ស្ទឹងត្រែង ~តៃកុងស្ទើរភ្លើងម្នាក់ បានបើករថយន្ត បោះពួយយ៉ាងលឿន មកដល់ផ្លូវបំបែកនៅខាងមុខចូលទៅទឹកជ្រោះសុ ភ័ក្រមិត ដោយលឿនជ្រុលឃើញផ្លូវកោងមុខ ជាន់ហ្វ្រាំងអូសកង់ជាង១០០ម៉ែត្រ បណ្តាលឲ្យជ្រុលចង្កូតធ្លាក់ផ្លូវ ក្រឡាប់ចូលទៅក្នុងប្រឡាយ បណ្ដាលឲ្យមនុស្សម្នាក់រងរបួសបាក់ជើងខាងឆ្វេង ចំណែករថយន្តខូចខាតទាំងស្រុង រីឯជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យយោធាភូមិភាគ១ខេត្តស្ទឹងត្រែង ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវ ជាតិលេខ៩ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំរោង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
រថយន្តដែលបើកធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើងនោះ ម៉ាកសាំយ៉ុង ពណ៌ខៀវលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D-16 52 ជារថយន្តក្រុមហ៊ុនសាប៉ូ បណ្ដាលឲ្យមនុស្សម្នាក់ឈ្មោះ ឡាក់ ផាត់ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅស្រុករមាសហែក ខេត្តស្វាយរៀង ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត ខាងលើនេះបើកបោះពួយយ៉ាងលឿន តាមបណ្តោយផ្លូវជាតិលេខ៩ ពីខេត្តព្រះវិហ៊ារ ក្នុងទិសដៅទៅខេត្តស្ទឹងត្រែង ខណៈបើកដល់ចំណុចកើតហេតុ អ្នកបើកបររថយន្តខាងលើ បានព្យាយាមជាន់ហ្វ្រាំង លាន់ឮយ៉ាងខ្លាំងអូសកង់ជាង១០០ម៉ែត្រ បណ្តាលឲ្យជ្រុលចង្កូត ធ្លាក់ផ្លូវចូលទៅក្នុងប្រឡាយ ក្រឡាប់ផ្ងារជើងក្អួតចេញសាប៉ូរាយពេញលើផ្លូវតែម្តង បច្ចុប្បន្នរថយន្តក្រឡាប់ផ្ងាជើងឡើងលើ នៅហ្នឹងកន្លែងកើតហេតុមិនទាន់ឃើញមានសមត្ថកិច្ច ឬខាងក្រុមហ៊ុនមកស្ទូចយករថយន្តខាងលើនេះនៅឡើយនោះទេ៕