ចេញផ្សាយដោយ៖ លោក បាន គន្ធី ចាងហ្វាងការផ្សាយ អង្គភាពគេហទំព័រ CSN ការិយាល័យផ្ដល់ព័ត៌មាន 076 28 44444 / 097 777 6000
ខេត្តព្រះសីហនុ៖ ទោះបីជាប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់បានប្រកាសសម្រេចកាត់ដីពីលោកឧកញ៉ា ស៊ី គង់ទ្រីវ ប្រគល់ឲ្យប្រជាពលរដ្ឋនៅឃុំគរគី រួចម្តងមកហើយ នៅក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ រហូតឈានដល់ការបង្កហឹង្សារ យ៉ាងអាក្រក់ដាក់គ្នារ វាងប្រជាពលរដ្ឋនឹងសមត្ថកិច្ចប្រដាប់អាវុធ។ ស្រាប់តែកាលពីពេលថ្មីៗកន្លងទៅនេះ មានសកម្មភាពអនាធិបតេយ្យ ពីសំណាក់អ្នកមានអំណាចមួយចំនួន បានដើរបោះបង្គោលព្រំដី ដោយគ្មានភាគីព្រំដីម្ខាងទៀត និងអាជ្ញាធរ មន្ត្រីជំនាញ ចូលរួមនោះឡើយ ដែលកម្មភាពនេះ កំពុងរីករាលដាល ដោយមិនញញើតកោតខ្លាចចំពោះទង្វើខុសច្បាប់អ្វីទាំងអស់ ។
បើតាមប្រភពច្បាស់ការណ៍មួយ បានឲ្យដឹងថា លោកឧកញ៉ា ឡាញ់ ភារ៉ា និងកូនចៅជំនិតៗ គឺជាកម្លាំងពិសេសរបស់លោកឧកញ៉ា ដ៏មានឥទ្ធិពលរូបនេះ កំពុងដើរបោះបង្គោលព្រំដី កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបានបោះបង្គោលព្រំ ជាន់ក្នុងដីរបស់លោកជំទាវ អ្នកឧកញ៉ា យស សុគន្ធារី ដែលគេមើលឃើញថា ការបោះបង្គោលនេះ បានបោះចូលគងគ្នា ប្រមាណជាពាក់កណ្តាលដី របស់ យស សុគន្ធារី ដែលមានកម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង) និងដីដែលគាត់ ទើបបានទិញ ដោយពុំទាន់បានធ្វើប័ណ្ណកម្មសិទ្ធិនៅឡើយ ។
ប្រភពបានបន្តឲ្យដឹងថា ការបោះបង្គោលព្រំដី ពីសំណាក់ លោកឧកញ៉ា ឡាញ់ ភារ៉ា ស្ថិតនៅចំណុច ភូមិពូធឿង ឃុំប៊ិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងធ្វើឲ្យប្រជាពលរដ្ឋ ក្តៅក្រហាយយ៉ាងខ្លាំង ព្រោះតែការលោភលន់ មិនចេះស្កប់ស្កល់របស់ លោកឧកញ៉ា ឡាញ់ ភារ៉ា បណ្តាលឲ្យមានបញ្ហាទំនាស់ដីធ្លីកើតឡើងមិនចេះចប់ ។ ហើយបើស្តាប់សម្តី អ្នកមានវិបត្តិដីធ្លី និយាយផ្ទាល់មាត់ ទាំងទឹកភ្នែករៀបរាប់វិញ គឺស្ទើរតែអស់សង្ឃឹម ក្នុងឆាកជីវិតនេះទៅហើយ ដែលម្នាក់ៗ ឮតែសម្លេងស្រែកដង្ហោយ រកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសុំឲ្យជួយ….! អញ្ចឹងសួរថា តើជនរងគ្រោះ ដោយអំពើរំលោភបំពានយកដីធ្លី ពីសំណាក់អ្នកមានអំណាច អាចទទួលបានដំណោះស្រាយ ពីសំណាក់អាជ្ញាធរ និងមន្ត្រីជំនាញបានដែរឬទេ ? ។
ប្រភពបញ្ជាក់ថា ជុំវិញរឿងរ៉ាវបោះបង្គោល ហ៊ុំព័ទ្ធយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន របស់ លោកឧកញ៉ា ឡាញ់ ភារ៉ា ដោយសំអាងថា ខ្លួនឯងមានកម្មសិទ្ធិ ដែលទើបតែបានចេញក្នុងឆ្នាំ២០១៨ កន្លងមកថ្មីៗនេះទេ ចុះកាលពីអំឡុងឆ្នាំ១៩៩០ ដែលជាតំបន់នៅមានខ្មែរក្រហម នៅឡើយនោះ ប្រជាពលរដ្ឋមិនដែលឮឈ្មោះ លោកឧកញ៉ា ឡាញ់ ភារ៉ា រស់នៅឯណាទេ ស្រាប់តែលេចមុខពេលថ្មីៗនេះ បាននាំកូនចៅ ដើរទៅបោះបង្គោល កំណត់ព្រំដី ជាន់លើដីរបស់ប្រជាពលរដ្ឋចំនួន ៧៧គ្រួសារ លើផ្ទៃដីចំនួន៩០ ហិកតា ជាប់ខាងកើតប្រឡាយ ដែលពួកគាត់អះអាងថា ជាដីរបស់ពួកគាត់ បានប្រើប្រាស់ធ្វើស្រែកាន់កាប់ និងអាស្រ័យផល នៅលើដីនោះ តាំងពីឆ្នាំ១៩៧៩-១៩៨០ រហូតមកជានិរន្តរ៍ ។ ក្រោយមកទៀត ដោយមានអ្នកកួកជេរឈ្មោះ ជូ ឆាំ ប្រមូលទិញដី ឲ្យឈ្មួញក៏ចេះតែធ្វើសកម្មភាពទិញដីចោះៗ បានមួយចំនួន ដោយប្រជាពលរដ្ឋខ្លះលក់ ខ្លះមិនបានលក់ ហើយក៏នាំគ្នា ដើរបោះបង្គោលព្រំដី តាមទំនើងចិត្ត ដោយគ្មានការដឹងឮ ចូលរួមពីភាគីម្ចាស់ដី ទាំងសង្ខាង និងមន្ត្រី អាជ្ញាធរមូលដ្ឋាននោះឡើយ ។
គួររំលឹកថា ករណីបោះបង្គោលព្រំដី ដោយគ្មានភាគីព្រំជាប់គ្នាចូលរួម នឹងមន្ត្រីជំនាញព្រមទាំង លោកមេឃុំ-ចៅសង្កាត់ចូលរួមនោះទេ គឺស្មើនឹងលួចបោះបង្គោលព្រំរំលោភយកដីគេ ដែលកាន់តែបង្កឡើងសុទ្ធសឹងតែជាអ្នកធំ អ្នកមានអំណាច ជាក់ស្តែងដូចជា លោកឧកញ៉ា មហាលោភលន់ ឡាញ់ ភារ៉ា ដែលជាហេតុផល បង្កទំនាស់កាន់តែច្រើនឡើង ជាមួយប្រជាពលរដ្ឋ ។ ហើយបើទោះបីជាលោកអះអាងថា មានប័ណ្ណកម្មសិទ្ធកាន់កាប់ដីធ្លី យ៉ាងណាក៏ដោយ ក៏ត្រូវតែជូនដំណឹង ដល់ម្ចាស់ដីនៅជាប់ព្រំជាមួយគ្នា ចូលរួមផងដែរ មិនត្រូវនាំបក្ខពួកខ្លួន ទៅលួចបោះបង្គោលព្រំដី តែខ្លួនឯងនោះទេ ហើយបើប៉ះពាល់ឲ្យមានរឿង ទើបបានដោះស្រាយគ្នា គឺរឿងបែបនេះ វាធ្លាប់កើតមានតាំងពីយូរឆ្នាំមកហើយ ដែលត្រូវគេមើលឃើញថា ជាយុទ្ធសាស្ត្រប្តឹងឈ្នះ បានដី ប្តឹងចាញ់បានលុយ ហើយល្បិចដដែលៗនេះ គួរតែបញ្ចប់ទៅ។
ថ្មីៗនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដាក់បទបញ្ជា សារជាថ្មីទៀត ឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺធ្វើយ៉ាងណា ត្រូវជួយពន្លឿនក្នុងការដោះស្រាយ ឲ្យបានឆាប់បំផុត ប្រកបដោយតម្លាភាព សុច្ចរិតភាព ដើម្បីរកយុត្តិធម៌ ដល់ពួកគាត់ (ប្រជាពលរដ្ឋ) កុំឲ្យនៅតែមានភាពស្មុគ្រស្មាញតទៅទៀត ក្នុងឆ្នាំ២០២០នេះ ដោយត្រូវខិតខំសម្របសម្រួលដោះស្រាយ បញ្ចប់ជាស្ថាពរ។
សង្ឃឹមថា អាជ្ញាធរខេត្តព្រះសីហនុ លោក គួច ចំរើន នឹងចុះទៅពិនិត្យ ចំពោះភាពមិនប្រក្រតី របស់លោកឧកញ៉ា ឡាញ់ ភារ៉ា ដែលនាំបក្ខពួកលួចបោះបង្គោលព្រំដី ជាន់លើដីរបស់ លោកជំទាវ អ្នកឧកញ៉ា យស សុគន្ធារី និងដីរបស់ប្រជាពលរដ្ឋ ទាំង៧៧ គ្រួសារ ដោយឈរលើមូលដ្ឋានតម្លាភាព និងយុត្តិធម៌ ខណៈដែលអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួន លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដែលគេសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលួយ ក្នុងពេលលោកកាន់តំណែងកន្លងមក។
ពាក់ព័ន្ធបញ្ហានេះ អង្គភាពគេហទំព័រ CSN យើងមិនអាចស្វែងរកសុំកាទំនាក់ទំនង ពីលោកឧកញ៉ា ឡាញ់ ភារ៉ា បានទេ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង អង្គភាពយើង រង់ចាំទទួលព័ត៌មានថ្មីៗ ថែមទៀត ដើម្បីយកមកចុះផ្សាយ នៅពេលក្រោយ និងរួមកិច្ចសហការ ជានិច្ចរៀង រារាល់ម៉ោងធ្វើការ។ ព័ត៌មានបថម
សូមបញ្ជាក់ រាល់ការផ្សាយអង្គភាពយើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី ឧកញ៉ា ឯកឧត្ដម គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញ ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើងខ្ញុំ ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕
















