រាជធានីភ្នំពេញ ~កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤កម្លាំងសមត្ថកិច្ច ដឹកនាំផ្ទាល់ដោយ លោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំង ជួញដូរគ្រឿងញៀន ដ៏ធំមួយកន្លែង នៅម្តុំបឹងសាឡាង ខណ្ឌទួលគោក ដោយដកហូត បានលុយមួយចំនួន ក្នុងនោះប្រាក់ដុល្លារ ចំនួន ៥៤,៥០០ដុល្លារ និងប្រាក់រៀល ១៧០លានរៀល និងឃាត់ខ្លួនបាន មេខ្លោង ៣នាក់ ស្រី ២នាក់ និងប្រុសម្នាក់ ព្រមទាំងរថយន្តស៊េរីទំនើបចំនួន ៣គ្រឿង រួមនឹងថ្នាំញៀន ប្រមាណ ៣គីឡូក្រាមផងដែរ។
យោងតាមការឲ្យដឹងពីនគរបាល ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានឱ្យដឹងថា បុរសជនសង្ស័យ ឃាត់ខ្លួនមានឈ្មោះ ឈុំ ជឿន អាយុ៣០ឆ្នាំ ជាមន្ដ្រីអង្គរក្ស ចំណែកឯស្រី ៤នាក់ទៀត មិនទាន់ស្គាល់អត្ដសញ្ញាណ ។ មុនពេលចុះប្រតិបត្ដិការ បង្ក្រាបករណី ជួញដូរគ្រឿងញៀន ដែលដឹកនាំដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ច្បាស់លាស់ ទើបនៅថ្ងៃខាងលើ សមត្ថកិច្ចក៏ចុះឡោមព័ទ្ធ ទីតាំងផ្ទះល្វែងសង់ថ្មី ដោយឃាត់ខ្លួន បានមនុស្សប្រុសស្រី ៥នាក់ រួមនឹងវត្ថុតាងជាក់ស្ដែងផងដែរ ។
សមត្ថកិច្ចបានបន្ដទៀតថា ក្នុងការចុះប្រតិបត្តិការបង្ក្រាបទីតាំង ជួញដូរគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបានដកហូត បានលុយជិត ១០ម៉ឺនដុល្លារ, ថ្នាំញៀនជាច្រើនថង់, រថយន្ដ ៣គ្រឿង មានម៉ាកឡិចស៊ិស RX-330, ម៉ាកព្រូស និងមួយគ្រឿងទៀត ម៉ាកកាមរីបាឡែន ព្រមទាំងដកហូត កាំភ្លើងខ្លីមួយដើម និងមនុស្សប្រុសស្រី ដែលសង្ស័យ ៥ នាក់ត្រូវបានឃាត់ខ្លួន នាំទៅសាកសួរផងដែរ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យ៥នាក់ក្នុងនោះ ៣នាក់ ជាមេខ្លោងធំ រួមនឹងវត្ថុតាងជាក់ស្ដែង កម្លាំងនគរបាល បានបញ្ជូនទៅកាន់ការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាង សំណុំរឿង ចាត់ការតាមនីតិវិធី ៕