ខេត្តបន្ទាយមានជ័យ ៖កម្លាំងនគរបា ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង សហការជាមួយ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ បានតាមប្រមាញ់ ចាប់រថយន្តយីឌុប មួយគ្រឿងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលគេសង្ស័យថា បានដឹកប្រេងម៉ាស៊ីន និងគ្រឿងបន្លាស់រថយន្ត គ្រឿងយន្តកសិកម្មគេចពន្ធ ចេញពីស្រុកម៉ាឡៃ ទៅស្តុកនៅក្នុង ឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិគោកស្វាយ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។
បន្ទាប់ពីបង្ក្រាបបានរថយន្ត ម៉ាកហុីយ៉ានដាយ ពណ៌ក្រហមខៀវ ពាក់ស្លាកលេខ កំពង់ធំ 3A0976 ខាងលើនេះសមត្ថកិច្ចចម្រុះ បានធ្វើការឆែកឆេរ រកឃើញទំនិញ គេចពន្ធជាច្រើនប្រភេទ ក្នុងនោះទំនិញ ដែលបាននាំចូល ពីប្រទេសថៃ ហើយមិនបានបង់ពន្ធ រួមមានប្រេងម៉ាស៊ីនរថយន្ត ខ្លាញ់គោ ថ្នាំពេទ្យ គ្រឿងបន្លាស់ រថយន្តគ្រប់ប្រភេទ ទំនិញទាំងនេះ ត្រូវបានគេដឹងថា ជារបស់យាយ ផុន យកមកលក់ ក្នុងខេត្តបន្ទាយមានជ័យ ហើយបន្តចែកចាយ តាមរថយន្តតូចៗ ទៅតាមបណ្តាខេត្តនានាជាបន្តទៀត។
មឹនតែប៉ណ្ណោះនៅរសៀលថ្ងៃដដែល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការស្រាវជ្រាវអនុវត្ត តាមបទបញ្ជារបស់លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានរកឃើញកន្លែងស្តុកឈើប្រណឹតខុសច្បាប់មួយកន្លែងទៀត របស់ម្ចាស់ផ្ទះឈ្មោះ អៀម សម្បត្តិ ស្ថិតនៅភូមគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជារបស់ម្ចាស់ផ្ទះដដែល ដែលបានយកឈើលាក់ទុកក្នុងផ្ទះតូចមួយកន្លែងនៅខាងក្រោយផ្ទះ។
សមត្ថកិច្ចបានពិនិត្យនឹងរិបអូសយកមករាប់ជាក់ស្ដែង ឈើទាំងនោះសុទ្ធតែឈើប្រភេទ ឈើធ្នង់ នឹងឈើបេង មានចំនួន៧៥ដុុំ មានទម្ងន់ជាង២តោន សរុបគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ឈើប្រណិតទាំងអស់នេះតាមសម្ដីម្ចាស់ផ្ទះថា ឈើនេះគេទិញយកមកទុកធ្វើគ្រឿងសង្ហារិម តុបតែងក្នុងផ្ទះមឹនមែនទិញយកធ្វើជំនួញជួញដូនោះទេ ។ បើតាមប្រភពអ្នកស្រុកបានប្រាប់ថា នេះគ្រាន់តែជាសម្ដីដោះសារចង់យករួចខ្លួនតែប៉ុណ្ណុះ វាមឹនដែលគ្រាន់តែធ្វើគ្រឿងសង្ហារឹមឯណាឈើរាប់តោនោះ វាមឹនដែលមានទេ។
បើប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះសមត្ថកិច្ចកំពុងធ្វើការសាកសួរ តាមនិតិវិធីពុំទាន់មានការបញ្ជាឲ្យឃាត់ខ្លួននោះទេ។ ឈើប្រណិតខាងលើនេះសមត្ថកិច្ចបានរឹបអូស យកមករក្សាទុកនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីរងចាំប្រគល់ឲ្យខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តយកទៅចាត់ចែងតាមនិតិវិធីច្បាប់៕ដោយ សហការី