ខេត្តកំពង់ធំ៖ ប្រភពពីប្រជាពលរដ្ឋ ឃុំពាមបាង បានឲ្យដឹងថា បទល្មើសបឹងទន្លេសាប នៅតែបន្តកើតមានដដែល ទោះបីមានលោក បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានខ្លួន១០ ដៃ២០ ជើង២០ ក៍មិនអាចទប់ជាប់ដែរ បើមន្ត្រីពាក់ព័ន្ធ មិនមានឆន្ទះច្បាស់លាស់ ក្នុងការចូលរួមសហការ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនោះ ។ ហើយថ្មីៗនេះ អង្គភាព CSN ទទួលបានសេចក្តីរាយការណ៍ ពីប្រជានេសាទមកថា ជនជាតិយួន ឈ្មោះ ឡុង ហ៊ាង និងបក្ខពួក ប្រើឧបករណ៍ខុសច្បាប់ច្រើនប្រភេទ ចាប់ត្រីក្នុងដែនឡូតិ៍អភិរក្ស បឹងទន្លេឆ្មា យ៉ាងរំភើយ គ្មានខ្លាចញញើតនោះទេ សង្ស័យ
មានខ្នងបង្អែករឹងមាំនៅពីក្រោយ ទើបបុគ្គល ឡុង ហ៊ាង និងបក្សពួក ហ៊ានប្រព្រឹត្តបងល្មើស ក្នុងដែនឡូតិ៍អភិរក្ស បឹងទន្លេឆ្មា បែបនេះ ។
ពាក់ព័ន្ធនិងករណីនេះ ប្រជាសហគមន៍ និងមន្ត្រីខេត្តកំពង់ធំ មួយចំនួន បានលើកឡើងថា បទល្មើនេសាទស្ថិតក្នុងការគ្រប់គ្រង របស់មន្ត្រីជំនាញ ហេតុអ្វីមិនដឹង បញ្ហានេះ បើមិនមានការបើកដៃ ពីសំណាក់លោក ហួន ផល នាយសង្កាត់ រដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ ទេនោះ គឺជនជាតិយួន ឈ្មោះ ឡុង ហ៊ាង និងបក្ខពួកមិនអាចប្រើឧបករណ៍នេសាទខុសច្បាប់ តាមអំពើចិត្តបានឡើយ ករណីនេះ បើគ្មានការបង្ក្រាប ឲ្យបានទាន់ពេលវេលាទេនោះ ធនធានមច្ឆជាតិ ក្នុងដែនឡូតិ៍អភិរក្ស បឹងទន្លេឆ្មា ជៀសមិនផុតពី វិនាសផុតពូជ ក្នុងពេលឆាប់ៗ ខាងមុខនេះទេ។ ប្រភពបន្តថា លោក ហួន ផល នាយសង្កាត់ រដ្ឋបាលជលផលអាចធ្វើអ្វីៗបានតាមអំពើចិត្ត ក៍ដោយសារតែ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ រក្សាភាពស្ងៀមស្ងាត់ និងបើកភ្លើងខៀវឲ្យផងដែរ។
ប្រជានេសាទ និងមន្ត្រីមួយចំនួន បានអំពាវនាវឲ្យលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ពុំ សុថា ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម ចាត់វិធានការបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ជាបន្ទាន់ផងទាន ។ ដោយហេតុថា បច្ចុប្បន្នបទល្មើសនេសាទ ប្រើឧបករណ៍ខុសច្បាប់ ចាប់ត្រីក្នុងដែនឡូតិ៍អភិរក្សបឹងទន្លេឆ្មា កើតឡើងពេញទំហឹង ហើយលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ផ្ទុយទៅវិញលោក ជិន ស៊ីថា និងលោក ប៉ែន វណ្ណរិទ្ធ បណ្ដោយឲ្យលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បើកដៃឲ្យជនជាតិយួនឈ្មោះ ឡុង ហ៊ាង ប្រព្រឹត្តបទល្មើសនេសាទ បំផ្លាញធនធានមច្ឆជាតិ យ៉ាងសកម្ម។
ពាក់ព័ន្ធនិងករណី ខាងលើ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផល ខេត្ត និងលោក ហួន ផល នាយសង្កាត់ រដ្ឋបាលជលផលពាមបាង អង្គភាព CSN មិនទាន់អាច ស្វែងរក.សុំការ.បកស្រាយបំភ្លឺ ជុំវិញបញ្ហានេះ.បានទេ ដោយពុំមានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយរាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ
ណាមួយឡើយ៕
















