ព្រះវិហារ ៖ ព្រៃឡង់តំបន់ស្នូល ជាច្រើនទីតាំង កំពុងរងការកាប់បំផ្លិចបំផ្លាញ ពីសំណាក់ហ្វូងកម្មករ របស់ក្រុមហ៊ុន ភី.អិន.ធី ខូអិលធីឌី ( PNT co.,ltd ) របស់ឧកញ៉ា ឡេង ឫទ្ធី ពង្រាយកម្មករឲ្យចូលកាប់ទាំងយប់ទាំងថ្ងៃ ករណីនេះ ស្ថិតនៅក្នុងភូមិសាស្ត្រដែនដី ឯកឧត្តម ប្រាក់ សុវណ្ណ ជាចៅហ្វាយខេត្ត បច្ចុប្បន្ន ត្រូវបានមហាជនមេីលឃេីញថា ដូចធូររលុង ក្នុងការបេីកដៃឲ្យឈ្មួញ រកស៊ីឈើខុសច្បាប់ ដោយរលូន នឹងគ្នាការទប់ស្កាត់ឬបង្ក្រាបឡេីយ។
បេីប្រពភពីសកម្មជនព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ បានរកឃើញថា ក្រុមហ៊ុន ភី.អិន.ធី ខូអិលធីឌី ( PNT co.,ltd ) របស់ឧកញ៉ា ឡេង ឬទ្ធី ដែលមាទីតាំងស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានសម្រុកពង្រាយ ហ្វូងកម្មករជាច្រើនក្រុម ចូលទៅកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ស្នូល នៃព្រឡង់ ជាច្រើនទីតាំង ហើយដឹកចូលក្នុងបរិវេណ ក្រុមហ៊ុន បំលែងជាឈើស្របច្បាប់ ក្រោមការឃុបឃិត ពីមន្ត្រីជំនាញពាក់ព័ន្ធផងដែរ?។
បើតាមរបាយការ ពីបណ្តញសហគមន៍ ព្រៃឡង់ ដែលបានឲ្យអង្គភាព គេហទំព័រ ស៊ី អេស អិន ( CSN ) ទទួលបាន បញ្ជាក់ថា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមសកម្មជនព្រៃឈើ និងបណ្តាញ សហគមន៍ព្រៃឡង់ បានឆ្មក់ធ្វើសកម្មភាព ចុះល្បាតព្រៃ ប្រទះឃើញហ្វូងកម្មករ ជាច្រើនក្រុម កំពុងសម្រុកកាប់ និងអារច្រៀកឈើ ជាប្រភេទឈើឡាំង និងប្រភេទ ឈើគ្រឿងផ្ទះ ជាច្រើនទីតាំង រួមមាន៖ ចំណុច បុស្សរាំង, ជ្រាប់ក្បាលដំរី, ស្រែកណ្ដាល, អូរអាចម៍ដែក, ភូមិចាស់, ភ្នំចោទ, ប្រាសាទគោល, ព្រៃស្រឡៅ, និងចំណុចស្រែតាង៉ុត។ ហើយឈើទាំងនោះ ត្រូវបានក្រុមជនល្មើសដឹកចូលទៅលក់ ឲ្យក្រុមហ៊ុន ភី.អិន.ធី ស៊ីអូរ បាយ ( PNT co.,ltd ) ពីឈើខុសច្បាប់ បំលែងជាឈើស្របច្បាប់ ដឹកតាមរថយន្ត យីឌុប ទៅលក់នៅទីក្រុងភ្នំពេញ និង មួយចំនួនទៀត ចែកចាយតាមដេប៉ូឈើនានា ក្នុងប្រទេសកម្ពុជា?។
បើតាមការបញ្ជាក់ ពីលោក ស្រី ទីន សមាជិក បណ្តាញសហគមន៍ ព្រៃឡង់ បានឲ្យដឹងថា៖ ក្រុមការងារ របស់លោក បានរកឃើញ ក្រុមអ្នកកាប់បំផ្លាញព្រៃឈើ ជាច្រើនក្រុម បោះជំរំលួចកាប់ឈើ និងអាច្រៀកឈើ ជាច្រើនទីតាំង ដូចរបាយការណ៍ខាងលើ។ ហើយលោក ស្រី ទីន បន្តថា លោកបានសាកសួរ ក្រុមអ្នកកាប់ឈើទាំងនោះ ដោយពួកគេ អះអាងថា៖ ដឹកយកទៅលក់ឲ្យ ក្រុមហ៊ុន ភី.អិន.ធី ខូអិលធីឌី ( PNT) របស់ឧកញ៉ា ឡេង ឬទ្ធី។
លោក ស្រី ទីន បានលើកឡើងទៀតបន្តថា ការកាប់បំផ្លាញព្រៃឡង ក្នុងតំបន់ស្នូល គឺជនល្មើសទំនង បានឃុបឃិត ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីបរិស្ថាន ដែលមានកត្វកិច្ចសំខាន់ ជាងគេ ក្នុងការការពារ និងអភិរក្សព្រៃឡង់នេះ តែម្តង?។ លោកបន្តថា បច្ចុប្បន្ន ក្រុមសកម្មជនព្រៃឈើ ក៏ដូចជា ក្រុមបណ្តាញសហគមន៍ ព្រៃឡង់ ដែលជា អ្នកស្រឡាញ់ ធនធានធម្មជាតិ មានការលំបាក ក្នុងការសហការ ជាមួយមន្ត្រីអនុរក្ស បរិស្ថាន អ្នកខ្លះ ត្រូវបានរងការធ្វើទុក្ខបុកម្នេញ ត្រូវគេចាប់ខ្លួន បញ្ជូនទៅតុលាការ ក៏មានហូរហែ ជាពិសេស ត្រូវបានមន្ត្រីក្រសួងបរិស្ថាន ចោទប្រកាន់ថា ជាក្រុមឧទ្ទាមថែមទៀតផង។
គួរបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន ភី.អិន.ធី ខូអិលធីឌី ( PNT co.,ltd ) ជាក្រុមហ៊ុនសម្ព័ន ឧស្សាកម្ម កៅស៊ូ វៀតណាម នៅកម្ពុជា របស់លោក ឧកញ៉ា ឡេង ឫទ្ធី បានទទួលសិទ្ធិវិនិយោគ ពីរដ្ឋាភិបាលកម្ពុជា លើផ្ទៃដីទំហំ ៧២០០ ហិកតា នៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ហើយក្រុមហ៊ុនមួយនេះ បានផ្តល់សិទ្ធិ ឲ្យក្រុមហ៊ុន ( ម៉ាយ ឃល ឡូជី ស្ទីក ខេមបូឌា) ដែលមានលោក សយ សុផល ជានាយកក្រុមហ៊ុន សហការប្រមូលផល អនុផលព្រៃឈើ ក្នុងបរិវេណគំរោងដីសម្បទាន សេដ្ឋកិច្ច ក្រុមហ៊ុន ភី.អិន.ធី ( PNT ) ដើម្បីយកមកបង់សួយសារ និងបុព្វលាភជូនរដ្ឋ តាមលិខិតប្រគល់សិទិ្ធ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និង កិច្ចសន្យា ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ របស់ក្រុមហ៊ុន។
ពាក់ព័ន្ធកណីខាងលើនេះ ប្រជាពលរដ្ឋ ក៍ដូចមន្ត្រីមួយចំនួន ដែលជាអ្នកស្រឡាញ់ព្រៃឈើ បានមានចម្ងល់ និងសួរថា៖ តើករណីឈ្មួញ សម្រុកកាប់អាច្រៀក និងដឹកជញ្ជូនឈើចូលក្រុមហ៊ុន ភី.អិន.ធី ( PNT ) ឯកឧត្តម ប្រាក់ សុវណ្ណ ជាចៅហ្វាយខេត្ត បានជ្រាបដែរឬទេ? ឬមួយ ឯកឧត្តម ដឹងដែរ តែធ្វើមិនដឹង ព្រោះតែប្រយោជន៍ចូលហោប៉ៅ? តេី ឯកឧត្តម ក្នុងនាម ជាចៅហ្វាយខេត្ត និងជាគណៈបញ្ហាការ ឯកភាពខេត្ត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ គួរមានវិធានការ ទប់ស្កាត់បទល្មើសព្រៃឈើ កំពុងកើតមាន នៅក្នុងដែនអាណចក្រ របស់ឯកឧត្តម ដែរឬទេ? ឬ ក៏រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ បណ្ដោយឲ្យក្រុមឈ្មួញ បន្តសកម្មភាព ដេីម្បីបានជាប្រយោជន៍ របស់ខ្លួនទាន?… ប្រសិនបើករណីនេះ ឯកឧត្តម មិនបានដឹង និងមិនមានពាក់ព័ន្ធទេ សូម ឯកឧត្តម មេត្តាជួយពិនិត្យ មន្ត្រីពាក់ព័ន្ធក្រោមឱវាទ របស់ ឯកឧត្តម ជាបន្ទាន់ផង ដើម្បីចូលរួមថែរក្សាព្រៃឈើ ដែលជាធនធាន សម្បត្តិធម្មជាតិ នៅសល់បន្តិចបន្តួចនេះ អោយគង់វង្សផង។
ពាក់ព័ន្ធករណីខាងលើ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ និងជាគណៈបញ្ហាការឯកភាពខេត្ត អង្គភាព ស៊ី អេស អិន ( CSN ) មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺបានទេ ដោយទូរស័ព្ទ ឯកឧត្តម ធ្វើការទំនាក់ទំនងមិនបាន រីឯតំណាងក្រុមហ៊ុន ភី.អិន.ធី ខូអិលធីឌី ( PNT co.,ltd ) របស់ឧកញ៉ា ឡេង ឬទ្ធី គ្មានលេខទំនាក់ទំនង។
សូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ខាងលើនេះ អង្គភាពយើងខ្ញុំ យោងទៅតាមប្រភព នឹងចុះយកព័ត៌មានជាក់ស្ដែក ទៅតាមសេចក្ដីរាយការណ៍ ពីសំណាក់មហាជន។ ហើយរាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ ។ ហើយព័ត៌មាននេះ ប្រសិនបើសាមីពាក់ព័ន្ធ ចង់ធ្វើការបកស្រាយ អាចធ្វើការទំនាក់ទំនង មកអង្គភាពយើងខ្ញុំបាន តាមរយ:លេខទូរស័ព្ទ ៖ 097 777 6000 អង្គភាពយើងខ្ញុំស្វាគមន៍ ទទួលយកការបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ៕ សូមអរគុណ















