កុំចេះតែហ៊ាន បុរស២នាក់ ដែលបង្ហោះការផឹកស្រាបបៀរ តាមបណ្តាញសង្គម TikTok ក្នុងរថយន្ត ល្មើសបំរាម ពេលនេះ ត្រូវបានចាប់ខ្លួនហើយ

ភ្នំពេញ ៖ កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយ កម្លាំងនគរបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ បានចាប់ខ្លួនបុរស ២នាក់ ដែលបង្ហោះការបង្អួត ផឹកស្រានៅក្នុងរថយន្ត តាមបណ្តាញសង្គម TikTok ដែលល្មើសបំរាម ខណៈរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានបិទខ្ទប់។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានប្រាប់បណ្តាញព័ត៌មាន នៅល្ងាចថ្ងៃនេះថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានស្រាវជ្រាវគណនី TikTok មួយ ដែលបានធ្វើការបង្ហោះវីដេអូ ជួបជុំផឹកគ្រឿងស្រវឹង ក្នុងរថយន្ត ដោយមិនគោរព វិធានការ រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ក្រោយការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងក្រោមការបញ្ជា របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់លោក សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឈានទៅឃាត់ខ្លួន បុរសទាំង ២នាក់ បានហើយនៅថ្ងៃនេះ។

បើតាមលោកឧត្តមសេនីយ៍ឯក ជា ពៅ បុគ្គលទាំងពីរនេះ រួមមាន៖

ទី១៖ ឈ្មោះ ពិន នាត អាយុ ២៨ឆ្នាំ រស់នៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង
ទី២៖ ឈ្មោះ ហូ ជីម អាយុ ២៥ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង តែបច្ចុប្បន្នបុគ្គលទាំងពីរ កំពុងប្រកបមុខរបរនៅភ្នំពេញ។

ហើយក្រោយការចាប់ខ្លួន បុគ្គលទាំង ២នាក់នេះ កំពុងសួរនាំ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀតតាមនីតិវិធី៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author