ខេត្តស្ទឹងត្រែង~មានសេចក្ដីរាយការណ៍ពីខេត្តស្ទឹងត្រែងថា កាលពីវេលាម៉ោង១១:០៥នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ផ្នែករដ្ឋបាលព្រៃឈើសហការជាមួយប៉ូលិសសេដ្ឋកិច្ចចុះចាប់បានរថយន្តសាំយ៉ុងលួចលាក់បង្កប់ឈើខាងក្រោមកៅអីបានចំនួនពីគ្រឿង ដែរចេញពីស្រុកសៀមប៉ាងឆ្ពោះទៅខេត្តក្រចេះ លុះមកដល់ចំណុចទួលចិន ស្ថិតក្នុងភូមិគីឡូលេខ៨ សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង។សមត្ថកិច្ចក៍ហៅត្រួតពិនិត្យក៍ប្រទះឃើញមានលួចលាក់បង្កប់ឈើនៅក្រោមកៅអីពិតមែន ក៍បានឲ្យតៃកុងបើករថយន្តយកមករក្សាទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត។
មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា រថយន្តដែលចាប់បាននោះទី១-ម៉ាកសាំយ៉ុង ពណ៍សរ ពាក់ស្លាកលេខភ្នំពេញ2L-2144 ទី២-ម៉ាកសាំយ៉ុងពណ៍សរពាក់ស្លាកលេខភ្នំពេញ2I-8667មានដឹកឈើប្រភេទធ្នង់ចំនួន១០សន្លឹក។ជំវិញការបង្ក្រាបរថយន្តដឹកជញ្ជូនឈើខុសច្បាប់ខាងលើនេះមឹនត្រូវបានប្រជាពលរដ្ឋកោតសរសើរពីស្នាដៃនោះទេ ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងចាស់ដៃទៅវិញ។
ដោយប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងបានលើកឡើងថា ជំនាញរដ្ឋបាលព្រៃឈើនឹងប៉ូលិសបង្ក្រាបបទសេដ្ឋកិច្ចចាប់បានតែឈ្មួញតូចតាចដែលគ្មានលុយគ្មានអំណាចតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋបាបន្តរិះគន់ទៀតថា បច្ចុប្បន្ននេះនៅខេត្តស្ទឹងត្រែង កំពុងមានសកម្មភាព កាប់បំផ្លាញព្រៃឈើខុសច្បាប់ យ៉ាងអនាធិបតេយ្យបំផុត ហើយគ្រាន់តែជ្រកក្រោមស្លាក ស្តារបាតអាងទំនប់វារីអគ្គិសនី នៅស្រុកសេសាន គឺមេឈ្មួញ លឹម ប៊ុណ្ណា (ហៅខ្នា )បានបំផ្លាញព្រៃឈើ យ៉ាងអនាធិបតេយ្យ នៅជុំវិញតំបន់នោះ មិនដែលមានសមត្ថកិច្ចនឹងនាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងហ៊ានហើបមាត់ឡើយ ហើយក្រោយមកមេឈ្មួញ លឹម ប៊ុណ្ណា( ហៅខ្នា )បានកៀងគរឧកញ៉ាមួយចំនួនទៀត រួមមានឧកញ៉ា ថៃ និងឧកញ៉ា ពិសី ក៏បានពង្រីក ការកាប់បំផ្លាញព្រៃឈើ ចូលក្នុងតំបន់ឧទ្យានជាតិ និងតំបន់ដែនជម្រកសត្វព្រៃលំផាត់ យ៉ាងរំភើយដោយមឹនខ្វល់អ្វីទាំងអស់។
ឈ្មួញតូចតាចមួយចំនួន បានបង្ហើបឲ្យដឹងថា មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា មិនសូវចុះទៅពិនិត្យមើល ការប្រមូលទិញឈើ ឬការបំផ្លាញព្រៃឈើ ដោយផ្ទាល់នោះទេ គឺគាត់បានចាត់តាំងមេការ ដ៏មានអំណាចម្នាក់ឈ្មោះ សាន ចយ ឲ្យជួយមើលការខុសត្រូវ ហើយឈ្មោះ សាន ចយ នេះ ក៏បានបង្កើតជំនួយការ ឬមេការរងផ្ទាល់ខ្លួន ៣ទៅ៤ នាក់ទៀត ឲ្យចូលព្រៃប្រមូលទិញឈើ ឬដើបំផុះប្រជាពលរដ្ឋ ឲ្យកាប់ឈើប្រណីត តាមតំបន់អភិរក្ស និងនៅដែនជម្រកសត្វព្រៃ យ៉ាងវិនាសហិនហោច។ មឹនដឹងថាមេឈ្មួញ លឹម ប៊ុណ្ណា រួមមានឧកញ៉ា ពិសី នឹងឧញ៉ាថៃមានអ្វីពិសេសនោះទេ ក្នុងការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់នោះទេ ព្រោះសមត្ថកិច្ចនិងមន្ត្រីជំនាញ គ្រប់ជាន់ថ្នាក់ មិនដែលហ៊ានហើបមាត់ ឬប៉ះពាល់ជំនួញឈើខុសច្បាប់ របស់មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា ម្តងណាឡើយ។ឪ
មន្ត្រីមួយចំនួនបានបង្ហើបឲ្យដឹងថា សិទ្ធិអំណាចរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា មិនមានអ្វីអស្ចារ្យប៉ុន្មានទេ ប៉ុន្តែរឿងដែលគ្មានការបង្ក្រាបនោះ គឺគេសង្ស័យថា មន្ត្រីធំៗដែលមានភារកិច្ច បង្ក្រាបបទល្មើសព្រៃឈើ បានជួយមើលការខុសត្រូវ ឬជួយសម្របសម្រួលរត់ការ ឲ្យមេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា ទើបរាល់ការដឹកជញ្ជូនឈើខុសច្បាប់ របស់មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា មិនដែលមាននរណាហ៊ានប៉ះពាល់ អង្គុយចាំតែរាប់ក្បាលឡាន ប្រមូលផលប្រយោជន៍យកទៅ ច្រកហោប៉ៅធ្វើមាន ធ្វើបានផ្ទាល់ខ្លួន តាមតែអំពើចិត្ត។ គេកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ថាតើ មន្ត្រីដែលមានតួនាទី បង្ក្រាបបទល្មើសព្រៃឈើ ទទួលបានការទុកចិត្ត ពីអគ្គស្នងការនគរបាលជាតិ ថ្នាក់ណាខ្លះ ដែលពាក់ព័ន្ធជាមួយ ការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ របស់មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា ប្រមូលលុយយកទៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន សឹងក្លាយជាមហាសេដ្ឋីទៅហើយ។
មានការបញ្ជាក់ពីប្រភពប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងផងដែរថា រាល់ការដឹកជញ្ជូនឈើ តាមរថយន្តយីឌុបទាំង ខ្សែៗដឹកចេញពីព្រៃ បើកបំផ្លាញផ្លូវស្ពាន គេមិនដែលឃើញសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ឬ ដោះស្រាយផលលំបាក ដែលប្រជាពលរដ្ឋបានជួបប្រទះនោះទេ បើដឹងថាជាក្បួនរថយន្តដឹកឈើ របស់មេឈ្មួញ លឹម ប៊ុណ្ណា (ហៅខ្នា )បើកបរឆ្លងកាត់ផ្លូវណាមួយ គឺមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធ នាំគ្នាញញឹមរង់ចាំ ទៅបើករបបយកទៅចែកគ្នា ធ្វើមានធ្វើបាន ទោះជារថយន្តដឹកឈើរបស់មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា បំផ្លាញស្ពានធ្វើឲ្យខូចផ្លូវ រំខានការរស់នៅរបស់ប្រជាពលរដ្ឋ បែបណាក៏ដោយ ក៏គ្មាននរណាឈឺក្បាលវិលមុខដែរ។ កុំថាឡើយដល់ទៅមេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា សូម្បីតែឈ្មោះ សាន ចយ និងមេការរងមួយចំនួនទៀត ក៏មានសិទ្ធិអំណាចធំសម្បើម គ្មាននរណាហ៊ានប៉ះពាល់ដែរ។
គេចង់ឃើញ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក អ៊ុក រ៉ាប៊ុន ពិនិត្យមើលភាពអនាធិបតេយ្យ នៃការកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើខុសច្បាប់ របស់មេឈ្មួញ លឹម ប៊ុណ្ណា (ហៅខ្នា )ឡើងវិញផង ជាពិសេសអគ្គស្នងការនគរបាលជាតិ គួរតែតាមដានស្រាវជ្រាវមើលថា តើ នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ថ្នាក់ណាខ្លះ បានយកតួនាទីរបស់ខ្លួន ទៅជួយការពារនិងសម្របសម្រួល សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ របស់មេឈ្មួញ លឹម ប៊ុណ្ណា (ហៅខ្នា)។ គួបញ្ជាក់ផងដែរថា ការដឹកជញ្ជូនឈើខុសច្បាប់ របស់មេឈ្មួញ លឹម ប៊ុណ្ណា (ហៅខ្នា )ចេញពីខេត្តស្ទឹងត្រែង យកទៅលក់នៅស្រុកយួន តាមច្រកដូង ៧ដើម បានធ្វើឡើងរាប់ឆ្នាំមកហើយ មិនដែលមានការបង្ក្រាប ព្រោះជំនាញរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចគ្រប់ផ្នែក រួមទាំងនគរបាលសេដ្ឋកិច្ច សុទ្ធតែទទួលបានរបបប្រចាំខែ ពីមេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា រួចទៅហើយ៕
ដោយ៖ សហការី
រក្សាសិទ្ធដោយ៖ កម្ពុជាជោគជ័យ