ខេត្តបាត់ដំបង ~បុរស់វយ័ចំណាស់អាយុ៦០ឆ្នាំ ជាមេឃុំកំពង់ព្រៀង គ្រោះថ្នាក់ដោយ រថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា មួយបាំងកន្លះ ពណ៌ខ្មៅ បានបើកបុកនិងកិន បែកក្បាលស្លាប់ ខណៈជិះម៉ូតូទាក់ដៃចង្កូតគ្នា ជាមួយមិត្តភក្តិ ដួលលើផ្លូវជាតិ ហេតុការនេះបានកើតឡើងកាលពីម៉ោង ៦និង៣០ នាទី យប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមបណ្តោយ ផ្លូវជាតិលេខ៥ ត្រង់ចំណុចទល់មុខ សាលានគរបាលជាតិ ភូមិភាគ៥ ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសេ១២៥ សេរីឆ្នាំ២០១១ ពណ៍ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1K-93 72 ជាមួយមិត្តភក្តិ ជិះម៉ូតូម្នាក់មួយគ្រឿង ទន្ទឹមគ្នា ហាក់ដូចជាស្រវឹង ទំនងជាចេញពីហូបការ ក្នុងទិសដៅពីលិចទៅកើត ឆ្ពោះទៅផ្ទះវិញ បានប៉ះដៃចង្កូតម៉ូតូ ជាមួយមិត្តភក្តិ ស្រាប់តែម៉ូតូ របស់ជនរងគ្រោះបានដួលទៅលើផ្លូវជាតិ ហើយភ្លាមនោះ ក៏មានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា មួយបាំងកន្លះ ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ បើកបរយ៉ាងលឿន មកពីក្រោយ ក្នុងទិសដៅស្របគ្នា បានបុកកិនអូស មនុស្សនិងម៉ូតូ ប្រហែល ជាង១០ម៉ែត្រ បណ្តាលអោយជនរងគ្រោះ ស្លាប់ភ្លាមៗ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រោយពេលបង្កហេតុ រថយន្តបានបន្ថែមល្បឿន បើកគេចខ្លួនបាត់ស្រមោល ទាំងយប់ ហើយចំណែកសមត្ថកិច្ច និងសាច់ញាតិ បានដឹកជនរងគ្រោះ ទៅព្យាបាលអោយអស់ចិត្ត ប៉ុន្តែជនរងគ្រោះ បានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ។ បុរសវយ័ចំណាស់រងគ្រោះដែលស្លាប់ នេះដោយគេស្គាល់ថាជាមេឃុំកំពង់ព្រៀង មានឈ្មោះ ង៉ែត សឿ អាយុ ៦០ឆ្នាំ រស់នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ៕ដោយ សហការី