លោកស្រី សេង ទាង ចៅហ្វាយស្រុកពាមរក៍ រងការចោទប្រកាន់ ពីប្រជាពលរដ្ឋ និងមន្ត្រីឃុំស្រុកមួយចំនួនថា ពាក់ព័ន្ធអំពើពុករលួយ ឃុបឃិតអនុញ្ញាតឲ្យក្រុមហ៊ុន ( រីសសស៍ សឹបផ្លាយ អុឹមផត អិចផត ) បូមខ្សាច់នៅពេលយប់

ខេត្តព្រៃវែង៖ ប្រភពពីប្រជាពលរដ្ឋជាច្រើន រស់នៅក្នុងភូមិបឹងក្អែក និងមន្ត្រីសាលាឃុំ ពាមមានជ័យ និងមន្ត្រីសាលាស្រុកពាមរក៍ មួយចំនួន បានឱ្យដឹងថា បច្ចុប្បន្ននៅក្នុងមូលដ្ឋាន របស់ពួកគាត់ មានសាឡង់កំពុងធ្វើសកម្មភាពមូមខ្សាច់ នៅពេលយប់ បង្កការភ័យខ្លាចបាក់ច្រាំង និងផ្ទះរបស់ពួកគាត់ ចូលក្នុងទន្លេ ខណៈពេល កំពុងដេកលង់លក់មិនដឹង ។

ប្រភពបន្តថា៖ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២២ ពួកគាត់បានឃើញមាន កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាល ស្រុកពាមរក៍ បានចុះទៅធ្វើការឃាត់សាឡង់ កំពុងតែប្រើគ្រឿងចក្រ ទម្លាក់កញ្ចប់យកខ្សាច់ នៅចំណុច ភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៏ ខេត្តព្រៃវែង នៅពេលយប់ផងដែរ ក៍ប៉ុន្តែមិនដឹងថា ការចុះហាមឃាត់នោះ ជាល្ខោនឬយ៉ាងណាទេ នៅថ្ងៃចន្ទទី២៤ ខែមករា ឆ្នាំ ២០២២ ក្រោយពីកម្លាំងសមត្ថកិច្ច បានចុះធ្វើការហាមឃាត់រួច ក៏នៅតែមានសកម្មភាព ធ្វើការទម្លាក់កញ្ចប់យកសាច់ដដែល។ ករណីនេះធ្វើឲ្យ ប្រជាពលរដ្ឋ និងមន្ត្រីសាលាឃុំពាមមានជ័យ និងមន្ត្រីសាលាស្រុកពាមរក៍ មួយចំនួន បានដាក់ការសង្ស័យថា ទំនងមានការចរចាត្រូវរ៉ូវគ្នា ជាមួយលោកស្រិ សេង ទាង ចៅហ្វាយស្រុកពាមរ និង មន្ត្រីជំនាញហើយមើលទៅ បានជាបណ្ដែតបណ្ដោយ ឲ្យសាឡង់ធ្វើសកម្មភាពបូមខ្សាច់ នៅពេលយប់ យ៉ាងអនាធិបតេយ្យបែបនេះ ។ ដូច្នេះប្រជាពលរដ្ឋ បានស្នើសុំអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញ ក្នុងខេត្តព្រៃវែងទាំងមូល មេត្តាពិនិត្យបច្ចេកទេស ក្នុងការបូមខ្សាច់ទាំងនោះផងចុះ ដើម្បីជៀសវាងកុំឱ្យមានការបាក់ច្រាំង ឬធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ របស់ពួកគាត់ ក្នុងភូមិនិងឃុំខាងលើនេះ។

ប្រភពពីមន្ត្រីសាលាស្រុកពាមរក៍ ដោយមិនដឹងមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សកម្មភាពសាឡង់បូមខ្សាច់ នៅពេលយប់ តាំងពីព្រលប់រហូតដល់ទល់ភ្លឺ ដោយមានការឃុបឃិត ជាមួយកងកម្លាំង និងមន្ត្រីពាក់ព័ន្ធ ជាពិសេសគឺលោកស្រីអភិបាលស្រុក ឈ្មោះ សេង ទាង បានឲ្យម្ចាស់សាឡង់បង់ថ្លៃ ក្នុង១យប់ 10.00$? ( មួយពាន់ដុល្លារ ) បើមិនព្រមតាមសំណូមពរ របស់គាត់ទេ គាត់មិនអនុញ្ញាត ឲ្យធ្វើសកម្មភាពបូមខ្សាច់ឡើយ តែចំពោះម្ចាស់សាឡង់ និងម្ចាស់ក្រុមហ៊ុន បានយល់ព្រម និងឯកភាព តាមសំណូមពរ តាមសំណើរបស់លោកស្រី សេង ទាង អភិបាលស្រុកពាមរក៍ ក្នុង១យប់ 10.00$? ( មួយពាន់ដុល្លារ ) ជាកំហិត ជៀសវាងក្នុងការបង្ក្រាប?។

ពាក់ព័ន្ធករណីខាងលើ ប្រជាពលរដ្ឋរស់នៅ ភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង និងមន្ត្រីសាលាឃុំ មន្ត្រីសាលាស្រុក មួយចំនួន បានអំពាវនាវដល់ថ្នាក់ដឹកនាំ លោកអភិបាលខេត្ត ឯកឧត្តម ជា សុមេធី ជាអភិបាលនៃគណ:អភិបាល ខេត្តព្រៃវែង និងជាពិសេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយមានវិធានការ ទៅលើលោកស្រីអភិបាលស្រុកពាមរក៍ សេង ទាង រូបនេះផងទាន និងស្នើសុំទៅដល់ ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយស៊ើបអង្កេត និងស្រាវជ្រាវអំពើពុករលួយ ដុះស្លែឲ្យបានស៊ីជម្រៅ របស់លោកស្រីអភិបាលស្រុកពាមរ សេង ទាង នេះផងទាន។

ពាក់ព័ន្ធចោទប្រកាន់ ពីសំណាក់ប្រជាពលរដ្ឋ និងមន្ត្រីសាលាឃុំ មន្ត្តីសាលាស្រុក មួយចំនួន ខាងលើ ទៅលើលោកស្រី សេង ទាង អភិបាលស្រុកពាមរក៍ ខេត្តព្រៃវែង ថាបានអនុញ្ញាតឲ្យមានបូមខ្សាច់ ថ្នូរ 10.00$ ( មួយពាន់ដុល្លារ ) ក្នុង១យប់នោះ អង្គភាព គេហទំព័រ ស៊ី អេស អិន មិនអាចស្វែងរកសុំការបកស្រាយបំភ្លឺ ជុំវិញបញ្ហាចោទប្រកាន់ខាងលើ ពីលោកស្រី សេង ទាង អភិបាលស្រុកពាមរក៍ បានទេ នៅរសៀលថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយសាទូរស័ព្ទលោកស្រី ខលចូល ២ដង មិនមានអ្នកលើក ខលចូលលើកទី៣ លើកទទួល តែគ្មានអ្នកនិយាយ ខលលើកទី៤ ទូរស័ព្ទមិនអាចទំនាក់ទំនងបាន ។

សូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើង ខាងលើនេះ អង្គភាពយើងខ្ញុំ យោងទៅតាមប្រភព នឹងក្រុមការងារចុះយកព័ត៌មានជាក់ស្ដែក ទៅតាមសេចក្ដីរាយការណ៍ ពីសំណាក់មហាជន។ ហើយរាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ ។ ហើយព័ត៌មាននេះ ប្រសិនបើសាមីពាក់ព័ន្ធ ចង់ធ្វើការបកស្រាយ អាចធ្វើការទំនាក់ទំនង មកអង្គភាពយើងខ្ញុំបាន តាមរយ:លេខទូរស័ព្ទ៖ 097 777 6000 អង្គភាពយើងខ្ញុំស្វាគមន៍ ទទួលយកការបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ៕ សូមអរគុណ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author