត់ត្រានូវការដាក់ទណ្ឌកម្មផ្នែកវិន័យនេះ នៅក្នុងសៀវភៅសិក្ខាគារិក របស់កងរាជអាវុធហត្ថ ។
ប្រការ៤- ក្រុមការងារអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវផ្សព្វផ្សាយឱ្យបានជ្រួតជ្រាប ដល់សាមីខ្លួន នូវសេចក្ដីសម្រេចនេះ ។
ជាមួយនឹងការទទួលសេចក្ដីសម្រេចនេះ នៅក្នុងថ្ងៃដដែលនោះ មេបញ្ជា ការលើផ្ទៃប្រទេស ក៏តម្រូវឲ្យលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ធ្វើកិច្ចសន្យាកែប្រែកំហុសរបស់ខ្លួនជាថ្មី និងជាលើកទី២ ដែលជាលើកចុងក្រោយផងដែរ។
ជាវិញបញ្ហានេះ CSN មិនទាន់អាចទំនាក់ទំនង សុំការពន្យល់បន្ថែម ពីលោកមាស សុវណ្ណ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តបានទេ ជុំវិញការដាក់ទណ្ឌកម្មផ្នែកវិន័យ ពីថ្នាក់លើរបស់ខ្លួន នៅពេលនេះ ។ ប៉ុន្តែបើយោងតាមប្រភពព័ត៌មាន កិច្ចសន្យាលើកទី២ ដែលលោកមេបញ្ជាការលើផ្ទៃប្រទេស តម្រូវឱ្យលោកមេបញ្ជាការខេត្ត ត្រូវតែធ្វើ ដើម្បីកែប្រែកំហុសជាលើកចុងក្រោយ ដែលខ្លួនបានប្រព្រឹត្តខុសម្ដងជាពីរដង មិនព្រមកែខ្លួន។
លោក មាស សុវណ្ណ យល់ព្រមធ្វើកិច្ចសន្យាទទួលស្គាល់កំហុសរបស់ខ្លួន នៅចំពោះមុខមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស និងភ្ជាប់លក្ខខណ្ឌ ចំនួន០៥ចំណុច។ ក្នុងចំណោមលក្ខខណ្ឌទាំងនេះ ត្រង់ចំណុចទី៤ គឺលោកមេបញ្ជាការខេត្តបានសន្យា «មិនឱ្យករណីបែបនេះកើតឡើងជាថ្មីដាច់ខាត» ។ ដោយឡែកចំណុចទី០៥ លោកបានសន្យា« បើសិនជាថ្ងៃក្រោយ ខ្ញុំបាទធ្វើខុសពីកិច្ចសន្យានេះ ខ្ញុំបាទសូមទទួលខុសត្រូវទាំងស្រុង ចំពោះមុខលោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងចំពោះមុខច្បាប់ជាធរមាន» ។
បើតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា កាលពីអំឡុងខែសីហាកន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយមន្ត្រីក្រោមឱវាទរបស់លោកជាង១០នាក់ទៀត ធ្លាប់ត្រូវបានថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈក្រុមអធិការកិច្ច របស់អង្គភាព ចុះធ្វើការស្រាវជ្រាវ និងបានរកឃើញកំហុសជាច្រើនករណី ហើយថ្នាក់ដឹកនាំ ថែមទាំងតម្រូវឲ្យលោកមេបញ្ជាការខេត្តរូបនេះ រួមទាំងមន្ត្រីក្រោមឱវាទទាំងជាង១០រូបនោះ ធ្វើកិច្ចសន្យា ដើម្បីកែប្រែកំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តខុសទៀតផង។
ប៉ុន្តែក្រុមមន្ត្រីមានកំហុសទាំងជាង១០រូបនោះ មួយចំនួនរាប់ទាំងលោកមេបញ្ជាការខេត្តផង ហាក់មិនបានគោរព ឬអនុវត្តតាមកិច្ចសន្យានោះឡើយ។ ផ្ទុយទៅវិញ លោកមេបញ្ជាការខេត្ត និងមន្ត្រីក្រោមឱវាទប៉ុន្មានរូបទៀត បែរជាប្រព្រឹត្តកំហុសធ្ងន់ធ្ងរសារជាថ្មីទៀត ដែលនាំឲ្យលោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចចេញសេចក្ដីសម្រេច ជាលើកចុងក្រោយ ដាក់ទណ្ឌកម្មផ្នែកវិន័យ និងស្ដីបន្ទោសជាលាយលក្ខណ៍អក្សរ ចំពោះលោក មាស សុវណ្ណ មេបញ្ជាការខេត្ត រួមទាំងមន្ត្រីរបស់លោក ប៉ុន្មានរូបទៀត ថែមទាំងបញ្ជាឲ្យធ្វើកិច្ចសន្យាជាលើកទី២ ដើម្បីកែប្រែកំហុស ដែលបានប្រព្រឹត្តម្ដងជាពីរដង មិនព្រមកែប្រែ។
បើយោងលើសេចក្ដីសម្រេច និងកិច្ចសន្យាលើកចុងក្រោយនេះ គឺមន្ត្រីដែលប្រព្រឹត្តខុសទាំងនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ឬទណ្ណកម្មផ្នែកវិន័យរបស់កងកម្លាំងជាធរមាន ដោយគ្មានការលើកលែងជាលើកទី៣ឡើយ ប្រសិនបើមិនព្រមកែប្រែ ក្នុងនាមខ្លួនជាមន្ត្រីប្រតិបត្តិច្បាប់ ៕
















