ខេត្តរតនគីរី~ សមត្ថកិច្ចខ្មែរការពារតាមតំបន់ព្រំដែនក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី មិនត្រឹមតែមិនចាត់វិធានការទប់ស្កាត់ជនជាតិយួនកុំឲ្យចូលមកកាប់ឈើលើទឹកដីខ្មែរប៉ុណ្ណោះទេ គឺថែមទាំងបើកដៃឲ្យជនជាតិយួនចូលមកកាប់ឈើនិងដឹកជញ្ជូនចេញតាមអំពើចិត្ត។ ប្រការនេះអាជ្ញាធរក៏ដូចជាសមត្ថកិច្ចខេត្តរតនគិរីត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់បំផុតព្រោះសមត្ថកិច្ចខ្មែរតាមប៉ុស្តិ៍ការពារព្រំដែនគឺជាអ្នកបើកដៃឲ្យជនជាតិយួនចូលមកកាប់ឈើ ជាថ្នូរនិងសំណូកលុយកាក់។ ជាក់ស្តែងប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅតាមតំបន់ព្រំដែនក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី បានអះអាងថាថ្មីៗនេះមានជនជាតិយួនមួយក្រុមបានឆ្លងដែនចូលដីខ្មែរហើយអាររំលំឈើមូលដឹកជញ្ជូនចូលទឹកដីយួន ក្បែរប៉ុស្តិ៍នគរបាលខ្មែរការពារព្រំដែន។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយនៅភូមិកែត ឃុំញ៉ាង ស្រុកអណ្តូងមាស បានឲ្យដឹងថាប៉ុន្មានថ្ងៃមុននេះជនជាតិយួនមានគ្នា៨នាក់ប្រដាប់ដោយម៉ាស៊ីនអារឈើស្វ័យប្រវត្តិ៦គ្រឿងនិងអាវុធវែងមួយដើមបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែនខ្មែរចំណុចអូរសេដ្ឋី ហើយអាររំលំឈើមូលនិងប្រើប្រាស់រថយន្ត២គ្រឿងដឹកជញ្ជូនទៅទឹកដីយួនវិញយ៉ាងរលូន។ ជនជាតិដើមភាគតិចបានឲ្យដឹងកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ម្សិលមិញនេះថាពួកគាត់គ្មានលទ្ធភាពទប់ស្កាត់សកម្មភាពជនជាតិយួនចូលមកកាប់ឈើតាមព្រំដែននោះទេ ព្រោះជនជាតិយួនទាំងនោះមានកាំភ្លើង។ ប្រជាពលរដ្ឋបានបញ្ជាក់ថារាល់ពេលមានបញ្ហាកើតទ្បើង ពួកគាត់តែងតែរាយការណ៍ទៅមន្ត្រីអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ ប៉ុន្តែគ្មាននរណាយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់ទ្បើយ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសបំផ្លាញព្រៃឈើក្នុងខេត្តរតនគិរីបានឲ្យដឹងថាជាញឹកញាប់មានជនជាតិយួនចូលមកកាប់ឈើតាមតំបន់ព្រំដែនក្នុងស្រុកអណ្តូងមាស និងស្រុកអូរយ៉ាដាវ ហើយគ្មានសមត្ថកិច្ចឬមន្ត្រីអាជ្ញាធរណាចាត់វិធានការទប់ស្កាត់ទេ។ កន្លងមកប្រជាសហគមន៍ការពារព្រៃឈើធ្លាប់ឃាត់ខ្លួនជនជាតិយួនជាច្រើននាក់ដែលឆ្លងដែនមកកាប់ឈើខុសច្បាប់លើទឹកដីខ្មែរ ប៉ុន្តែទីបំផុតសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរដោះលែងជនជាតិយួនទាំងនោះឲ្យត្រទ្បប់ទៅស្រុកវិញយ៉ាងរំភើយ។ ប្រការនេះហើយដែលធ្វើឲ្យពួកគាត់អស់ជំនឿលើមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចហើយតែងតែប្រមូលផ្តុំគ្នាល្បាតក្នុងព្រៃដើម្បីការពារព្រៃឈើដោយខ្លួនឯងទោះបីត្រូវប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ៕ដោយ ប្រភពមនសិការខ្មែរ